1ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំសូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង
2ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ
3ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។
4សូមឲ្យទូលបង្គំបានរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅផង! សូមឲ្យទូលបង្គំបានជ្រកកោនក្រោមនៃស្លាបរបស់ព្រះអង្គផងដែរ។ សម្រាក
5ដ្បិត ព្រះអង្គអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំទូលសូមហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមរតកដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចដល់ព្រះនាមព្រះអង្គ។
6សូមប្រទានឲ្យព្រះរាជា មានជន្មាយុយឺនយូរ សូមឲ្យឆ្នាំរបស់ព្រះរាជា ស្ថិតស្ថេរអស់ទាំងតំណតរៀងទៅ! សូមឲ្យព្រះរាជាគ្រងរាជ្យ នៅចំពោះព្រះរហូតតទៅ។
7សូមតាំងសេចក្ដីសប្បុរស និងសេចក្ដីពិត ឲ្យថែរក្សាព្រះរាជាផង។
8យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរ ព្រះនាមព្រះអង្គជាដរាប ទុកជាការលាបំណន់របស់ទូលបង្គំ រៀងរាល់ថ្ងៃ។