ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សុភាសិត 19

Read Scripture freely. Divine Threads study for this chapter is coming later.

1​មនុស្ស​ទាល់​ក្រ ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់ វិសេស​ជាង​មនុស្ស​ដែល​មាន​បបូរ​មាត់​ចចើង និង​ចិត្ត​ល្ងី‌ល្ងើ។
2មួយ​ទៀត ការ​ដែល​ចិត្ត​ឥត​មាន​ចំណេះ នោះ​មិន​គួរ​គប្បី​ទេ ហើយ​អ្នក​ណា​ដែល​រហ័ស​ឈាន​ទៅ នោះ​ជ្រួស​ផ្លូវ​ហើយ។
3សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌អម្ចាស់​ដែរ។
4ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នាំ​ឲ្យ​មាន​មិត្ត‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវញែកពី​ពួក​មិត្ត‌ភក្តិ​។
5សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។
6មនុស្ស​ជា​ច្រើន​ខំ​យក​ចិត្ត​មនុស្ស​សទ្ធា ហើយ​អ្នក​ណា​ក៏​ដោយ ក៏​ជា​មិត្ត​សម្លាញ់​នឹង​អ្នកដែល​ចែក​អំណោយ‌ទាន​ដែរ។
7មនុស្ស​ក្រី​ក្រ ​ត្រូវ​បានបងប្អូន​ស្អប់​គាត់ ចុះបើ​មិត្ត‌ភក្តិ តើនឹង​ចេញ​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត! ទោះជាខំ​តាម​ទៅ​អង្វរ​គេ តែពួក​គេ​នៅតែគេច​ពីគាត់ដែរ។
8អ្នក​ណា​ដែល​បាន​ប្រាជ្ញា ជា​អ្នក​ស្រឡាញ់​ដល់​ព្រលឹង​ខ្លួន អ្នក​ណា​ដែល​រក្សា​ការចេះដឹងទុកនោះ​នឹង​បាន​សេចក្ដី​ល្អ។
9សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។
10ការ​ដែល​អា‌ស្រ័យ​នៅ​ដោយ​រុងរឿង មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ លើស​ពី​នេះ​ទៀត​នោះ ទាសករ​ក៏​មិន​សម​មាន​អំណាច​លើ​អ្នក​ធំ​ដែរ។
11សតិ​បញ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​យឺត​នឹង​ខឹង ហើយអ្នក​នោះ​ក៏​តែង​បានលើកតម្កើង ដោយការ​មិន​ប្រកាន់ច្រើន​។
12សេចក្ដី​ក្រោធ​របស់​ស្តេច ធៀប​ដូច​ជា​សូរ​គ្រហឹម​របស់​សិង្ហ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ស្មៅ។
13កូន​ល្ងី‌ល្ងើ​ជា​ទី​អន្ត‌រាយ​ដល់​ឪពុក ហើយ​ការ​ឌុក‌ដាន់​របស់​ប្រពន្ធ ក៏​ដូច​ជា​ទឹក​ស្រក់​តក់ៗ​មក​ជា‌និច្ច។
14ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ ជា​មរតក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌អម្ចាស់។
15សេចក្ដី​ខ្ជិល​ច្រអូស តែង​ធ្វើ​ឲ្យ​មនុស្ស​ដេកលក់​ ហើយ​អ្នក​ណា​ដែលមិនព្រមធ្វើការ នឹង​ត្រូវ​អត់​ឃ្លាន។
16អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ នោះ​នឹងរក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។
17អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​បានធ្វើ។
18ចូលប្រដៅដល់​កូនរបស់អ្នក ក្នុង​កាល​ដែល​នៅ​មាន ដោយបំណងចិត្តសង្ឃឹមថា នឹងបានកូនល្អ កុំរង់ចាំដល់សេចក្តីស្លាប់មកដល់។
19អ្នក​ណា​ដែល​មាន​ចិត្ត​ក្តៅ​ខ្លាំង នោះ​នឹង​ត្រូវ​ទទួល​ទោស ដ្បិត​បើ​អ្នក​ជួយ​គាត់ឲ្យ​រួចម្តងហើយ នោះ​អ្នក​នឹង​ត្រូវ​ជួយ​ជាលើកទីពីរ។
20ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ការបង្រៀន ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​សម្រាប់ជីវិតអ្នក។
21នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌អម្ចាស់ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។
22សេចក្ដី​ស្មោះត្រង់គឺជាការចង់បានរបស់មនុស្ស ទោះបីជាអ្នកនោះក្រគឺវាប្រសើ​រជាងភូត​ភរ។
23សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ ដឹកនាំឲ្យបាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ហើយក៏គ្មានសេចក្តីអាក្រក់ និងភាពអាម៉ាស់កើតឡើងដែរ។
24មនុស្ស​ខ្ជិល​ច្រអូស​គឺ ដល់ថ្នាក់ពេលបរិភោគអាហារមិនចង់យកបាយដាក់ចូលមាត់ផង។
25ចូរ​វាយ​មនុស្ស​ចំអក​មើល​ងាយ នោះ​មនុស្ស​​ល្ងង់​ចេះ​ប្រយ័ត្ន​ឡើង ចូរ​បង្រៀនដល់អ្នកដែលចង់បាន​យោបល់ ដើម្បីឲ្យអ្នកនោះបានចំណេះដឹង។
26អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្តេញ​ម្តាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​អាប់​យស។
27កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។
28ជន​ថោកទាបធ្វើ​ជា​សាក្សី​តែងតែ​ប្រមាថ​យុត្តិធម៌ ព្រោះ​មនុស្ស​អាក្រក់​គឺនិយាយតែ​ពាក្យ​ទុច្ចរិត។
29មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស ប៉ុន្តែ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​ស៊ី​ផងពីការអាក្រក់វិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។