ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 75

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ​ជាម្ចាស់អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យើង​ខ្ញុំ​អរ​ព្រះ‌គុណ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។
2ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។
3កាល​ផែនដី និង​អស់​ទាំង​មនុស្ស នៅ​ផែនដី​រលាយ​ទៅ គឺ​យើង​ដែល​ធ្វើ​ឲ្យ​សសរ​ផែនដី នៅ​តែ​រឹង​មាំ»។
4ទូល‌បង្គំ​និយាយ​ទៅ​កាន់​មនុស្ស​អំនួត​ថា «កុំ​អួត​ខ្លួន​ឡើយ» ហើយ​ទៅ​កាន់​មនុស្ស​អាក្រក់​ថា «កុំ​លើក​តម្កើង​ខ្លួន​ឲ្យ​សោះ។
5កុំ​លើក​តម្កើង​ខ្លួន​ខ្ពស់ ឬ​និយាយ​ប្រហើនឡើយ»។
6ដ្បិត​ការ​លើក​តម្កើង មិន​មែន​មក​ពី​ទិស​ខាង​កើត ឬ​មក​ពី​ទិស​ខាង​លិច ហើយ​ក៏​មិន​មែន​មក​ពី​ទី​រហោ‌ស្ថាន​ដែរ។
7គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។
8ដ្បិត ​ព្រះ‌អម្ចាស់​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។
9ចំណែកទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ប្រកាស​ពី​កិច្ច​ការរបស់​ព្រះ‌អង្គ​ជា​ដរាប ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ របស់​លោក​យ៉ាកុប។
10ព្រះ‌ជាម្ចាស់មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​កាត់ អស់​ទាំង​ស្នែងរបស់​មនុស្សអាក្រក់ចេញ តែយើង​នឹង​លើក​ស្នែង របស់​មនុស្ស​សុចរិត​ឡើងវិញ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។