1ក្រោយមកព្រះបាទណាហាសជាស្តេចរបស់ប្រជាជនអាំម៉ូនបានសោយទិវង្គតហើយព្រះរាជបុត្របានឡើងស្នងរាជ្យ។
2ព្រះបាទដាវីឌមានរាជឱង្កាថា៖ «ខ្ញុំនឹងបង្ហាញចិត្តសប្បុរសចំពោះព្រះបាទហាណូនជាបុត្រណាហាស ព្រោះបិតារបស់ព្រះអង្គបានសម្តែងសេចក្តីសប្បុរសចំពោះខ្ញុំ»។ ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅលួងលោម និងសម្រាលទុក្ខព្រះបាទហាណូន។ ពួកមន្ត្រីរបស់ស្តេចដាវីឌចូលទៅក្នុងទឹកដីរបស់ជនជាតិអាំម៉ូនហើយបានទៅគាល់ព្រះបាទហាណូន ដើម្បីសម្រាលទុក្ខព្រះអង្គ។
3ប៉ុន្តែ ពួកមេដឹកនាំជនជាតិអាំម៉ូនមានប្រសាសន៍ទៅកាន់ហាណូនថា៖ «តើព្រះអង្គគិតថាស្តេចដាវីឌបញ្ជូនអ្នកនាំសារមកដោយព្រោះគោរពដល់បិតារបស់ព្រះអង្គឬអី? តើពួកអ្នកបម្រើរបស់ដាវីឌមិនមែនមកសង្កេតការណ៍ និងពិនិត្យមើលស្រុកក្នុងបំណងវាយដណ្តើមយកទេឬអី?»
4ព្រះបាទហាណូនចាប់ពួករាជបម្រើរបស់ព្រះបាទដាវីឌកោរសក់ និងកាត់សម្លៀកបំពាក់ចេញត្រឹមគូថរួចបញ្ជូនឲ្យពួកគេចេញទៅ។
5កាលពួកគេរៀបរាប់អំពីហេតុការណ៍ទាំងនោះទូលដល់ព្រះបាទដាវីឌ ព្រះអង្គក៏ចាត់មនុស្សឲ្យ ទៅជួបពួកគេ ដ្បិត ពួកគេមានការអាម៉ាស់យ៉ាងខ្លាំង។ ព្រះរាជាមានរាជឱង្ការថា៖ «ចូរស្នាក់នៅក្រុងយេរីខូររហូតទាល់តែពុកមាត់របស់អ្នកដុះមកវិញ បន្ទាប់មកចាំអ្នកវិលត្រឡប់មកវិញ»។
6ពេលជនជាតិអាំម៉ូនឃើញថាពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធ ពេលនោះព្រះបាទហាណូន និងជនជាតិអាំម៉ូនបានយកប្រាក់មួយពាន់ហាបទៅជួលរទេះចំបាំង និងទ័ពសេះរបស់កងទ័ពស៊ីរីពីស្រុកណាហារ៉ាម ស្រុកម៉ាកា និងស្រុកសូបា។
7ពួកគេបានជួលរទេះចំបាំងចំនួន៣២, ០០០គ្រឿង ព្រមទាំងស្តេចស្រុកម៉ាកា និងពលទ័ពរបស់ព្រះអង្គបានមកបោះទ័ពនៅទល់មុខមេឌីបា។ ជនជាតិអាំម៉ូនក៏បានប្រមូលផ្តុំគ្នាពីក្រុងរបស់ពួកគេហើយចេញមកច្បាំង និងពួកអ៊ីស្រាអែល។
8កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ព្រះអង្គក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលឲ្យទៅច្បាំងជាមួយពួកគេ។
9ប្រជាជនអាំម៉ូនចេញមកតម្រង់ជួរនៅមាត់ទ្វារក្រុង រីឯស្តេចបានចេញមកនៅឯវាលតែម្នាក់ឯង។
10កាលលោកយ៉ូអាប់បានឃើញសមរភូមិនៅព័ទ្ធជុំវិញលោកទាំងនៅខាងមុខ និងខាងក្រោយ លោកបានជ្រើសរើសអ្នកប្រយុទ្ធដ៏ពូកែៗរបស់ជនជាតិអ៊ីស្រាអែលហើយរៀបចំពួកគេឲ្យទៅច្បាំងនឹងជនជាតិស៊ីរី។
11រីឯកងទ័ពដែលនៅសល់លោកប្រគល់ទៅក្រោមការបញ្ជារបស់លោកអប៊ីសាយជាប្អូន លោកក៏ដាក់ពួកគេចូលទៅក្នុងជួរទ័ព ដើម្បីប្រយុទ្ធនឹងកងទ័ពអាំម៉ូន។
12លោកយ៉ូអាប់មានប្រសាសន៍ទៅលោកអប៊ីសាយជាប្អូនថា៖ «បើពួកស៊ីរីខ្លាំងជាងយើង ដូច្ នេះអប៊ីសាយឯងត្រូវតែជួយសង្គ្រោះយើងផង។ ប៉ុន្តែ បើកងទ័ពអាំម៉ូនខ្លាំងជាងឯងនោះ យើងនឹងមកជួយឯងវិញ។
13ចូរមានកម្លាំងដើម្បីប្រជាជនរបស់យើង និងក្រុងនានានៃព្រះរបស់យើង ដ្បិត ព្រះអម្ចាស់នឹងធ្វើអ្វីដែលគាប់ព្រះហប្ញទ័យព្រះអង្គ»។
14ដូច្នេះ លោកយ៉ូអាប់ និងពលទាហានរបស់គាត់បានលើកទ័ពទៅច្បាំងនឹងកងទ័ពស៊ីរី ហើយទ័ពស៊ីរីត្រូវបាក់ទ័ពរត់នៅចំពោះមុខកងទ័ពអ៊ីស្រាអែល។
15ពេលកងទ័ពអាំម៉ូនឃើញថាជនជាតិស៊ីរីបានបាក់ទ័ពនៅមុខយ៉ូអាប់ ហើយរត់ភៀសខ្លួន នោះពួកគេក៏ភៀសខ្លួចេញពីអប៊ីសាយជាប្អូនរបស់យ៉ូអាប់ហើយវិលត្រឡប់ទៅទីក្រុងរបស់គេវិញ។ ពេលនោះលោកយ៉ូអាប់ក៏វិលពីអាំម៉ូនត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
16នៅពេលដែលពួកស៊ីរីបានឃើញថាពួកគេកំពុងចាញ់អ៊ីស្រាអែល ពួកគេបានសុំទ័ពពីខាងនាយទន្លេអើប្រាតដោយមានស្តេចសូផាកជាមេទ័ពរបស់ព្រះបាទហាដាដេស៊ើរ។
17មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌស្ដេចក៏ប្រមូលកងទ័ពអ៊ីស្រាអែលទាំងមូលឆ្លងទន្លេយ័រដាន់ចូលមករកពួកគេ។ ស្តេចបានរៀបចំកងទ័ពឲ្យច្បាំងនឹងកងទ័ពស៊ីរី។
18កងទ័ពស៊ីរីបានបាក់ទ័ពរត់គេចពីអ៊ីស្រាអែល ហើយព្រះបាទដាវីឌបានសម្លាប់ពលទ័ពរទេះចម្បាំងរបស់កងទ័ពស៊ីរីចំនួនប្រាំពីរពាន់នាក់ និងពលទាហានថ្មើរជើងចំនួនបួនម៉ឺននាក់។ ព្រះអង្គក៏បានសម្លាប់លោកសូផាក់ដែលជាមេបញ្ជាការកងទ័ពផងដែរ។
19ពេលស្តេចទាំងប៉ុន្មានដែលធ្វើជាចំណុះរបស់ព្រះបាទហាដាដេស៊ើរឃើញថា ព្រះអង្គបានចាញ់ស្តេចអ៊ីស្រាអែល នោះពួកគេក៏មកចងសន្ដិភាព និងចំណុះព្រះបាទដាវីឌ។ ដូច្នេះប្រជាជនស្រុកស៊ីរីលែងចង់ជួយជនជាតិអាំម៉ូនទៀតហើយ។