ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ជនគណនា 26

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​​បូជា‌ចារ្យ​អើរ៉ុន​ថា៖
2«ចូររាប់​ប្រជា‌ជន​ក្នុង​សហគមន៍ប្រជាជនអ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​អស់អ្នក​ដែល​អាចចេញ​ទៅ​ធ្វើ​សង្គ្រាម​​បាន»។
3ដូច្នេះ លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ពួក​គេ​ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូថា៖
4«ចូរ​រាប់ចំនួន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ដូចដែល​​​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និងប្រជាជន​អ៊ីស្រា‌អែល ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​អេស៊ីបមក​»។​
5ពីកុល‌សម្ព័ន្ធ​រូបេន​ ជាកូនច្បង​របស់​លោក​អ៊ីស្រាអែលគឺ តាមរយៈលោកហេណុកដែល​ជាកូន​ប្រុស​​របស់លោក កើត​បាន​ជា​អំបូរ​​ហេណុក តាមរយៈលោក​លោក​ប៉ាលូវ កើត​បាន​ជាអំ​បូរ​ហេលូវ។​
6តាមរយៈលោក​ហេស្រុន កើត​បាន​ជាអំបូរេស្រុន។​ តាមរយៈលោក​កើមី កើត​បាន​ជាអំបូរ​កើមី។
7​ទាំង​នោះ​ជា​អំបូរ​នៃ​កូនចៅ​របស់​លោក​​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣, ៧៣០ នាក់។
8លោក​​អេលាប ជា​​កូនប្រុស​របស់លោក​ប៉ាលូវ។
9កូន​ប្រុសរបស់​លោក​អេលាប គឺ​លោក​នេមូល លោកដាថាន និងលោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម នេះ​ហើយ​ចូល​ដៃ​ជា​មួយ​លោក​កូរេ ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់នោះ។
10ផែនដីបានបើកមាត់របស់វា ​លេ​បពួកគេជាមួយ​​លោកកូរេ​ នៅ​ពេល​ដែល​​អ្នក​ដើរ​តាម​គាត់​ទាំងអស់​បាន​ស្លាប់។ នៅ​ពេល​នោះ​ភ្លើង​បាន​ឆេះបំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។
11ប៉ុន្តែ ​​ពូជពង្ស​របស់​លោក​កូរេ​ស្លាប់មិន​អស់​ទេ។
12កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​យេមូ‌អែល បាន​ជា​អំបូរ​យេមូ‌អែល តាមរយៈ​លោក​យ៉ាមីន​ កើតបានជា​អំបូរ​យ៉ាមីន​ តាមរយៈ​លោកយ៉ា​គីន​ ​កើតបានជា​អំបូរ​យ៉ាគីន
13តាមរយៈ​លោក​សេ‌រ៉ាស កើតបានជាអំបូរ​សេ‌រ៉ាស តាមរយៈលោក​សូល កើតបាន​​ជា​អំបូរ​​សូល។
14ទាំង​នេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន ដែល​​រាប់បាន​មាន ២២, ២០០ នាក់។
15កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈ​លោក​សេផូន​ កើតបានជា​អំបូរ​សេផូន។ តាមរយៈ​លោក​ហាគី កើតបានជា​អំបូរហាគី។
16តាមរយៈ​លោក​អូសនី​​ កើតបានជា​អំបូរអូសនី​។ តាមរយៈ​លោក​អេរី​​ កើតបានជា​អំបូរអេរី។
17តាមរយៈលោក​អើរ៉ូដ កើតបានជាអំបូរអើរ៉ូដ។ តាមរយៈលោក​អើរេ‌លី​ ​កើតបានជាអំបូរអើរេ‌លី។
18​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​រាប់បាន​មាន ៤០, ៥០០ នាក់។
19កូន​របស់​លោក​យូដា​មាន​អ៊ើរ និងលោកអូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។
20កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​សេឡា កើតបាន​ជាអំបូរ​សេឡា​។ តាមរយៈលោក​ពេរេស កើតបានជា​អំបូរ​ពេរេស។ តាមរយៈលោក​សេ‌រ៉ាស កើតបាន​ជាអំបូរ​សេរ៉ាស។
21កូន​ចៅ​របស់​ពេរេស តាមអំបូរ​របស់​ពួក​​គេ​មាន៖ តាមរយៈលោក​ហេស្រុន កើតបាន​ជាអំបូរ​ហេស្រុន។ តាមរយៈលោក​​ហាមូល បានជា​អំបូរ​​ហាមូល។
22​ទាំងនេះជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែលរាប់បានមាន ៧៦, ៥០០ នាក់។
23កូន​ចៅ​របស់​លោក​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកថូឡា ​កើតបាន​ជាអំបូរ​​ថូឡា។ តាមរយៈលោកពូវ៉ា​ កើតបាន​ជាអំបូរ​ពូវ៉ា។
24តាមរយៈលោក​យ៉ាស៊ូប កើតបានជា​អំបូរយ៉ាស៊ូប។ តាមរយៈលោក​ស៊ីម‌រ៉ូន កើតបាន​ជាអំបូរ​ស៊ីម‌រ៉ូន។
25​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែលរាប់បាន​មាន ៦៤, ៣០០ នាក់។
26កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកសេរ៉ែដ​ កើតបានជា​អំបូរសេរ៉ែដ។​ តាម​រយៈលោកអេឡូន​ កើតបានជា​អំបូរអេឡូន។ តាមរយៈលោកយ៉ាលាល​ កើតបានជាអំបូរយ៉ាលាល។
27​ទាំង​នេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​រាប់​បានមាន ៦០, ៥០០ នាក់។
28កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​លោកម៉ាណា‌សេ និងលោក​អេប្រាអ៊ីម។
29កូន​ចៅ​របស់​លោក​ម៉ាណា‌សេ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកម៉ាកៀរ​ កើតបានជាអំបូរម៉ាកៀរ (លោក​ម៉ាកៀរ គឺ​លោក​កាឡាដ) តាមរយៈលោកកាឡាដ កើតបានជា​អំបូរ​កាឡាដ។
30កូន​ចៅ​របស់​លោក​កាឡាដ​មាន៖ តាមរយៈលោកស៊ើរ កើតបានជាអំបូរស៊ើរ។ តាមរយៈលោក​ហេឡេក កើតបានជាអំបូរ​ហេឡេក។
31តាមរយៈលោកអាស‌រាល កើតបាន​ជាអំបូរ​អាស‌រាល។ តាមរយៈលោក​ស៊ីគែម កើតបានជា​អំបូរ​ស៊ីគែម។
32តាមរយៈលោកសេមី‌ដា កើតបានជាអំបូរ​សេមី‌ដា។ តាមរយៈលោកហេភើរ កើតបានជាអំបូរ​ហេភើរ។
33លោក​ស្លូផិ‌ហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​មាន៖ នាងម័សឡា នាងណូហា នាងហុកឡា នាងមីលកា និងនាង​ធើសា។
34​ទាំងនេះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែលរាប់បានមាន ៥២, ៧០០ នាក់។
35កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកស៊ូថេ‌ឡា​ កើតបានជាអំបូរ​​​ស៊ូថេ‌ឡា។​ តាមរយៈលោក​បេគើរ​ កើតបានជាអំបូរ​បេគើរ។ តាមរយៈលោក​ថាហាន កើតបានជាអំបូរ​ថាហាន។
36កូន​ចៅ​របស់​លោក​ស៊ូថេ‌ឡា​មាន៖ តាម​រយៈលោកអេរ៉ាន កើតបាន​ជា​អំបូរ​អេរ៉ាន។
37​ទាំងនេះ​​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែលរាប់​បានមាន ៣២, ៥០០ នាក់។
38កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោក​​បេឡា​ កើតជា​បានជាអំបូរ​បេឡា។ តាមរយៈលោក​​អាស‌បែល កើតបានជាអំបូរ​អាស‌បែល។ តាមរយៈលោក​​អេហ៊ី‌រ៉ាម​ កើតបានជាអំបូរ​អេហ៊ី‌រ៉ាម។
39តាមរយៈលោក​​ស៊ូផាម​ កើតបានជាអំបូរ​ស៊ូផាម។ តាមរយៈលោក​​ហ៊ូផាម កើតបានជាអំបូរ​ហ៊ូផាម។
40កូន​​របស់​លោក​បេឡា​មាន​លោក​អើឌ និងលោក​ណាម៉ាន។ តាមរយៈលោក​អើឌ​ កើតបាន​ជា​អំបូរ​អើឌ។ តាមរយៈលោក​ណាម៉ាន កើតបាន​ជាអំបូរណាម៉ាន។
41​ទាំងនេះជា​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ ​ដែលរាប់​បានមាន ៤៥, ៦០០ នាក់។
42កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកហ៊ូស៊ីម កើតបានជា​អំបូរ​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។
43សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែលរាប់​បាន​មាន​ ៦៤, ៤០០ នាក់។
44កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយីមណា កើតបាន​ជាអំបូរ​យីមណា។ តាមរយៈលោក​យីសវី កើតបាន​ជាអំបូរ​យីសវី។ តាមរយៈលោក​បេរា កើតបាន​ជា​អំបូរ​បេរា។
45កូន​ចៅ​របស់​លោក​បេរ៉ា​មាន៖ តាមរយៈលោក​ហេប៊ើរ ​កើតបានជាអំបូរ​ហេប៊ើរ។ តាមរយៈលោក​ម៉ាល់‌គាល​ កើតបានជា​អំបូរ​ម៉ាល់‌គាល។
46កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។
47​ទាំងនេះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែលរាប់​បានមាន ៥៣, ៤០០ នាក់។
48កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន៖ តាមរយៈលោកយ៉ាស៊ាល ​កើតបានជា​អំបូរ​យ៉ាស៊ាល។ តាមរយៈលោក​គូនី​ កើតបានជាអំបូរគូនី។
49តាមរយៈលោក​យេស៊ើរ​ កើតបាន​ជា​អំបូរ​យ៉ា‌ស៊ើរ។ តាមរយៈលោក​ស៊ីឡិម កើតបាន​ជាអំបូរ​ស៊ីឡិម។
50​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ ​ដែល​រាប់បានមាន ៤៥, ៤០០ នាក់។
51ចំនួន​សរុប​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​បាន​រាប់បាន មាន​ទាំង​អស់ ៦០១, ៧៣០ នាក់។
52ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖
53«ត្រូវ​ចែក​ទឹក​ដី​ឲ្យ​មនុស្ស​ទាំងនេះ​ទុក​ជា​កេរ‌មតក តាម​ចំនួនឈ្មោះ​របស់​ពួក​គេ។​
54កុល‌សម្ព័ន្ធ​ណាដែលធំជាងគេ​ត្រូវ​ចែក​មរតកឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែលតូចជាងគេ​ ត្រូវ​ចែក​ឲ្យ​តិចដែរ។ អ្នកត្រូវ​ចែក​មរតក​ឲ្យ​គ្រប់គ្រួសារ តាម​ចំនួនប្រុសៗដែល​បាន​រាប់។
55ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត។ គឺ​ពួកគេត្រូវ​បាន​ទទួល​ទឹក​ដី ដែល​បាន​បែង​ចែកតាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។
56មរតករបស់ពួកគេនោះត្រូវ​បែងចែក​តាម​អំបូរធំ និងអំបូរតូច គឺត្រូវ​ចែក​ឲ្យ​ពួកគេដោយ​ការ​ចាប់​ឆ្នោត»។
57ចំណែក​ អំបូររបស់ពួក​លេវី​ដែល​បានរាប់តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ៖ តាមរយៈលោកគើរ‌សុន កើតបាន​ជា​អំបូរ​គើសុន។ តាមរយៈលោក​កេហាត់​ កើតបានជាអំបូរ​កេហាត់។ តាមរយៈលោក​ម៉្រារី កើតបាន​ជា​ពូជ‌អំបូរ​ម៉្រារី។
58អំបូរ​របស់ពួក​​លេវី​មាន​ អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជាដូនតារបស់​លោក​អាំរ៉ាម។
59ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់លោក​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​ពួកគេ។
60លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថា‌ម៉ារ។
61លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​ពួកគេ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។
62ចំនួនប្រុសៗដែល​គេ​រាប់បានមាន​ចំនួន ២៣, ០០០ នាក់ គឺប្រុសៗទាំងអស់ដែលមាន​អាយុ​មួយ​ខែ​ឡើង​ទៅ ។ ប៉ុន្តែ​ ពួកគេ​មិនត្រូវបាន​រាប់​បញ្ចូល​ជា​មួយ​កូនចៅ​អ៊ីស្រា‌អែល​ទេ ព្រោះ​ពួក​គេមិនបាន​ទទួល​​កេរ‌មតក ក្នុង​ចំណោម​ប្រជាជនអ៊ីស្រា‌អែលឡើយ។
63ទាំងនេះ​ជា​អស់អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ​បាន​រាប់។ ពួកគេបានរាប់ចំនួន​ប្រជាជនអ៊ីស្រាអែលនៅវាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។
64ប៉ុន្តែ ក្នុង​ចំណោម ពួកកូនចៅ​អ៊ីស្រាអែល​ទាំង​នេះ គ្មាន​នរណាម្នាក់ដែល​​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អើរ៉ុន បាន​រាប់​លើក​មុន នៅ​ទី​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ។
65ដ្បិត ​ព្រះ‌អម្ចាស់​បាន​មានព្រះបន្ទូល​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ទាំង​អស់​គ្នា។ អស់អ្នកដែលបានរាប់នេះ មិន​មែន​ជា​អ្នក​ដែលនៅសល់ពី​ចំណោមពួកគេ​ទេ លើក‌​លែង​​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។