ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 101

Read Scripture freely. Divine Threads study for this chapter is coming later.

1ទូល‌បង្គំ​នឹង​ច្រៀង​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​យុត្តិ‌ធម៌ ឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ។
2ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់។ តើ​ពេល​ណា​ទើប​ព្រះ‌អង្គ​យាង​មក​រក​ទូល‌បង្គំ? ទូល‌បង្គំ​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ទៀង​ត្រង់ នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ។
3ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។
4ចិត្ត​វៀច​វេរ​នឹងនៅ​ឆ្ងាយ​ពី​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​ស្គាល់​សេចក្ដី​អាក្រក់​ទេ។ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។
5ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។
6ទូល‌បង្គំនឹង​មើល​ទៅ​មនុស្ស​ស្មោះ‌ត្រង់ នៅ​ក្នុង​ស្រុក ដោយ​សន្ដោស ដើម្បី​ឲ្យ​គេ​បានរស់​នៅ​ជា​មួយ​ទូល‌បង្គំ អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ អ្នក​នោះ​នឹង​បម្រើ​ទូល‌បង្គំ។
7អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​អំពើ​បោក​បញ្ឆោត អ្នក​នោះ​មិន​អាច​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​បាន​ឡើយ អ្នក​ណា​ដែលនិយាយ​កុហក ក៏​មិន​អាច​ធន់​នៅ​មុខ​ទូល‌បង្គំ​បាន​ដែរ។
8រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌អម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។