ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រ ទី១ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1អ្នកទាំងនេះបានមកគាល់ព្រះបាទដាវីឌ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​ភៀស​ខ្លួន​ទៅ​ស៊ីគ‌ឡាក់ ដើម្បី​រត់​គេច​ពី​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ចេញ​ប្រយុទ្ធ​រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ជានិច្ច។
2ពួក​គេ​ប្រដាប់​ខ្លួន​ដោយ​ធ្នូ ហើយ​ស្ទាត់​ជំនាញ​ខាង​បាញ់​ព្រួញ ឬ​បាញ់​ដង្ហក់ ដោយអាចប្រើបានទាំងដៃឆ្វេង និងដៃស្តាំ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​សាច់‌ញាតិ​របស់​ព្រះ‌បាទ​សូល ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
3លោក​មេ‌ទ័ព​អហ៊ី‌អេស៊ើរ និង​លោក​​យ៉ូអាស់ ជា​កូន​របស់​លោក​សេម៉ា‌អា អ្នក​ស្រុក​គីបៀន។ លោក​យេស៊ាល និង​លោក​ពេលេត ជា​កូន​របស់​លោក​អាស‌ម៉ាវែត។លោក​បេរ៉ា‌កា លោក​យេហ៊ូ​ជា​អ្នក​ស្រុក​អាណា‌ថោត
4លោក​យីស‌ម៉ាយ៉ា អ្នក​ស្រុក​គីបៀន ជា​នាយ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ក្រុម​ទាំង​សាម‌សិប (និង​ជា​មេ​លើពួកគេ) លោក​យេ‌រេមី លោក​យ៉ាហា‌សៀល លោក​យ៉ូហាណាន លោក​យ៉ូសា‌បាដ​ជា​អ្នក​ក្រុង​កេដេ‌រ៉ា។
5លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធា​ ជាអ្នកក្រុងហារូប
6ពួកកូនចៅកូរ៉ាមានលោកអែលកាណា លោកអ៊ីសសាយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ លោកយ៉ាសុបៀម
7លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។
8មានអ្នកខ្លះពីកុលសម្ព័ន្ធកាដ បានចាកចេញពីស្រុកទៅរស់នៅជាមួយព្រះបាទដាវីឌនៅទីរហោស្ថាន។ ពួកគេជាយុទ្ធជនស្ទាត់ជំនាញក្នុងសឹកសង្រ្គាម ជាអ្នកដែលអាចប្រើប្រាស់ ខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចជាសត្វសឹង្ហ ហើយរហ័សដូចជាសត្វប្រើសនៅលើភ្នំ។
9អ្នក​ទាំង​នោះ​មាន​លោក​អេ‌ស៊ើរ ជា​មេ​លើ​ពួក​គេ លោក​អូបា‌ឌា​ជា​មេ​ទី​ពីរ លោក​អេលាប​ជា​មេ​ទី​បី
10លោក​មីស‌ម៉ា‌ណា​ជា​មេ​ទី​បួន លោក​យេរេ‌មី​ជា​មេ​ទី​ប្រាំ
11លោក​អថាយ​ជា​មេ​ទី​ប្រាំ​មួយ លោក​អេលាល​ជា​មេ​ទី​ប្រាំ‌ពីរ
12លោក​យ៉ូហាណាន​ជា​មេ​ទី​ប្រាំ​បី លោក​អែល‌សាបាដ​ជា​មេ​ទី​ប្រាំ​បួន
13លោក​យេរេ‌មី​ជា​មេ​ទី​ដប់ និង​លោក​ម៉ាបាណាយ​ជា​មេ​ទី​ដប់​មួយ។
14ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកតូចបំផុតជាមេលើមួយរយនាក់ ហើយអ្នកធំបំផុតជាមេលើមួយពាន់អ្នក។
15ពួកគេបានឆ្លងទន្លេយ័រដាន់នៅខែទីមួយ គឺរដូវដែលទឹកទន្លេឡើងលិចច្រាំងអស់ ហើយវាយពួកអ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើតនិងខាងលិចឲ្យបាក់់ទ័ពអស់។
16មានអ្នកខ្លះពីកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា​បានមកឯព្រះបាទដាវីឌដល់ជម្រកនោះដែរ។
17ព្រះបាទដាវីឌក៏ចេញទៅទទួលពួកគេ ហើយមានព្រះរាជឱង្កាថា៖ «ប្រសិនបើ អស់លោកមកឯខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំ ខ្ញុំសូមទទួលដោយស្មោះពីចិត្ត។ ប៉ុន្តែប្រសិនបើ អស់លោកមកបន្លំខ្លួន ហើយធ្វើការឲ្យសត្រូវរបស់ខ្ញុំ នោះសូមឲ្យព្រះនៃបុព្វបុរសរបស់យើងបានធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសទេ»។
18ពេល​នោះព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់ លោក​ពោល​ថា៖ «បពិត្រ ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយអើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្ដូរ​ផ្ដាច់​នៅ​ជា​មួយ ព្រះ‌ករុណា​ហើយ។ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់​ព្រះ‌ករុណា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌ករុណា!។ ដ្បិត ​ព្រះ​របស់​ព្រះ‌ករុណាបាន​ជួយ​ព្រះ‌ករុណា​ហើយ!»។ ព្រះ‌បាទ​ដាវីឌ​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​ព្រះអង្គ។
19មាន​ទាហាន​ពីកុល‌សម្ព័ន្ធ​ម៉ាណា‌សេ ​បានមកសុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ ក្នុង​ពេល​ដែល​ស្ដេច​លើក​ទ័ព​ចេញ​ទៅ​ជា​មួយ​ពួក​ភីលីស្ទីន ដើម្បី​ ច្បាំង​នឹង​ព្រះ‌បាទ​សូល។ ប៉ុន្តែ ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​ចូល​រួម​ច្បាំង​ទេ ព្រោះ​ពួក​មេលើជន‌ជាតិ​ភីលីស្ទីន​បាន​ពិគ្រោះ​គ្នា រួចបញ្ជូន​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ដោយ​គិត​ថា៖ «បើ​ដាវីឌ​ចូល​ដៃ​ជា​មួយ​ស្ដេច​សូល ជា​ម្ចាស់​របស់​គេ នោះ​ពួក​គេ​មុខ​ជា​បំផ្លាញ​យើង​ទាំង​អស់​គ្នា​មិន​ខាន»។
20ពេលព្រះបាទដាវីឌ ត្រឡប់មកស៊ីគឡាក់ មានពួកនាយ​ទាហាន​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ បាន​មក​សុំ​ចុះ​ចូល​ខាង​ព្រះ‌បាទ​ដាវីឌ មាន​លោក​អ័ឌ‌ណា លោក​យ៉ូសា‌បាដ លោក​យេឌី‌អែល លោក​មីកែល លោក​យ៉ូសា‌បាដ លោក​អេលី‌ហ៊ូវ និង​លោក​ស៊ីល‌តាយ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​កង‌ពល​ធំ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។
21ពួកគេដឹកនាំកងទ័ពជួយព្រះបាទដាវីឌច្បាំងជាមួយពួកចោរ ពីព្រោះពួកគេសុទ្ធតែជាទាហានអង់អាច។ ក្រោយមកគេបានក្លាយជាមេបញ្ជាការលើកងទ័ពរបស់ព្រះបាទដាវីឌ។​
22ជារៀងរាល់ថ្ងៃតែងតែមានអ្នកមកចុះចូលជាមួយព្រះបាទដាវីឌ រហូតដល់កងទ័ពព្រះបាទដាវីឌក្លាយជាកងទ័ពយ៉ាងធំ ដូចជាកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
23អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។
24ពីកុល‌សម្ព័ន្ធ​យូដា ទាហាន​ដែល​អាចកាន់​ខែល និង​កាន់​លំពែង ហើយ​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ច្បាំង​បាន មាន ៦, ៨០០នាក់។
25ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន ៧, ១០០​នាក់ ដែល​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច។
26ពីកុលស្ព័ន្ធលេវី មាន៤, ៦០០នាក់សុទ្ធតែជាអ្នកចម្បាំង។
27លោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូរអើរ៉ុន មានទាហាន៣, ៧០០នាក់ជាមួយគាត់។
28​លោក​សាដុក ជា​យុវជន​ពូកែ​អង់‌អាច និង​មេ​បញ្ជា​ការ​ម្ភៃ​ពីរ​រូប​ទៀត ក្នុង​ក្រុម​គ្រួសារ​របស់​លោក។
29ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ ជាកុលសម្ព័ន្ធ​របស់​ព្រះ‌បាទ​សូល មាន​ទាហាន ៣, ០០០​នាក់។ ពួក​គេ​មួយ​ចំនួន​ធំ​នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល។
30ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម មាន ២០, ៨០០​នាក់​សុទ្ធ​តែ​ជា​វីរ‌ជន​ដ៏​ពូកែ​អង់‌អាច ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង។
31ពីកុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល មាន​ទាហាន ១៨, ០០០​នាក់ ជា​អ្នក​មក​ប្រកាស​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ។
32ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មេ​បញ្ជា​ការ ២០០​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ចេះ​សម្គាល់​មើល​ពេល​វេលា ហើយ​ដឹង​ថា​តើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ។ ព្រមទាំងពល​ទាហាន​ដែល​នៅ​ក្រោម​បង្គាប់​របស់​ពួក​គេ។
33ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មាន ៥០, ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​ដោយសាស្ត្រាវុធគ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។
34ពីកុលសម្ព័ន្ធណែបថាលី មានមេដឹកនាំ១, ០០០នាក់ ព្រមទាំងមានពលទាហាន ៣៧, ០០០នាក់ ប្រដាប់ដោយខែលនិងលំពែង។
35ពីកុលសម្ព័ន្ធដាន់ មាន២៨, ៦០០នាក់សុទ្ធតែអ្នកត្រៀមខ្លួនច្បាំង។
36ពីកុលសម្ព័ន្ធអេស៊ើរ មាន៤០, ០០០នាក់ សុទ្ធតែអ្នកត្រៀមខ្លួនសំរាប់ធ្វើសឹកសង្រ្គាម។
37នៅ​ខាង​កើត​ទន្លេ​យ័រដាន់ កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត មាន​ទាហាន​ទាំង​អស់ ១២០, ០០០​នាក់ ប្រដាប់​ដោយ​សាស្ត្រាវុធ​គ្រប់​ប្រភេទ។
38អ្នក​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចម្បាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​អភិសេក​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ​មហា‌ក្សត្រ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​អភិសេកព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌មហា‌ក្សត្រ​ដែរ។
39ពួក​គេ​ស្នាក់​នៅ​ក្រុង​ហេប្រូន ជា​មួយ​ព្រះ‌បាទ​ដាវីឌ​ចំនួន​បី​ថ្ងៃ ហើយ​បងប្អូន​របស់​ពួក​គេ​បាន​រៀបចំ​ជប់‌លៀង​ទទួល។
40អស់​អ្នក​ដែល​ស្ថិត​នៅ​តំបន់​ជិត​ខាង​នោះ រហូត​ដល់​ទឹក​ដី​អ៊ីសា‌ខារ សាប់យូ‌ឡូន និង​ណែប‌ថាលី បាន​ដឹក​ស្បៀង​អាហារ​មក ដោយ​ផ្ទុក​លើ​ខ្នង​លា អូដ្ឋ លា​កាត់ និង​គោ គឺ​មាន​ម្សៅ ដំណាប់​ឧទុម្ពរ ទំពាំង‌បាយជូរ​ក្រៀម ស្រា​ទំពាំង‌បាយជូរ ប្រេង និង​សាច់​គោ សាច់​ចៀម យ៉ាង​ច្រើន​បរិបូរណ៍ ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ការជប់លៀងយ៉ាងធំក្រៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។