1នៅពេលដែលព្រះបាទអើរ៉ាត ជាស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប បានឮថាជនជតិអ៊ីស្រាអែលកំពុងតែធ្វើដំណើរតាមផ្លូវស្រុកអថារីម ស្ដេចក៏ចេញមកច្បាំងនឹងជនជតិអ៊ីស្រាអែល ហើយបានចាប់ពួកគេខ្លះជាឈ្លើយ។
2ជនជតិអ៊ីស្រាអែលបានស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គប្រទានឲ្យពួកយើងមានជ័យជម្នះលើជនជាតិនេះ នោះពួកយើងនឹងបំផ្លាញក្រុងទាំងប៉ុន្មានរបស់ពួកគេឲ្យខ្ទេច»។
3ព្រះអម្ចាស់បានស្តាប់តាមពាក្យរបស់ជនជតិអ៊ីស្រាអែល ហើយព្រះអង្គបានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន។ ជនជតិអ៊ីស្រាអែលបានបំផ្លាញពួកគេ និងទីក្រុងទាំងឡាយរបស់ពួកគេអស់។
4ជនជតិអ៊ីស្រាអែលបានធ្វើដំណើរពីភ្នំហោរតាមផ្លូវទៅសមុទ្រកក់ដើម្បីវាងស្រុកអេដុម ប៉ុន្ដែ នៅតាមផ្លូវប្រជាជនបាក់ទឹកចិត្តជាខ្លាំង។
5ពេលនោះប្រជាជនក៏និយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោកម៉ូសេដោយពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញមកពីស្រុកអេស៊ីបឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? នៅទីនេះគ្មាននំប៉័ង គ្មានទឹក ហើយពួកយើងធុញនឹងអាហារដ៏គម្រក់នេះណាស់»។
6នោះ ព្រះអម្ចាស់បានបញ្ជូនពស់ពិសមកក្នុងចំណោមប្រជាជន។ ពស់បានចឹកប្រជាជន ហើយប្រជាជនជាច្រើននាក់បានស្លាប់។
7ប្រជាជនបានមកជួបលោកម៉ូសេហើយនិយាយថា៖ «ពួកយើងបានធ្វើបាប ពីព្រោះពួកយើងបាននិយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោក។ សូមលោកអធិស្ឋានដល់ព្រះអម្ចាស់ សូមព្រះអង្គយកពស់ទាំងនេះចេញឲ្យឆ្ងាយពីពួកយើងទៅ»។ ដូូច្នេះ លោកម៉ូសេក៏បានអធិស្ឋានសម្រាប់ប្រជាជន។
8ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរធ្វើពស់មួយ ហើយដាក់នៅលើបង្គោល។ អស់អ្នកណាដែលត្រូវពស់ចឹក បានមកមើលពស់នោះ គេនឹងមិនស្លាប់ទេ»។
9ដូច្នេះ លោកម៉ូសេបានធ្វើពស់ពីលង្ហិន ហើយយកវាទៅដាក់នៅលើបង្គោលមួយ។ នៅពេលពស់ចឹកនរណាម្នាក់ ប្រសិនបើ គេបានសម្លឹងមើលពស់លង្ហិននោះ គេមិនស្លាប់ឡើយ។
10បន្ទាប់មក ប្រជាជនអ៊ីស្រាអែលក៏បានបន្តធ្វើដំណើរទៀត ហើយបានទៅបោះជំរំនៅអូបូត។
11ពួកគេបានធ្វើដំណើរពីទីនោះទៅបោះជំរំនៅអីយេអាបារីមក្នុងទីរហោរស្ថាន ដែលជាប់ព្រំប្រទល់ខាងកើតស្រុកម៉ូអាប់។
12ហើយពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅជ្រលងភ្នំសេរេឌ។
13បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីទីនោះទៀត ទៅបោះជំរំនៅត្រើយម្ខាងស្ទឹងអើណូន ជាស្ទឹងដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមទីរហោស្ថាន។ ស្ទឹងអើណូនបង្កើតបានជាព្រំប្រទល់របស់ស្រុកម៉ូអាប់ គឺជាព្រំប្រទល់រវាងស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
14ហេតុនេះហើយបានជាមានគេនិយាយនៅក្នុងសៀវភៅសង្គ្រាមរបស់ព្រះអម្ចាស់ពី៖ «ស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន
15ព្រមទាំងជម្រាលភ្នំដែលលជ្រាលទៅក្រុងអើរ ហើយចុះទៅរហូតដល់ព្រំប្រទល់ស្រុកម៉ូូអាប់»។
16ពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅប្អៀរ គឺត្រង់អណ្ដូងទឹកដែលព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រមូលប្រជាជនមកជួបជំុគ្នា យើងនឹងឲ្យទឹកពួកគេ»។
17បន្ទាប់មក ជនជាតិអ៊ីីស្រាអែលបានច្រៀងចម្រៀងថា៖
18«អណ្ដូងអើយ! ចូរផុសទឹកចេញមក! ចូរយើងច្រៀងអំពីអណ្ដូងនោះ។ ជាអណ្ដូងដែលអ្នកដឹកនាំរបស់យើងបានជីក ជាអណ្ដូងដែលពួកអ្នកត្រកូលខ្ពស់បានជីក ដោយដំបងរាជ និងដំបងរបស់ពួកគេ»។ បន្ទាប់មក ពួកគេបានធ្វើដំណើរពីទីរហោស្ថានទៅដល់ម៉ាថាណា។
19ពីម៉ាណាថា ពួកគេបានធ្វើដំណើរទៅដល់ណាហាលាល ពីណាហាលាលទៅបាម៉ុត
20ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់។ ទីនោះគឺជាកំពូលភ្នំពីស្កា ដែលមើលទៅឃើញទីរហោស្ថាន។
21បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានបានចាត់អ្នកនាំសារទៅព្រះបាទស៊ីហុនស្ដេចជនជាតិអាម៉ូរី ឲ្យទូលស្ដេចថា៖
22«សូមអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនងាកមើលស្រែ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ គឺពួកយើងនឹងដើរតាមផ្លូវធំរបស់ស្ដេច រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ។
23ប៉ុន្តែ ព្រះបាទស៊ីហុនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់ព្រំស្រុករបស់ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់ព្រះអង្គទៅវាយប្រហារជនជាតិអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
24ជនជាតិអ៊ីស្រាអែលបានវាយប្រហារកងទ័ពរបស់ព្រះបាទស៊ីហុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ស្រុករបស់ជនជាតិអាំម៉ូន រីឯព្រំប្រទល់របស់ជនជាតិអាំម៉ូន មានកំពែងរឹងមាំណាស់។
25ដូច្នេះ ជនជតិអ៊ីស្រាអែលវាយយកបានទីក្រុងទាំងអស់របស់ជនជាតិអាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិទាំងអស់របស់ក្រុងនោះផង។
26ក្រុងហែសបូន គឺជាទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលបានច្បាំងនឹងស្ដេចមុនរបស់ជនជាតិម៉ូអាប់។ ព្រះបាទស៊ីហុន បានវាយដណ្ដើមយកទឹកដីរបស់ស្ដេចនោះរហូតដល់ស្ទឹងអើណូន។
27ហេតុនេះហើយបានជាអស់អ្នកដែលសរសេរកកំណាព្យបានសរសេរថា៖ «ចូរមកក្រុងហែសបូន! ចូរសង់ទីក្រុងរបស់ព្រះបាទស៊ីហុនឡើងវិញ ចូរសង់ទីក្រុងនេះម្ដងទៀត!
28បន្ទាប់ពីមានភ្លើងឆេះពីក្រុងហែសបូន អណ្ដាតភ្លើងពីទីក្រុងរបស់ព្រះបាទស៊ីហុនដែលឆេះបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ និងម្ចាស់នៃទីខ្ពស់ៗរបស់ស្ទឹងអើណូន។
29ជនជាតិម៉ូអាប់អើយ! អ្នកវេទនាហើយ! ប្រជាជនរបស់ព្រះកេម៉ូសអើយ! អ្នកវិនាសហើយ។ ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ភៀសខ្លួន ហើយកូនស្រីរបស់ខ្លួនត្រូវក្លាយជាអ្នកទោសរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។
30ប៉ុន្តែ ពួកយើងមានជ័យជម្នះលើព្រះបាទស៊ីហុន។ ក្រុងហែសបូនត្រូវវិនាសរហូតដល់ឌីបូន។ យើងបានកម្ទេចពួកគេរហូតដល់ណូផា គឺរហូតដល់មេឌីបា»។
31ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងស្រុករបស់ជនជាតិអាម៉ូរី។
32បន្ទាប់មក លោកម៉ូសេបានចាត់មនុស្សឲ្យទៅអង្កេតមើលក្រុងយ៉ាស៊ើរ។ ពួកគេបានចាប់យកភូមិទាំងឡាយរបស់ក្រុងនោះ ហើយក៏បានបណ្ដេញជនជាតិអាម៉ូរីចេញពីទីនោះដែរ។
33បន្ទាប់មក ពួគគេបានត្រឡប់មកវិញ ហើយបានធ្វើដំណើរឡើងទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចនស្រុកបាសាន បានលើកទ័ពចេញមកច្បាំងនឹងពូកគេនៅអេទ្រី។
34ពេលនោះព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «កុំខ្លាចគេឡើយ! ដ្បិត យើងបានឲ្យអ្នកមានជ័យជម្នះលើស្ដេចនេះហើយ ហើយក៏ប្រគល់កងទ័ពទាំងអស់របស់គេ និងស្រុករបស់គេឲ្យអ្នកដែរ។ ចូរប្រព្រឹត្តចំពោះគេ ដូចដែលបានប្រព្រឹត្តចំពោះព្រះបាទស៊ីហុន ស្ដេចរបស់ជនជាតិអាម៉ូរីនៅក្រុងហែសបូនដែរ។
35ដូចេ្នះ ពួកគេបានសម្លាប់ស្ដេចនោះ និងកូនៗរបស់ស្ដេច ព្រមទាំងកងទ័ពរបស់ស្ដេចទាំងអស់ចោល គឺគ្មាននរម្នាក់នៅរស់ឡើយ។ ហើយជនជាតិអ៊ីស្រាអែលបានចាប់យកស្រុកនោះ។