1ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយនឹងមេបញ្ជាការតូច ធំ ព្រមទាំអ្នកដឹកនាំទាំងអស់។
2ព្រះបាទដាវីឌមានព្រះរាជឱង្កាទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ឃើញថាល្អ ហើយការនោះមកពីព្រះជាម្ចាស់ ជាព្រះអម្ចាស់នៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។
3បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងមកវិញ ដ្បិត នៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះទេ»។
4អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។
5ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់តាំងពីជ្រោះស៊ីហូស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។
6ព្រះបាទដាវីឌយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
7គេដាក់ហិបនៃព្រះជាម្ចាស់នៅលើរទេះថ្មីមួយ។ គេបាននាំយកហិបនោះចេញពីផ្ទះរបស់លោកអប៊ីណាដាប់។ លោកអ៊ូសា និងលោកអហ៊ីយ៉ូជាអ្នកបររទេះនោះ។
8ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងនាំគ្នាអបអរ សប្បាយរីករាយនៅចំពោះព្រះជាម្ចាស់ ពួកគេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
9កាលបានមកដល់លានស្រូវរបស់លោកគីដុន នោះលោកអ៊ូសាបានលោកដៃរបស់គាត់ទៅទប់អិបនៃព្រះជាម្ចាស់ ពីព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
10នៅពេលនោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់ក៏បានទាស់ឮនឹងលោក ហើយបានប្រហារជីវិតលោក ដោយព្រោះលោកបានយកដៃទៅពាល់ហិប ពេលនោះគាត់ក៏បាត់បង់ជីវិតនៅចំពោះព្រះជាម្ចាស់។
11ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសា។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។
12នៅថ្ងៃនោះព្រះបាទដាវីឌមានសេចក្តីកោតខ្លាចដល់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះរាជឱង្កាថា៖ «តើធ្វើដូចម្តេចឲ្យយើងនាំហិបនៃព្រះជាម្ចាស់មកឯយើងបាន?»
13ព្រះបាទដាវីឌមិនបាននាំហិបរបស់ព្រះអម្ចាស់ ទៅដំណាក់នៅក្រុងព្រះបាទដាវីឌបានទេ តែទ្រង់បានឲ្យគេនាំយកទៅទុកនៅក្នុងផ្ទះរបស់លោកអូបិឌ-អេដុំម ជាអ្នកស្រុកកាថ។
14ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់បានប្រទានពរដល់ក្រុមគ្រួសាររបស់គាត់ និងអ្វីៗទាំងអស់ដែលគាត់មាន។