ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅគ្រានោះ ព្រះបាទដាវីឌគង់នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ហើយមានព្រះរាជឱង្កាទៅកាន់ព្យាការីណាថានថា៖ «មើល៍ ខ្ញុំរស់នៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ ប៉ុន្តែ ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ស្ថិតនៅក្នុងពន្លាដែលធ្វើពីក្រណាត់ទៅវិញ»។
2ព្យាការីណាថានទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាធ្វើអ្វីដែលព្រះករុណាសព្វព្រះទ័យនឹងធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយព្រះករុណាហើយ!»។
3ប៉ុន្តែ នៅវេលាយប់នោះព្រះអម្ចាស់បានមានបន្ទូលមកព្យាការីណាថានថា៖
4«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅមិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។
5តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។
6គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ថា៖ «ហេតុអ្វីបានជាអ្នកមិនសង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​?»។
7ឥឡូវនេះ ចូរប្រាប់ដល់ដាវីឌជាអ្នកបម្រើរបស់យើងថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គមានបន្ទូលដូចតទៅ យើងបានជ្រើសរើសអ្នកចេញពីជីវិតជាអ្នកគង្វាល ដើម្បីតាំងឲ្យធ្វើជាអ្នកដឹកនាំលើប្រជារាស្ត្ររបស់យើង។
8យើងបាននៅជាមួយអ្នកនៅគ្រប់ទីកន្លែងដែលអ្នកទៅ ហើយបានកម្ចាត់អស់ទាំងខ្មាំងសត្រូវរបស់អ្នកពីមុខអ្នកចេញ ហើយយើងនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកល្បីល្បាញ ដូចវីរជនដែលល្បីនៅលើផែនដីដែរ។
9យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណាមក​សង្កត់សង្កិនលើ​ពួក​គេ ដូចមុនទៀតឡើយ
10គឺដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើងនឹង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។
11នឹងមានពេលមកដល់ គឺនៅពេលណាអ្នកលាចាកលោកនេះទៅជួបជុំជាមួយពួកបុព្វបុរសរបស់អ្នក នោះយើងនឹងឲ្យពូជពង្សរបស់អ្នកស្នងរាជ្យបន្ត ហើយយើងនឹងធ្វើឲ្យរាជ្យរបស់គេរឹងមាំ។
12គឺបុត្រនោះហើយដែលនឹងសង់ដំណាក់ឲ្យយើង ហើយយើងនឹងធ្វើឲ្យរាជ្យសម្បត្តិរបស់គេស្ថិតស្ថេរហូតទៅ។
13យើងនឹងធ្វើជាឪពុករបស់គេ ហើយគេនឹងបានជាកូនរបស់យើង។ យើងនឹងមិនដកសម្ពន្ធមេត្រីនេះចេញពីគេ ដូចដែលយើងបានដកចេញសូល​ជាស្តេចដែលគ្រងរាជមុនអ្នកនោះឡើយ។
14យើងនឹងតាំងគេឲ្យគ្រប់គ្រងលើដំណាក់របស់យើង និងនៅនគររបស់យើងរហូតទៅ ហើយរាជសម្បត្តិរបស់គេនឹងស្ថិតស្ថេរនៅរហូតទៅ»។
15លោកណាថានក៏ទូលដល់ព្រះបាទដាវីឌគ្រប់សេចក្តីទាំងនោះ ដែលព្រះអម្ចាស់បានប្រាប់ដល់លោកក្នុងសុបិននិមិត្តនោះ។
16ព្រះបាទដាវីឌក៏យាងចូលទៅគាល់ព្រះអម្ចាស់ ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ! តើទូលបង្គំនឹងគ្រួសារទូលបង្គំជាអ្វីបានជាព្រះអង្គប្រោសប្រទានដល់ទូលបង្គំបែបនេះ?
17ឱព្រះអម្ចាស់អើយ នៅចំពោះព្រះអង្គ នេះគ្រាន់តែជាការតូចមួយប៉ុណ្ណោះ។ ព្រះអង្គអើយ ព្រះអង្គបានមានបន្ទូលសន្យាដល់កូនចៅជំនាន់ក្រោយៗរបស់ទូលបង្គំដែរ ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងទូលបង្គំ។
18តើទូលបង្គំអាចថ្វាយអ្វីដល់ព្រះអង្គ? ដ្បិត ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកបម្រើរបស់ព្រះអង្គ ហើយបានផ្តល់កិត្តិយសយ៉ាងធំធេងដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
19ឱព្រះអម្ចាស់អើយ ដោយយល់ដល់អ្នកបម្រើរបស់ព្រះអង្គ ហើយសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គ ព្រះអង្គបានសម្តែងការអស្ចារ្យនេះជាស្នាព្រះហស្តដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។
20ឱព្រះអម្ចាស់អើយ គ្មានព្រះណាដូចព្រះអង្គទេ​ ហើយគ្មានព្រះឯណាទៀតដូចដែលយើងធ្លាប់បានឮនោះទេ។
21តើប្រជាជាតិមួយណានៅលើផែនដីដូចប្រជាជាតិអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គជាព្រះបានរំដោះពីស្រុកអេស៊ីបឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ដើម្បីសំដែងកេរ្ដិ៍ឈ្មោះរបស់ព្រះអង្គដោយការដ៏អស្ចារ្យ និងគួរឲ្យស្ញែងខ្លាច? ព្រះអង្គបានបណ្តេញប្រជាជាតិនានាចេញពីមុខប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គបានរំដោះពីស្រុកអេស៊ីបមក។
22ព្រះអង្គបានធ្វើឲ្យអ៊ីស្រាអែលក្លាយជាប្រជារាស្ត្ររបស់ព្រះអង្គរហូតតទៅហើយព្រះអង្គក៏បានជាព្រះរបស់គេដែរ។
23បពិត្រព្រះអម្ចាស់ឥឡូវនេះ សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំ និងក្រុមគ្រួសាររបស់ទូលបង្គំជាអ្នកបម្រើព្រះអង្គរហូតតទៅ។ សូមសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
24សូមឲ្យព្រះនាមរបស់ព្រះអង្គបានស្ថិតស្ថេររហូតតទៅ សូមឲ្យប្រជាជនបាននិយាយថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះនៃជនជាតិអ៊ីស្រាអែល»។ សូមប្រោសប្រទានឲ្យគ្រួសារដាវីឌជាអ្នកបម្រើរបស់ព្រះអង្គបានស្ថិតស្ថេរចំពោះព្រះអង្គជារៀងរហូតទៅ!។
25ដ្បិត ព្រះអង្គជាព្រះរបស់ទូលបង្គំព្រះអង្គបានបង្ហាញឲ្យទូលបង្គំដឹងថាព្រះអង្គនឹងចម្រើនពូជពង្សទូលបង្គំ។ ហេតុនេះហើយបានជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមានចិត្តក្លាហានអធិស្ឋានដល់ព្រះអង្គ។
26បពិត្រព្រះអម្ចាស់! ឥឡូវនេះព្រះអង្គជាព្រះដែលបានសន្យាយ៉ាងល្អប្រពៃជាមួយអ្នកបម្រើរបស់ព្រះអង្គ។
27ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ក្រុមគ្រួសាររបស់ទូលបង្គំឲ្យនៅស្ថិតស្ថេររហូតតទៅ។ ឱព្រះអម្ចាស់អើយ ព្រះអង្គបានប្រទានពរហើយព្រះអង្គនឹងប្រទានពររហូតតទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។