1ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់បាន ព្រះអង្គ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
2ទូលបង្គំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ តើពេលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន?
3ទឹកភ្នែកទូលបង្គំទាំងថ្ងៃទាំងយប់ គឺជាអាហារ ពេលសត្រូវ ទូលបង្គំពោលមកទូលបង្គំថា «តើព្រះរបស់ឯងនៅឯណា?»
4ពេលព្រលឹងខ្ញុំគិត ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះជាម្ចាស់ មានសម្លេងអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យ។
5ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាធ្លាក់ចុះ? ហេតុអ្វីបានជាកំសត់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះជាម្ចាស់ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាសង្គ្រោះរបស់ខ្ញុំ។
6ព្រលឹងទូលបង្គំខ្សោយនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។
8នៅពេលថ្ងៃ ព្រះអម្ចាស់សម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះជាម្ចាស់នៃជីវិតទូលបង្គំ។
9ខ្ញុំទូលដល់ព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា «ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? តើហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែខ្មាំងសត្រូវ សង្កត់សង្កិនដូច្នេះ?»
10ខ្មាំងសត្រូវចំអកឲ្យខ្ញុំ ប្រៀបដូចជាដាវ ចាក់ដោតនៅក្នុងឆ្អឹងរបស់ខ្ញុំ ហើយគេចេះតែពោលមកខ្ញុំជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?»
11ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជាកំសត់នៅក្នុងខ្លួនដូច្នេះ? ចូរមានសង្ឃឹមក្នុងព្រះជាម្ចាស់ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាព្រះសង្គ្រោះ និងជាព្រះជាម្ចាស់របស់ខ្ញុំ។