ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 86

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គស្តាប់ ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដ្បិតទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។
2សូម​រក្សា​កាពារ​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ ​ព្រះ​ជាម្ចាស់នៃ​ទូល‌បង្គំ​ សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​ផង។
3​ព្រះ‌អម្ចាស់​អើយ សូម​មេត្តាដល់​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានស្រែករក​ព្រះ‌អង្គ​រាល់​ថ្ងៃ។
4សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ រីក‌រាយ​ឡើង ដ្បិត ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ទូលទៅ​រក​ព្រះ‌អង្គ។
5ដ្បិត ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​តែងតែអត់​ទោស ​ព្រះ‌អង្គបង្ហាញក្តីមេត្តា ចំពោះ​អស់​អ្នក​ណា​ដែល​ស្រែករក​ព្រះ‌អង្គ។
6​ព្រះ‌អម្ចាស់​ សូម​ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។
7នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា ទូល‌បង្គំ​បានស្រែក​រក​ព្រះ‌អង្គ ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។
8​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ផ្សេងៗគ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ។ គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។
9​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​ជនជាតិ​ដែល​ព្រះ‌អង្គ​បាន​បង្កើត នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយពួកគេ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
10ដ្បិត​ព្រះ‌អង្គ​ធំ ហើយ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះជាម្ចាស់។
11​ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
12​ព្រះ‌អម្ចាស់ ជា​ព្រះជាម្ចាស់​នៃ​ទូល‌បង្គំ​ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គតទៅ។
13ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ មកដល់​ទូល‌បង្គំ ដ៏អស្ចារ្យ​ណាស់ ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
14​ព្រះជាម្ចាស់​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ។ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ។ ពួកគេមិនបានគោរពព្រះអង្គនោះទេ។
15ប៉ុន្ដែ ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​។
16សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រទាន​កម្លាំង​របស់​ព្រះ‌អង្គ ដល់​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​កូន​របស់​ស្ត្រី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។
17សូម​សម្ដែង​ទី​សម្គាល់​មួយ ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។