ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទដាវីឌ បានសង់ដំណាក់សម្រាប់ខ្លួនឯងជាច្រើននៅក្នុងក្រុងព្រះបាទដាវីឌ។ ព្រះអង្គបានរៀបចំកន្លែងមួយសម្រាប់ហិបនៃព្រះជាម្ចាស់ ព្រមទាំងបានដំឡើងព្រះពន្លាសម្រាប់ហិបនោះផង។
2ពេលនោះព្រះអង្គមានរាជឱង្កាថា៖ «មានតែពួកលេវីទេដែលមានសិទ្ធសែងហិបរបស់ព្រះជាម្ចាស់ ពីព្រោះពួកគេត្រូវបានព្រះជាម្ចាស់ជ្រើសរើសសម្រាប់ សែងហិបរបស់ព្រះអង្គនិងបម្រើព្រះអង្គរហូតតទៅ»។
3ពេលនោះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់មកតម្កល់នៅកន្លែងដែលព្រះអង្គបានរៀបចំទុក។
4ព្រះបាទដាវីឌបានប្រមូលពួកកូនចៅលោកអើរ៉ុន ព្រមទាំងពួកកូនចៅលេវី។
5គឺពីកូនចៅលោកកេហាត់​ មានលោកអ៊ូរាលជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ ទាំងអស់មាន១២០នាក់។
6ពីពួកកូនចៅលោកម៉្រារីមាន អសាយ៉ាជាអ្នកដឹកនាំ និងបងប្អូនរបស់គាត់ទាំងអស់មាន២២០នាក់។
7ពីពួកកូនចៅលោកគើសុនមានលោកយ៉ូអែលជាអ្នកដឹកនាំព្រមទាំងពួកបងប្អូនរបស់គាត់ទាំង១៣០នាក់។
8ពីពួកកូនចៅរបស់លោកអេលីសាផាន មានលោកសេម៉ាយ៉ាជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង២០០នាក់។
9ពីពួកកូនចៅរបស់លោកហេប្រូន មានលោកអ៊ីលាលជាអ្នកដឹកនាំព្រមទាំងបងប្អូនរបស់គាត់ទាំង៨០នាក់។
10ពីពួកកូនចៅរបស់លោកអ៊ូស៊ាល មានអមីណាដាប់ជាអ្នកដឹកនាំ ព្រមទាំងបងប្អូនរបស់គាត់ទាំង១១២នាក់។
11ព្រះបាទដាវីឌបានកោះហៅលោកបូជាចារ្យ សាដុក និងលោកបូជាចារ្យអប៊ីថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។
12ព្រះអង្គមានព្រះរាជឱង្កាទៅពួកគេថា៖ «អស់លោកជាអ្នកដឹកនាំលើក្រុមគ្រួសារលេវី។ ដូច្នេះ ចូរអស់លោកញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក។
13កាលពីលើកមុនអស់លោកមិនបានទៅដង្ហែជាមួយយើងទេ។​ ហេតុនោះបានជាព្រះអម្ចាស់ទ្រង់ប្រហារពួកយើង ដ្បិត ពួកយើងមិនបានស្វែងរកព្រះអង្គ និងមិនបានដង្ហែមកតាមក្បួនតម្រារបស់ទ្រង់ទេ»។
14ដូច្នេះ ពួកបូជាចារ្យ និងពួកលេវីនាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីអាចដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
15ពួកកូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់នៅលើស្មា ដូចជាលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បងប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេងមាន​ ឃឹម ពិណ និង​ឈិង មក​ប្រគំព្រមទាំងច្រៀង​យ៉ាង​ពីរោះផង។
17ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល និងបងប្អូន​របស់​គាត់ម្នាក់ ​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា។ពួកគេបានតែងតាំងកូន​ចៅ​របស់​លោក​ម៉្រារី ​ព្រមទាំងលោក​អេថាន​ជា​កូន​របស់​លោក​គូសា‌យ៉ា។
18បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាកា‌រី លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេហ៊ូ លោក​មីក‌នេយ៉ា លោក​អូបេឌ‌អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។
19ក្រុម​អ្នកចម្រៀង​មាន​លោក​ហេ‌ម៉ាន លោក​អេសាភ និង​លោក​អេថាន ដែល​កាន់​ឈិង​ធ្វើពីលង្ហិន។
20រីឯ​លោក​សាកា‌រី លោក​យ៉ាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យីអែល លោក​អ៊ូនី លោក​អេលាប លោក​ម៉ាសេ‌យ៉ា និង​លោក​បេណា‌យ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់។
21លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេដ‌អេដុម លោក​យេអែល លោក​អសា‌ស៊ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ​បី​សម្រាប់​នាំ​មុខ​ចម្រៀង។
22លោកកេណានា ជាអ្នកដឹកនាំលើពួកលេវី លោកគឺជាប្រធានលើក្រុមចម្រៀងពីព្រោះលោកជាគ្រូបង្រៀនចម្រៀង។
23លោក​បេរេ‌គា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។
24លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។
25ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេទ័ព បាននាំគេចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបិឌអេដុមយ៉ាងសប្បាយរីករាយ។
26ព្រះ‌ជាម្ចាស់បាន​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។
27ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។
28ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ដោយ​សម្រែក​ជ័យ‌ឃោស​សម្លេង​ប៉ី ត្រែ និង​ឈិង ព្រម​ទាំង​ប្រគំ​ឃឹម និង​ពិណ​យ៉ាង​រំពង​ផង។
29ប៉ុន្តែ កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ហែ​ចូល​មក​ដល់​ក្រុងព្រះ‌បាទ​ដាវីឌ ព្រះ‌នាង​មិកាលជា​បុត្រី​របស់​ស្ដេច​សូល បាន​អើត​តាម​បង្អួច។ ព្រះនាងឃើញ​ព្រះ‌បាទ​ដាវីឌ​អបអរលោត​កព្ឆោង ព្រះ‌នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ព្រះ‌បាទ​ដាវីឌ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។