ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 14

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកគាល់ព្រះបាទដាវីឌ ដោយនាំយកឈើតាត្រៅ ជាងឈើ ជាងដាប់ថ្ម ជាងសំណង់។ ពួកគេបានសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។
2ព្រះបាទដាវីឌបានឈ្វេងយល់ថាព្រះជាម្ចាស់តែងតាំងទ្រង់ជាស្តេចលើស្រុកអ៊ីស្រាអែល ហើយរាជសម្បត្តិរបស់ទ្រង់កាន់តែចម្រុងចម្រើនឡើង ដោយសារប្រជាជនអ៊ីស្រាអែល។
3នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​បាន​យក​មហេសី​ជាច្រើនទៀត ហើយ​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។
4បុត្រ​របស់​ស្ដេច​ដែល​ប្រសូត​នៅ​ក្រុង​យេរូ‌សាឡឹម មាន​នាម​ដូច​ត​ទៅ សាំមួរ សូបាប់ ណាថាន សាឡូម៉ូន
5យីបហារ អេលី‌សាម៉ា អែល‌ផាលេត
6ណូកា នេផេក យ៉ាភា
7អេលី‌សាម៉ា បេលី‌យ៉ាដា និង​អេលី‌ផាលេត។
8នៅពេលពួកជនជាតិភីលីស្ទីនបានឮថាព្រះបាទដាវីឌបានទទួលការចាក់ប្រេងអភិសេកជាស្តេចលើស្រុកអ៊ីស្រាអែល នោះពួកគេបានលើកគា្នមកទាស់និងព្រះអង្គ។ តែព្រះបាទដាវីឌបានជ្រាបពីការនោះ ហើយក៏បានលើកទ័ពទៅតទល់ជាមួយនឹងពួកគេ។
9ពួកជនជាតិភីលីស្ទីនបានមកបោះទ័ពនៅជ្រលងភ្នំរេផែម។
10ព្រះបាទដាវីឌបានទូលសួរដល់ព្រះជាម្ចាស់ថា៖ «តើទូលបង្គំគួរចេញទៅច្បាំងជាមួយពួកភីលីស្ទីនឬទេ? តើព្រះអង្គនឹងប្រគល់ពួកគេមកក្នុងដៃទូលបង្គំដែរឬទេ?» ព្រះអម្ចាស់មានបន្ទូលថា៖ «ចូរទៅចុះ យើងនឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
11ពួកភីលីស្ទីនបានមកដល់បាលពេរេស៊ីម ហើយព្រះបាទដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «បាល‌ពេរ៉ា‌ស៊ីម»។
12កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។
13ពួកភីលីស្ទីនបានមកទន្រ្ទាន នៅជ្រលងភ្នំរាផែមសាជាថ្មី។
14ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​ទៅទល់មុខនឹងគេឡើយ ចូរ​វាង​ទៅ​ព័ទ្ធពីក្រោយ ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។
15កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីនហើយ»។
16ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ ស្ដេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។
17កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។