1នេះគឺជាការបើកសម្ដែងរបស់ព្រះយេស៊ូគ្រិស្ត ដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញដល់អ្នកបម្រើរបស់ព្រះអង្គ នូវអ្វីដែលនឹងត្រូវកើតឡើងជាឆាប់។ ព្រះអង្គធ្វើឲ្យពួកគេដឹងដោយសារព្រះអង្គចាត់ទេវតារបស់ព្រះអង្គដល់អ្នកបម្រើរបស់ព្រះអង្គគឺលោកយ៉ូហាន។
2លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីព្រះយេស៊ូគ្រិស្ត ពីអ្វីគ្រប់យ៉ាងដែលគាត់បានឃើញ។
3មានពរហើយអស់អ្នកណាដែលបានអាន និងអស់អ្នកដែលស្តាប់ពាក្យទំនាយនេះ និងអស់អ្នកដែលស្តាប់បង្គាប់តាមអ្វីដែលបានសរសេរនៅក្នុងនេះ ព្រោះពេលកំណត់ជិតមកដល់ហើយ។
4ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅក្នុងអាស៊ី៖ សូមព្រះគុណនៅជាមួយអ្នករាល់គ្នា និងសេចក្តីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះអង្គដែលនឹងយាងមក ព្រមទាំងពីវិញ្ញាណទាំងប្រាំពីរដែលគង់នៅមុខបល័្លង្ករបស់ព្រះអង្គ
5និង ពីព្រះយេស៊ូគ្រិស្ត ដែលជាបន្ទាល់ដ៏ស្មោះត្រង់ និងជាព្រះដែលជាផលដំបូងនៃការកើតឡើងវិញពីពួកមនុស្សស្លាប់ និងជាស្តេចគ្រប់គ្រងនៅលើផែនដី។ ថ្វាយដល់ព្រះដែលស្រឡាញ់យើង ហើយបានដោះយើងឲ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ
6ទ្រង់បានធ្វើឲ្យយើងក្លាយជាអាណាចក្រ ធ្វើជាបូជាចារ្យសម្រាប់ព្រះរបស់ព្រះអង្គ និងព្រះបិតា ថ្វាយសិរីរុងរឿងដល់ព្រះអង្គ និងចេស្តាជារៀងរហូតតទៅ! អាម៉ែន។
7មើល៍ ព្រះអង្គកំពុងតែយាងមកនៅលើពពក ភ្នែកទាំងអស់នឹងឃើញព្រះអង្គ បូករួមទាំងអ្នកដែលបានចាក់ព្រះអង្គដែរ។ គ្រប់ទាំងជាតិសាសន៍នៅលើផែនដីនឹងយំសោក ដោយសារតែព្រះអង្គ។ មែន! អាម៉ែន។
8ព្រះអម្ចាស់មានបន្ទូលថា៖ «ខ្ញុំជាអាល់ផា និងជាអូមេកា» (ព្រះដែលគង់នៅសព្វថ្ងៃ និងពីដើម និងព្រះដែលនឹងយាងមក ពេញដោយព្រះចេស្តា)។
9ខ្ញុំ យ៉ូហាន ជាបងប្អូន និងជាម្នាក់ដែលរួមចំណែកជាមួយបងប្អូននៅក្នុងទុក្ខលំបាក និងព្រះរាជ្យ ព្រមទាំងអត់ធ្មត់ស៊ូទ្រាំនៅក្នុងព្រះយេស៊ូ ដែលត្រូវនិរទេសទៅកោះមួយដែលហៅថា ប៉ាតម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងទីបន្ទាល់អំពីព្រះយេស៊ូ។
10ខ្ញុំបាននៅក្នុងថ្ងៃរបស់ព្រះអម្ចាស់នៅក្នុងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំបានឮសម្លេងយ៉ាងខ្លាំងនៅខាងក្រោយខ្ញុំ ដូចជាសម្លេងត្រែ។
11សម្លេងនោះប្រាប់ថា «ចូរកត់ត្រាអ្វីដែលអ្នកឃើញនៅក្នុងសៀវភៅ ហើយផ្ញើទៅកាន់ក្រុមជំនុំទាំងប្រាំពីរ ទៅកាន់ក្រុមជំនុំនៅក្រុងអេភេសូរ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
12ខ្ញុំបានបែរខ្លួនជុំវិញ ដើម្បីរកមើលសម្លេងដែលកំពុងនិយាយមកកាន់ខ្ញុំនោះ ហើយនៅពេលខ្ញុំបែរ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។
13នៅចំកណ្តាលនៃជើងចង្កៀង មានម្នាក់ដូចជាកូនមនុស្ស ពាក់រ៉ូបវែងដល់ជើងរបស់គាត់ ហើយពាក្យខ្សែក្រវាត់មាននៅជុំវិញដើមទ្រូង។
14ក្បាល និងសក់របស់គាត់មានពណ៌សដូចជារោមសត្វ សដូចជាព្រិល ហើយភ្នែករបស់គាត់ដូចជាអណ្តាតភ្លើង។
15ជើងរបស់គាត់ដូចជាលង្ហិនដែលត្រូវបានដុតដោយសារឡភ្លើង ហើយសម្លេងរបស់គាត់ដូចជាសម្លេងនៃទឹកជាច្រើន។
16គាត់មានផ្កាយប្រាំពីរនៅក្នុងដៃស្តាំរបស់គាត់ ហើយមានដាវមួយដែលមានមុខពីរយ៉ាងមុត ចេញពីមាត់របស់គាត់មក។ មុខរបស់គាត់ជះពន្លឺដូចជាពន្លឺព្រះអាទិត្យនៅពេលពេញកម្ដៅ។
17ពេលខ្ញុំបានឃើញគាត់ ខ្ញុំដួលចុះនៅទាបជើងរបស់គាត់ដូចជាមនុស្សស្លាប់។ គាត់បានដាក់ដៃស្តាំរបស់គាត់លើខ្ញុំ ហើយប្រាប់ថា៖«កុំខ្លាចឡើយ។
18ខ្ញុំជាមុន និងជាក្រោយបង្អស់ ហើយជាម្នាក់ដែលរស់នៅ។ ខ្ញុំបានស្លាប់ ប៉ុន្តែ ខ្ញុំរស់នៅរហូតអស់កល្បជានិច្ច! ហើយខ្ញុំមានកូនសោរនៃសេចក្តីស្លាប់ និងស្ថាននរកដែរ។
19ដូច្នេះ ចូរកត់ត្រាចុះ អ្វីដែលអ្នកបានឃើញ អ្វីដែលបានកើតឡើងនៅពេលនេះ និងអ្វីដែលនឹងកើតឡើងបន្ទាប់ពីនេះ។
20ចំណែកឯអាថ៌កំបាំងអត្ថន័យពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញនៅក្នុងដៃរបស់ខ្ញុំ និងជើងចង្កៀងមាសទាំងប្រាំពីរគឺ៖ ផ្កាយទាំងប្រាំពីរគឺជាទេវតានៃក្រុមជំនុំទាំងប្រាំពីរ និងជើងចង្កៀងទាំងប្រាំពីរគឺជាក្រុមជំនុំទាំងប្រាំពីរ។