1អ្នករាល់គ្នាជាព្រះអើយ តើអ្នករាល់គ្នាពិតជាសម្រេច សេចក្ដីដែលត្រឹមត្រូវឬទេ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស ដោយទៀតត្រង់ឬទេ?
2ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅនៅលើផែនដី។
3មនុស្សអាក្រក់វង្វេងតាំងពីក្នុងផ្ទៃម្តាយ គេវង្វេងតាំងពីកំណើត ហើយពោលពាក្យភូតភរ។
4គេមានពិស ដូចជាពិសពស់វែក ដូចជាពស់វែកតម្លង់ដែលខ្ទប់ត្រចៀក
5ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។
6ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះអម្ចាស់ អើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ!
7សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
8សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។
9មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង សូមព្រះអង្គផាត់យកគេទាំងក្មេងទាំងចាស់ចេញទៅ។
10មនុស្សសុចរិតនឹងត្រេកអរដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមរបស់មនុស្សអាក្រក់។
11មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់ សម្រាប់មនុស្សសុចរិតមែន ប្រាកដជាមានព្រះមួយព្រះអង្គ ដែលជំនុំជម្រះនៅលើផែនដីមែន។