1ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីម ហើយពួកប្រុសៗចាប់ផ្ដើមសាហាយស្មន់ជាមួយស្ត្រីជនជាតិម៉ូអាប់។
2ដ្បិត ជនជាតិម៉ូអាប់បានអញ្ជើញប្រជាជនអ៊ីស្រាអែលថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាបរិភោគ ហើយថ្វាយបង្គំព្រះទាំងនោះ។
3ពួកប្រុសៗរបស់អ៊ីស្រាអែលនាំគ្នាចូលរួមថ្វាយបង្គំព្រះបាលនៃស្រុកពេអ៊រ ព្រះអម្ចាស់ព្រះពិរោធទាស់នឹងពួកគេយ៉ាងខ្លាំង។
4ព្រះអម្ចាស់បានមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរសម្លាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយព្យួរពួកគេហាលថ្ងៃនៅចំពោះមុខយើង ដើម្បីឲ្យពិរោធរបស់យើងអាចបែរចេញពីជនជាតិអ៊ីស្រាអែល»។
5ដូចេ្នះ លោកម៉ូសេបានមានប្រសាសន៍ទៅពួកមេដឹកនាំរបស់ជនអ៊ីស្រាអែលថា៖ «អ្នករាល់គ្នាត្រូវសម្លាប់ប្រជាជនរបស់ខ្លួនដែលចូលរូមថ្វាយបង្គំព្រះព្រះបាលពេអ៊រចោល!»។
6ពេលនោះ មានបុរសជាតិអ៊ីស្រាអែលម្នាក់បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់ ចូលមកក្នុងចំណោមគ្រួសាររបស់ខ្លួន។ ការនេះកើតឡើងនៅមុខលោកម៉ូសេ និងនៅមុខសហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារត្រសាលប្រជុំ។
7នៅពេលដែលលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់បូជាចារ្យអើរ៉ុនឃើញដូច្នេះ គាត់ក៏ក្រោកឡើងក្នុងចំណោមសហគមន៍ ទាំងកាន់លំពែងនៅដៃរបស់គាត់។
8គាត់តាមបុរសជនជាតិអ៊ីស្រាអែលនោះរហូតដល់ក្នុងត្រសាលរបស់គេ ហើយយកលំពែងចាក់ទម្លុះអ្នកទាំងពីរ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែលក៏ឈប់ទៅវិញ។
9អ្នកដែលស្លាប់ក្នុងគ្រោះកាចនេះមានចំនួនពីរម៉ឺនបួនពាន់នាក់។
10ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ ហើយមានបន្ទូលថា៖
11«ភីនេហាស ជាកូនរបស់បូជាចារ្យអេឡាសារ បានបង្វែរកំហឹងរបស់យើងចេញពីប្រជាជនអ៊ីស្រាអែល ពីព្រោះគាត់បានឈឺឆ្អាលចំពោះក្តីប្រចណ្ឌរបស់យើងក្នុងចំណោមជនជាតិអ៊ីស្រាអែល។ ដូច្នេះ យើងមិនបំផ្លាញកូនចៅអ៊ីស្រាអែលដោយព្រោះកំហឹងរបស់យើងទេ។
12ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «មើល៍! យើងប្រទានសម្ពន្ធមេត្រីដែលផ្ដល់សន្តិភាពដល់ភីនេហាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអើរ៉ុន
13សម្រាប់គេ និងពូជពង្សរបស់គេដែលមកតាមក្រោយ។ នោះគឺជាសម្ពន្ធមេត្រីរបស់បូជាចារ្យដ៏នៅអស់កល្បជានិច្ច ពីព្រោះគេបានប្រចណ្ឌជំនួសយើងជាព្រះរបស់គេ។ គេបានធ្វើពិធីលោះបាបសម្រាប់ជនជាតិអ៊ីស្រាអែលហើយ។
14បុរសជនជាតិអ៊ីស្រាអែល ដែលត្រូវបានសម្លាប់រួមជាមួយស្ត្រីជនជាតិម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនប្រុសរបស់លោកសាលូវ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម្មាន។
15រីឯស្ត្រីជនជាតិម៉ាឌាន ដែលត្រូវបានសម្លាប់នោះ ឈ្មោះនាងកូសប៊ីជាកូនស្រីរបស់លោកស៊ើរ ដែលជាមេលើកុលសម្ព័ន្ធមួយ និងជាមេលើគ្រួសារមួយនៅក្នុងជនជាតិម៉ាឌាន។
16ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
17«ចូរចាត់ទុកជនជាតិម៉ាឌានជាសត្រូវ ហើយវាយប្រហារពួកគេទៅ
18ដ្បិត ពួកបានចាត់ទុកអ្នកជាខ្មាំងសត្រូវ ទាំងបោកបញ្ឆោតផង។ ពួកគេបាននាំអ្នកចូលក្នុងសេចក្តីអាក្រក់ក្នុងព្រឹត្តិការណ៍នៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនស្រីរបស់មេដឹកនាំជនជាតិម៉ាឌាន ដែលត្រូវបានសម្លាប់ក្នុងថ្ងៃនៃគ្រោះកាចក្នុងព្រឹត្តិការណ៍នៅពេអ៊រនោះ»។