ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 81

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះជាម្ចាស់ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែកដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប។
2ចូរច្រៀងចម្រៀង ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។
3ចូរ​ផ្លុំ​ត្រែ​នៅ​ពេល​ចាប់​ផ្ដើម​ខែ​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី ជា​ថ្ងៃ​ផ្តើមបុណ្យ​របស់​យើង។
4ដ្បិត​នេះ​ជា​ច្បាប់​សម្រាប់​អុីស្រា‌អែល ជា​វិន័យ​របស់​ព្រះ​នៃ​យ៉ាកុប។
5ព្រះ‌អង្គ​តាំង​ច្បាប់​នោះ ទុក​ជា​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ូសែប នៅ​ពេល​ព្រះ‌អង្គ​ចេញ​ទៅ វាយ​ប្រហារ​ទឹកដីអេស៊ីប ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ដែល​ខ្ញុំ​មិន​ស្គាល់ថា៖
6«យើង​បាន​ដោះ​បន្ទុក​ចេញ​ពី​ស្មារបស់​អ្នក ហើយ​ក៏​យក​កញ្ច្រែង​ចេញពី​ដៃ​របស់​អ្នក​ដែរ។
7នៅ​ក្នុងគ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​អំពាវ‌នាវ ហើយ​យើង​បាន​ជួយ​អ្នក យើង​បាន​ឆ្លើយ​តប​ដល់​អ្នក​ពី​ទី​សម្ងាត់​នៃ​ផ្គរ។ យើង​បាន​ល្បង‌ល​អ្នក​នៅ​ទឹក​មេរីបា។ សម្រាក
8​ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​ស្តាប់ ដ្បិត ​យើង​បាន​ដាស់​តឿន​អ្នក ​អុីស្រា‌អែល​អើយ ប្រសិន‌បើ​អ្នក​គ្រាន់​តែ​ស្តាប់​តាម​យើង!
9មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ ជនជាតិ​ដទៃ​ណា​​ដែរ។
10យើងជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ទឹកសី​អេស៊ីប ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ដល់អ្នក។
11ប៉ុន្តែ រាស្ត្រ​របស់​យើង មិន​បាន​ស្តាប់​តាម​ពាក្យ​យើង​ អុីស្រាអែល​មិន​ព្រមស្តាប់បង្កាប់​យើង​ទេ។
12ដូច្នេះ យើងក៏​បណ្ដោយ​ឲ្យ​គេ ទៅ​តាម​ចិត្ត​រឹង​ចចេស​របស់​គេ ឲ្យ​គេ​ប្រព្រឹត្ត​តាម​គំនិត​របស់​ខ្លួន​គេ។
13ឱ​ប្រសិន‌បើ​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ស្តាប់​តាម​យើង​ ឱ​ប្រសិន‌បើ​អុីស្រា‌អែល ព្រម​ដើរ​តាម​ផ្លូវ​របស់យើង​នោះ។
14នោះ​យើង​នឹង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​គេ​ភ្លាម ហើយ​យើង​នឹងបង្វែរ​ដៃ ទៅ​ទាស់​នឹងបច្ចា‌មិត្ត​របស់​គេ​មិន​ខាន។
15សូមឲ្យអស់​អ្នក​ដែល​ស្អប់​ព្រះ‌អម្ចាស់ នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ! សូមឲ្យវាសនា​អាក្រក់​របស់​គេ ​នៅ​ជាប់នឹងគេ​រហូត​ទៅ។
16ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អុីស្រាអែល ដោយ​ស្រូវ​សាលី​ល្អ​បំផុតហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។