1ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
2ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ ព្រះអង្គបានហែកផែនដីឲ្យប្រេះចេញពីគ្នា សូមផ្សារទីប្រេះស្រាំឡើងវិញផង ដ្បិតផែនដីកំពុងតែរង្គើហើយ។
3ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
4ព្រះអង្គបានប្រទានទង់ជ័យមួយ ដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យគេបានរត់ទៅទីនោះ រួចផុតពីមុខព្រួញ សំណៅហេព្រើរ ដោយព្រោះសេចក្ដីពិត។ សម្រាក
5សូមសង្គ្រោះដោយព្រះហស្តស្តាំរបស់ព្រះអង្គ ហើយសូមឆ្លើយតបយើងខ្ញុំផង ដើម្បីឲ្យពួកស្ងួនភ្ងារបស់ព្រះអង្គបានរួចជីវិត។
6ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។
7កាឡាតជាទឹកដីរបស់យើង ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ អេប្រាអិមជាមួកដែករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
8ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង ហើយយើងនឹងបោះស្បែកជើងយើង ទៅលើស្រុកអេដុម យើងនឹងស្រែកប្រកាសជ័យជម្នះ លើភីលីស្ទីន»។
9តើអ្នកណានឹងនាំទូលបង្គំ ចូលទៅក្នុងទីក្រុងមាំមួនបាន? តើអ្នកណានឹងនាំទូលបង្គំចូលទៅស្រុកអេដុម?
10ឱព្រះអើយ តើមិនមែនព្រះអង្គទេឬ ដែលបានបោះបង់ចោលយើងខ្ញុំ? ឱព្រះអើយ ព្រះអង្គមិនយាងចេញទៅជាមួយ កងទ័ពរបស់យើងខ្ញុំទៀតឡើយ។
11ឱសូមប្រោសប្រទានជំនួយឲ្យយើងខ្ញុំ ទាស់នឹងពួកសត្រូវផង ដ្បិតជំនួយរបស់មនុស្សឥតប្រយោជន៍ទេ។
12ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។