ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 14

Read Scripture freely. Divine Threads study for this chapter is coming later.

1មើល៍! ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ នៅពេលដែលចោរប្លន់ដណ្ដើមរបស់អ្នកនឹងចែកគ្នានៅកណ្ដាលអ្នក។
2ដ្បិតយើងនឹងប្រមូលគ្រប់ប្រជាជាតិ ប្រឆាំងនឹងក្រុងយេរូសាឡឹម ដើម្បីធ្វើសង្គ្រាម ហើយទីក្រុងនឹងត្រូវគេយកបាន។ ផ្ទះសំបែងជាច្រើននឹងត្រូវប្លន់ដណ្ដើមយក ហើយស្រីៗនឹងត្រូវគេរំលោភ។ មនុស្សពាក់កណ្ដាលក្រុងនឹងកៀរទៅជាឈ្លើយ ប៉ុន្ដែប្រជាជនដែលនៅនៅសល់នឹងមិនបានបណ្ដេញចេញពីទីក្រុងទេ។
3ប៉ុន្តែ ព្រះអម្ចាស់នឹងយាងចេញមក ហើយប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជាតិទាំងនោះ ដូចជាព្រះអង្គប្រកាសសង្គ្រាមនៅក្នុងថ្ងៃចម្បាំង។
4នៅក្នុងថ្ងៃនោះ ព្រះបាទនៃព្រះអម្ចាស់នឹងឈរនៅលើភ្នំអូលីវ ដែលនៅក្បែរក្រុងយេរូសាឡឹមនៅភាគខាងកើត។ ភ្នំអូលីវនឹងត្រូវពុះពាក់កណ្តាលនៅចន្លោះខាងកើត និងលិចក្បែរជ្រលងភ្នំដ៏ធំ ហើយពាក់កណ្ដាលទៀតនឹងត្រូវត្រលប់ឆ្ពោះទៅរកទិសខាងជើង និងម្ខាងទៀតទៅទិសខាងត្បូង។
5បន្ទាប់មក អ្នកនឹងរត់គេចខ្លួនទៅខាងក្រោមជ្រលងភ្នំនៅចន្លោះភ្នំរបស់ព្រះអម្ចាស់ ដ្បិតជ្រលងភ្នំនេះនៅចន្លោះភ្នំទាំងនោះនឹងលាតសន្ធឹងទៅដល់អាសែល។ អ្នកនឹងរត់គេចខ្លួនដូចជាអ្នកបានគេចខ្លួនចេញពីការរញ្ជួយដីនៅជំនាន់អូសៀល ជាស្ដេចរបស់យូដា។ បន្ទាប់មក ព្រះអម្ចាស់ជាព្រះរបស់យើងនឹងយាងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់នឹងមកជាមួយព្រះអង្គដែរ។
6នៅថ្ងៃនោះ នឹងលែងមានពន្លឺថ្ងៃ ប៉ុន្តែមិនត្រជាក់ ឬទឹកសន្សើមឡើយ។
7នៅថ្ងៃនោះ ជាថ្ងៃដែលមានតែព្រះអម្ចាស់ទើបជ្រាប ពេលនោះនឹងលែងមានថ្ងៃ ឬយប់ទៀតហើយ ដ្បិតពេលល្ងាចនឹងទៅជាម៉ោងពេលថ្ងៃវិញ។
8នៅថ្ងៃនោះ ទឹករស់នឹងហូរចេញមកពីក្រុងយេរូសាឡឹម។ ពាក់កណ្ដាលនៃទឹករស់នឹងហូរទៅសមុទ្រខាងកើត និងពាក់កណ្ដាលទៀតហូរទៅសមុទ្រខាងលិច នៅរដូវក្ដៅ និងរដូវរងារ។
9ព្រះអម្ចាស់នឹងក្លាយទៅជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើជាព្រះតែមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គតែមួយដែរ។
10ទឹកដីទាំងមូលនឹងដូចជាតំបន់ អារ៉បា ចាប់ពីកេបារហូរដល់រីម៉ូនខាងត្បូងក្រុងយេរូសាឡឹម។ ក្រុងយេរូសាឡឹមនឹងនៅតែបន្តលើកឡើង ​និងនៅតែនៅលើកន្លែងរបស់ខ្លួនដដែល ចាប់ពីទ្វារបេនយ៉ាមីនដល់កន្លែងដែលមានទ្្វារកាលពីមុន ​រហូតដល់ជ្រុងទ្វារ ហើយចាប់ពីប៉មហាណានាល ដល់កន្លែងជាន់ផ្លែនទំពាំងបាយជូររបស់ស្ដេច។
11ប្រជាជននឹងរស់នៅក្នុងក្រុងយេរូសាឡឹម ហើយនឹងគ្មាននរណាអាចមកបំពេញការបំផ្លាញពីព្រះជាម្ចាស់ប្រឆាំងនឹងពួកគេឡើយ។ ក្រុងយេរូសាឡឹមនឹងរស់នៅដោយសុខសាន្ត។
12ការនេះនឹងទៅជាគ្រោះកាច ដែលព្រះអម្ចាស់នឹងវាយប្រហារដល់មនុស្សណាដែលបានប្រកាសសង្គ្រាមប្រឆាំងនឹងក្រុងយេរូសាឡឹម សាច់របស់គេនិងរលួយ សូម្បីតែពួកគេកំពុងឈរដោយជើងរបស់ពួកគេក៏ដោយ។ ភ្នែករបស់ពួកគេនឹងរលួយនៅក្នុងរន្ធរបស់ពួកគេ ហើយអណ្ដាតនឹងរលួយនៅក្នុងមាត់របស់គេពួកគេ។
13នៅថ្ងៃនោះ ភាពភ័យខ្លាចយ៉ាងខ្លាំងនៃព្រះអម្ចាស់នឹងមកនៅក្នុងចំណោមពួកគេ។ ម្នាក់ៗនឹងចាប់ដៃអ្នកផ្សេងទៀត ហើយនឹងលើកដៃឡើងប្រឆាំងនឹងដៃរបស់ម្នាក់ផ្សេងដែរ។
14ពួកយូដានឹងវាយប្រឆាំងក្រុងយេរូសាឡឹមដែរ។ ពួកគេនឹងប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ ដូចជាមាស ប្រាក់ និងសម្លៀកបំពាក់ល្អៗយ៉ាងច្រើនក្រៃលែង។
15គ្រោះកាចនឹងអាចកើតមានចំពោះសេះ លាកូនកាត់ អូដ្ឋ លា និងគ្រប់ទាំងសត្វអស់ដែលនៅក្នុងជំរំនឹងអាចទទួលរងគ្រោះកាចដូចគ្នាដែរ។
16បន្ទាប់មក គ្រោះកាចនឹងកើតមានដល់ប្រជាជាតិណាដែលនៅតែមកប្រឆាំងក្រុងយេរូសាឡឹម ដែលនឹងទៅរាល់ឆ្នាំដើម្បីថ្វាយបង្គំព្រះមហាក្សត្រ ព្រះអម្ចាស់នៃពិភពទាំងមូល ហើយនិងរក្សាទុកពីធីបុណ្យបារាំជំនួសវិញ។
17គ្រោះកាចនឹងកើតបើសិនមានអ្នកណាម្នាក់ពីគ្រប់ប្រជាជាតិទាំងអស់លើផែនដីទាំងមូលមិនឡើងទៅក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំព្រះមហាក្សត្រ ព្រះអម្ចាស់នៃពិភពទាំងមូលនោះ ព្រះអម្ចាស់នឹងមិនបង្ហូរទឹកភ្លៀងដល់ពួកគេឡើយ។
18បើសិនប្រជាជាតិនៃប្រទេសអេស៊ីបមិនឡើងទៅ នោះពួកគេនឹងមិនទទួលបានទឹកភ្លៀងឡើយ។ គ្រោះកាចដែលមកពីព្រះអម្ចាស់នឹងប្រហារដល់ប្រជាជាតិណាដែលមិនឡើងទៅ បន្តរក្សារពីធីបុណ្យបារាំ។
19ការដាកទោសនេះគឺសម្រាប់ទឹកដីអេស៊ីប និងការដាក់ទោសចំពោះប្រជាជាតិទាំងអស់ណាដែលមិនឡើងទៅដើម្បីរក្សារពីធីបុណ្យបារាំ។
20ប៉ុន្តែនៅថ្ងៃនោះ កណ្ដឹងនៃសេះនឹងស្រែកឡើងថា «ចូរញែកដោយឡែកថ្វាយព្រះអម្ចាស់» ហើយថ្លាងទាំងប៉ុន្មានដែលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នឹងបានដូចជាចាននៅពីមុខអាសនៈដែរ។
21គ្រប់ទាំងឆ្នាំងទាំងអស់ដែលនៅក្នុងក្រុងយេរូសាឡឹម និងយូដានឹងត្រូវញែកជាចំណែកៗសម្រាប់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយអស់អ្នកណាដែលនាំយញ្ញបូជានឹងបរិភោគពីថ្លាង និងស្ងោរសាច់នៅក្នុងឆ្នាំងនេះ។ នៅថ្ងៃនោះពួកអ្នកជំនួញនឹងលែងមាននៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់នៃពិភពទាំងមូលទៀតហើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។