ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 20

Read Scripture freely. Divine Threads study for this chapter is coming later.

1ស្រា​ទំពាំង‌បាយ‌ជូរ ត្រូវជាមួយអ្នកចំអក ហើយការផឹក​ធ្វើឲ្យក្លាហាន អ្នក​ណាអនុញ្ញាតឲ្យ​គ្រឿង​ស្រវឹងដឹកមុខ ​មិនឆ្លាតទេ។
2សេចក្ដី​ស្ញែង​ខ្លាច​របស់​ស្តេច ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​សិង្ហ អ្នក​ណា​ធ្វើឲ្យស្តេចខ្ញាល់​ គឺនឹងបាត់ជីវិត​ខ្លួន​ហើយ។
3​ជា​កិត្តិ‌សព្ទ​សម្រាប់អ្នកជៀសចេញពីជំលោះ ប៉ុន្តែ គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ គឺតែងតែរកឲ្យមានជំលោះ។
4មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ​រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចម្រូត ហើយនឹងគ្មានអ្វីទាំងអស់។
5គោលបំណងដែល​ក្នុង​ចិត្ត​មនុស្សដូចទឹកដែលជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ទឹកនោះចេញមក។
6មនុស្ស​ជាច្រើន​ បាន​ប្រកាសថាពួកគេជាអ្នកសប្បុរស តើ​អ្នក​ណា​នឹង​រក​មនុស្ស​ដែលស្មោះ​ត្រង់​ម្នាក់​បាន?
7មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ស្មោះ​ត្រង់​របស់​ខ្លួន ហើយកូន​ចៅ​របស់​ពួកគេដែលធ្វើតាម​នឹងបាន​ពរ​ផងដែរ។
8កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​គង់​លើ​រាជ្យ‌បល្ល័ង្ក ទ្រង់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។
9តើ​អ្នក​ណា​អាច​និយាយ​បាន​ថា «ខ្ញុំ​បាន​ជម្រះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត តើខ្ញុំ​​មានសេរីភាព​ពី​បាប​របស់​ខ្ញុំ​ហើយ?»
10​ជញ្ជីង​ដែលមិនត្រឹមត្រូវ ហើយនិងការវ៉ាស់វែងមិនត្រឹមត្រូវ ព្រះអម្ចាស់ស្អប់ការទាំងពីរនេះ។
11សូម្បី​តែ​យុវជន​ក៏​អាច​បង្ហាញ​ឲ្យ​​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម​ត្រូវ​របស់​គេ តាម​អំពើ​ដែល​គេបានប្រព្រឹត្ត​ដែរ។
12ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​អវៈជីវៈទាំងពីរនោះ។
13កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។
14អ្នក​ដែល​ទិញថ្លែងថា «មិនល្អ! មិនល្អ!» ប៉ុន្តែ ពេលពួកទៅទីឆ្ងាយនោះ​ក៏មាន​អួត​។
15មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
16ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​អ្នក​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា នៅពេលគេដាក់បញ្ចាំជារបស់ស្រ្តី។
17អាហារ​សម្រាប់បោក​បញ្ឆោត​គឺមានរសជាតិផ្អែម ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។
18យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច ត្រូវ​រិះគិត​ឲ្យបានលំអិត មុន​នឹង​ធ្វើ​សង្គ្រាម។
19អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។
20ប្រសិនបើអ្នក​ណា​ប្រទេច‌បណ្តាសា​ឪពុក​ម្ដាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​រលត់ ហើយជួបទុក្ខលំបាក​នៅ​ក្នុង​ទី​ងងឹត។
21ចំណែក​មរតក​ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។
22កុំ​និយាយ​ថា «យើង​នឹង​សង‌សឹកដល់អ្នកវិញ» ចូរ​រង់​ចាំ​ព្រះ‌អម្ចាស់ ហើយព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​អ្នក​វិញ។
23ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ។
24ជំហាន​របស់​មនុស្ស ស្រេច​លើ​ព្រះ‌អម្ចាស់ ដូច្នេះធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?
25ការ​ដែល​និយាយ​ឥត​ប្រើការគិត​ថា «នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ​ហើយ» រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។
26ស្តេច​ដែល​មាន​ប្រាជ្ញាទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។
27វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌អម្ចាស់ ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។
28សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​ដែរ។
29កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។
30របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។