ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 18

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក ព្រះបាទដាវីឌវាយប្រហារជនជាតិភីលីស្ទីនហើយឈ្នះពួកគេ។ ព្រះអង្គបានដណ្តើមយកក្រុងកាថ និងភូមិនានាពីតំបន់ត្រួតត្រារបស់ពួកភីលីស្ទីន។
2ព្រះបាទដាវីឌវាយឈ្នះជនជាតិម៉ូអាប់ហើយជនជាតិម៉ូអាប់ក៏ធ្វើជាចំណុះព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។
3ព្រះបាទដាវីឌបានវាយឈ្នះព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា នៅតំបន់ហាម៉ាត់ នៅពេលដែលព្រះបាហាដាដេស៊ើរកំពុងទៅកាន់កាប់តំបន់ទន្លេអ៊ើប្រាត។
4ព្រះបាទដាវីឌចាប់បានរទេះចម្បាំងចំនួនមួយពាន់គ្រឿងទ័ពសេះប្រាំពីរពាន់នាក់និងទ័ពថ្មើរជើងចំនួនពីរម៉ឺននាក់។ ព្រះបាទដាវីឌក៏បំផ្លាញរទេះចម្បាំងព្រមសេះទាំងអស់ចោល ដោយទុកតែរទេះចម្បាំង និងសេះមួយរយក្បាលប៉ុណ្ណោះ។
5ពេលនោះកងទ័ពស៊ីរីនៅក្រុងដាម៉ាសក៏ចូលមកជួយព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏ច្បាំងឈ្នះហើយបានសម្លាប់ជនជាតិស៊ីរីអស់ចំនួន ២២, ០០០ នាក់។
6ព្រះបាទដាវីឌដាក់ពលទាហាននៅស្រុកស៊ីរីនៅក្រុងដាម៉ាស។ កងទ័ពស៊ីរីបានធ្វើជាចំណុះព្រះបាទដាវីឌ ព្រមទាំងថ្វាយសួយអាករដល់ព្រះបាទដាវីឌដែរ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។
7ព្រះបាទដាវីឌយកខែលមាសពីពួកអ្នកបម្រើរបស់ព្រះបាទហាដាដេស៊ើរហើយនាំយកមកក្រុងយេរូសាឡិម។
8ពីក្រុងទីហាតនិងក្រុងគូន ជាទីក្រុងរបស់ព្រះហាដាដេស៊ើរ ព្រះបាទដាវីឌបានយកលង្ហិនយ៉ាងច្រើន។ ក្រោយមកព្រះបាទសាឡូម៉ូបានយកលង្ហិននេះសិតធ្វើសមុទ្រលង្ហិន សសរសង្ហិន ព្រមទាំងសម្ភារលង្ហិនផ្សេងៗទៀតក្នុងព្រះវិហារ។
9ពេលព្រះបាទតូយជាស្តេចស្រុកហាម៉ាត់បានឮដំណឹងថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងប៉ុន្មានរបស់ព្រះបាទហាដាដេស៊ើរជាស្តេចស្រុកសូបា។
10ព្រះបាទតូយបានចាត់ព្រះរាជបុត្រព្រះនាមហាដូរ៉ាមទៅគាល់ព្រះដាវីឌ និងថ្វាយសួយអាករ ពីព្រោះព្រះបាទដាវីឌបានធ្វើសង្រ្គាមឈ្នះព្រះបាទហាដាដេស៊ើរ ពីព្រោះព្រះបាទហាដាដេស៊ើតែងតែធ្វើសង្រ្គាមប្រឆាំងនឹងព្រះបាទតូយ។ ហាដូរ៉ាមបាននាំយកមាសប្រាក់និងលង្ហិនមកជាមួយ ដើម្បីថ្វាយស្តេចដាវីឌ។
11ស្តេចដាវីឌញែកវត្ថុទាំងនេះទុកជាចំណែកថ្វាយព្រះអម្ចាស់រួមជាមួយមាសប្រាក់ដែលស្តេចបានរឹបអូសយកពីប្រជាជាតិទាំងអស់គឺអេដុម ម៉ូអាប់ ប្រជាជនអាំម៉ូន ជនជាតិភីលីស្ទីននិងជនជាតិអាម៉ាលេក។
12លោកអប៊ីសាយជាកូនរបស់សេរូយ៉ាបានសម្លាប់ជនជាតិអេដុមចំនួន១៨, ០០០ នាក់នៅជ្រលងភ្នំអំបិល។
13គាត់បានចាត់ឲ្យមានពលទាហាននៅត្រួតលើស្រុកអេដុម ហើយជនជាតិអេដុមទាំងអស់សុទ្ធតែចុះចូលបម្រើព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចទៅ។
14ព្រះបាទដាវីឌសោយរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូលហើយស្ដេចគ្រប់គ្រងដោយសុចរិត និងយុត្តិធម៌ដល់ប្រជាជនទាំងអស់។
15លោកយ៉ូអាប់ជាកូនរបស់សេរូយ៉ាជាមេបញ្ជាការកងទ័ពហើយលោកសាផាតជាកូនរបស់លោកអហ៊ីឡូដជាអ្នកកត់ត្រា។
16លោកសាដុកជាកូនរបស់លោកអហ៊ីទូបនិងលោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរសុទ្ធតែជាបូជាចារ្យហើយលោកសាវសាជាស្មៀន។
17លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដាបានគ្រប់គ្រងលើជនជាតិកេរេធីតនិងពេលេត រីឯបុត្រារបស់ព្រះបាទដាវីឌជាទីប្រឹក្សារបស់ស្តេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។