1សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ ទូលបង្គំពឹងជ្រកនៅក្រោមម្លប់ នៃស្លាបរបស់ព្រះអង្គ រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ បានទៅបាត់។
2ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។
3ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ ត្រូវអាម៉ាស់។ សម្រាក ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក!
4ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
5ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។
6គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ ព្រលឹងទូលបង្គំបានស្រុតចុះ។ គេបានជីករណ្តៅនៅពីមុខទូលបង្គំ តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ! សម្រាក
7ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ ចិត្តទូលបង្គំបានតាំងជាស្រេចហើយ ទូលបង្គំនឹងច្រៀង ហើយទូលបង្គំនឹងស្មូត្រជាទំនុក។
8ឱព្រលឹងចូរភ្ញាក់ឡើង ឱពិណ និងស៊ុងរបស់ខ្ញុំអើយចូរភ្ញាក់ឡើង ខ្ញុំនឹងដាស់អរុណឲ្យរះឡើង។
9ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។
10ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ខ្ពស់ដល់ស្ថានសួគ៌ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
11ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គគ្របដណ្ដប់លើផែនដីទាំងមូល។