1គេបានដង្ហែហិបរបស់ព្រះជាម្ចាស់មក ហើយបានដាក់តម្កល់នៅកណ្តាលព្រះពន្លា ដែលព្រះបាទដាវីឌបានរៀបចំទុក។ រួចគេថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់។
2កាលព្រះបាទដាវីឌថ្វាយតង្វាយដុត និងតង្វាយមេត្រីភាពចប់សព្វគ្រប់ហើយ ព្រះអង្គក៏ប្រទានពរដល់ប្រជាជនទាំងអស់ក្នុងព្រះនាមព្រះជាម្ចាស់។
3ព្រះអង្គក៏ប្រទានម្ហូបអាហារដល់ប្រជាជនទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំប៉័ងមួយដុំ សាច់មួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។
4ព្រះបាទដាវីឌក៏ចាក់ប្រេងតែងតាំងពួកលេវីខ្លះឲ្យបម្រើនៅចំពោះហិបនៃព្រះអម្ចាស់ ដើម្បីធ្វើពីធីរំឭក អរព្រះគុណ ច្រៀងសរសើរ និងលើកតម្កើងព្រះអម្ចាស់ជាព្រះនៃប្រជាជនអ៊ីស្រាអែល។
5ពួកលេវីទាំងនេះ មានលោកអេសាភជាអ្នកដឹកនាំ បន្ទាប់ពី លោកមានលោកសាការី លោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ។ លោកអេសាភជាអ្នកវាយឈិងឲ្យឮរំពង។
6លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។
7នៅថ្ងៃនោះ ព្រះបាទដាវីឌបានចាក់ប្រេងតែងតាំង លោកអេសាភ និងបងប្អូនគាត់ឲ្យប្រារព្ធពិធីច្រៀងចម្រៀងលើកតម្កើងព្រះជាម្ចាស់។
8ចូរអរព្រះគុណដល់ព្រះអម្ចាស់! ចូរប្រកាសពីព្រះនាមព្រះអង្គ! ចូរថ្លែងពីស្នាព្រះហស្តព្រះអង្គ ប្រាប់ដល់ជាតិសាសន៍នានា។
9ចូរច្រៀងចម្រៀង ចូរច្រៀងសរសើរព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យដែលព្រះអង្គបានធ្វើ!។
10ចូរអួតពីព្រះនាមបរិសុទ្ធរបស់ព្រះអង្គ! ចូរឲ្យចិត្តនៃអ្នកដែលស្វែងរកព្រះអង្គបានអរសប្បាយឡើង!។
11ចូរស្វែងរកព្រះអម្ចាស់ដែលប្រកបដោយព្រះចេស្តា! ចូរស្វែងរកព្រះអង្គជានិច្ចឥតឈប់ឈរឡើយ។
12ចូរនឹកចាំពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ចូរនឹកពីការអស្ចារ្យ និងឬទ្ធិបាដិហារិយ៍ទាំងប៉ុន្មានដែលចេញពីព្រះឱស្តទ្រង់មក។
13អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប ដែលព្រះអង្គបានជ្រើសរើស។
14ព្រះអង្គជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង។ បញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គនៅពេញលើផែនដីទាំងមូល។
15ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលរបស់ព្រះអង្គដែលស្ថិតស្ថេរនៅរហូតដល់មួយពាន់តំណ។
16គឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ និងព្រះបន្ទូលសន្យាដែលទ្រង់បានសន្យាជាមួយលោកអ៊ីសាក។
17នេះគឺជាសម្ពន្ធមេត្រីដែលព្រះអង្គបានបញ្ជាក់ជាមួយលោកយ៉ាកុបទុកជាក្រឹត្យក្រម ហើយជាមួយអ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច។
18ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នកទុកជាចំណែកមរតក»។
19ព្រះអង្គបានសន្យាតាំងពីអ្នករាល់គ្នានៅមានគ្នាតិច គឺជាក្រុមមនុស្សដ៏តូច ហើយជាជនដទៃដែលចូលមករស់នៅស្រុកកាណាន។
20អ្នករាល់គ្នាបានធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត។
21ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនអ្នករាល់គ្នាទេ ព្រះអង្គបានដាក់ទោសស្តេចនានាដែលធ្វើទុក្ខគេ។
22ព្រះអង្គមានបន្ទូលថា៖ «កុំឲ្យប៉ះពាល់អ្នកដែលយើងចាក់ប្រេងអភិសេកឡើយ ក៏កុំឲ្យធ្វើបាបពួកព្យាការីរបស់យើងឲ្យសោះ»។
23មនុស្សនៅលើផែនដីអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃពីសេចក្តីសង្រ្គោះរបស់ព្រះអង្គ។
24ចូរប្រកាសពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្តាលជាតិសាសន៍នានា ហើយប្រកាសពីការយ៉ាងអស្ចារ្យដែលព្រះអង្គបានធ្វើដល់គ្រប់សាសន៍ទាំងអស់។
25ដ្បិត ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចលើសជាងព្រះទាំងឡាយ។
26ដ្បិត ព្រះទាំងប៉ុន្មានរបស់សាសន៍នានាសុទ្ធតែជារូបសំណាក់ ប៉ុន្តែ ព្រះអម្ចាស់វិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ។
27ឥទ្ធានុភាពនិង ព្រះតេជៈ នៅក្នុងវត្តមានរបស់ព្រះអង្គ។ កម្លាំង និងអំណរនៅក្នុងដំណាក់របស់ព្រះអង្គ។
28ចូរលើកតម្កើងដល់ព្រះអម្ចាស់! ឱប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ និងឫទ្ធានុភាពរបស់ព្រះអង្គ។
29ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរយកតង្វាយចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ! ចូរក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ!
30ឱមនុស្សនៅផែនដីអើយ ចូរញាប់ញ័រចំពោះព្រះភក្ត្រព្រះអង្គចុះ ពិភពលោកបានកើតមានហើយមិនរង្គើឡើយ។
31ចូរឲ្យស្ថានសួគ៌រីករាយ ហើយផែនដីបានអរសប្បាយឡើង! ចូរប្រកាសនៅកណ្តាលប្រជាជាតិនានាថា «ព្រះអម្ចាស់សោយរាជ្យ»។
32ចូរឲ្យសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្របានបន្លឺសម្លេងដោយអំណរ។ ចូរឲ្យស្រែចម្ការ និងដំណាំទាំងអស់បានត្រេកអរសប្បាយ។
33ចូរឲ្យព្រៃព្រឹក្សាស្រែកហ៊ោដោយអំណរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់! ដ្បិត ព្រះអង្គយាងជំនុំជម្រះផែនដី។
34ចូរអរព្រះគុណព្រះអម្ចាស់ ដ្បិត ព្រះអង្គល្អ ហើយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ។
35ចូរទូលព្រះអង្គថា៖ «ឱព្រះសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលផ្ដុំយើងខ្ញុំ ហើយសង្រ្គោះយើងខ្ញុំពីប្រជាជាតិនានា ដើម្បីឲ្យយើងខ្ញុំអរព្រះគុណ និងលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ»។
36សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលតាំងពីដើមរៀងមកហើយអស់កល្បតរៀងទៅ!»។ប្រជាជនទាំងមូលឆ្លើយថា «អាម៉ែន» «សូមសរសើរតម្កើងព្រះជាម្ចាស់!»។
37ព្រះបាទដាវីឌបានចាត់លោកអេសាភ និងបងប្អូនលោកឲ្យបំពេញមុខងារនៅចំពោះហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃតាមដែលបានកំណត់ឥតដែលអាកខានឡើយ។
38លោកអូបិឌអេដុម ព្រមទាំងបងប្អូនគាត់ទាំង៦៨នាក់ក៏ត្រូវបានរួមបញ្ចូលក្នុងកាងារនោះដែរ។ លោកអូបេឌអេដុមជាកូនរបស់លោកយេឌូថិន និងលោកហូសាគឺជាឆ្មាំទ្វារ។
39លោកបូជាចារ្យសាដុក និងបូជាចារ្យឯទៀតៗ ជាបងប្អូនរបស់គាត់ បំពេញមុខងារនៅមុខព្រះពន្លារបស់ព្រះអម្ចាស់ ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន។
40ពួកគេត្រូវថ្វាយតង្វាយដុតជាអចិន្ត្រៃយ៍ចំពោះព្រះអម្ចាស់ នៅលើអាសនៈសម្រាប់ថ្វាយតង្វាយដុត ទាំងព្រឹក ទាំងល្ងាច ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យ ដែលព្រះអម្ចាស់បានបង្គាប់ដល់ប្រជាជនអ៊ីស្រាអែល។
41លោកហេម៉ាន និងលោកយេឌូថិន ព្រមទាំងអ្នកឯទៀតៗ ដែលគេបានជ្រើសរើសតាមឈ្មោះក៏មកចូលរួមជាមួយបូជាចារ្យទាំងនោះដែរ ដើម្បីលើកតម្កើងព្រះអម្ចាស់ ដ្បិត ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!។
42លោកហេម៉ាន និងលោកយេឌូថិន ក៏ទទួលខុសត្រូវលើត្រែ និងឈិងរបស់ពួកតន្ត្រីករ ព្រមទាំងឧបករណ៍ឯទៀតៗ សម្រាប់ប្រគំបទចម្រៀងថ្វាយព្រះជាម្ចាស់។ កូនចៅរបស់លោកយេឌូថិនក៏មានមុខងារជាឆ្មាំនៅមាត់ទ្វារដែរ។
43បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយព្រះបាទដាវីឌក៏វិលទៅដំណាក់វិញ ដើម្បីប្រទានពរដល់រាជវង្សព្រះអង្គ។