1ដូច្នេះ សហគមន៍ប្រជាជនអ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅទីរហោស្ថានស៊ីននៅខែទីមួយ ហើយពួកគេបានស្នាក់នៅត្រង់កាដែស កន្លែងដែលលោកស្រីម៉ារាមស្លាប់ ហើយគេបានបញ្ចុះសពនៅទីនោះ។
2ពេលនោះ មិនមានទឹកសម្រាប់ សហគមន៍ប្រើប្រាស់ទេ ដូច្នេះ ពួកគេក៏បានប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុន។
3ប្រជាជននាំគ្នារអ៊ូរប្រឆាំងនឹងលោកម៉ូសេ ដោយពោលថា៖ «ប្រសិនបើ យើងខ្ញុំស្លាប់ជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានស្លាប់នៅចំពោះព្រះអម្ចាស់ នោះប្រសើរជាង!
4ហេតុអ្វីបានជាពួកលោកនាំសហគមន៍ របស់ព្រះអម្ចាស់មកក្នុងទីរហោស្ថាន ដើម្បីឲ្យស្លាប់នៅទីនេះ ជាមួយនឹងហ្វូងសត្វរបស់ពួកយើងដូច្នេះ?
5ហេុតអ្វីបានជាពួកលោកធ្វើឲ្យពួកយើងចាកចេញពីស្រុកអេស៊ីប ដើម្បីនាំពួកយើងមកកាន់ទឹកដីដ៏អាក្រក់បែបនេះ? ដ្បិត នៅទីនេះគ្មានគ្រាប់ពូជ គ្មានដើមល្វា គ្មានដើមទំពាំងបាយជូរ និងដើមទទឹម ហើយក៏គ្មានទឹកផឹកដែរ»។
6ដូច្នេះ លោកម៉ូសេ និងលោកអើរ៉ុនបានចេញទៅឆ្ងាយពីមុខក្រុមជំនុំ។ ពួកលោកបានទៅឯមាត់ទ្វារចូលត្រសាលប្រជុំ ហើយក៏ឱនមុខចុះ។ នៅពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកមកឲ្យពួកលោកឃើញ។
7ព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេ ដោយបន្ទូលថា៖
8«ចូរយកដំបងមក ហើយប្រមូលសហគមន៍ឲ្យជួបជុំគ្នា ទាំងអ្នក និងអើរ៉ុនបងប្រុសរបស់អ្នកដែរ។ ហើយចូរនិយាយទៅថ្មនៅចំពោះភ្នែកគេ ហើយបង្គាប់ថ្មឲ្យមានទឹកហូរចេញមក។ អ្នកនឹងធ្វើឲ្យមានទឹកចេញពីថ្មនោះសម្រាប់ពួកគេ ហើយអ្នកត្រូវឲ្យទឹកនោះទៅសហគមន៍ និងហ្វូងសត្វរបស់គេផឹក»។
9ពេលនោះ លោកម៉ូសេបានយកដំបងពីចំពោះព្រះអម្ចាស់ ដូចដែលព្រះអម្ចាស់បង្គាប់គាត់ឲ្យធ្វើ។
10បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន បានប្រមូលសហគមន៍ទាំងអស់មកជួបជុំគ្នានៅពីមុខថ្មនោះ។ លោកម៉ូសេបានមានប្រសាសន៍ទៅពួកគេថា៖ «ឥឡូវនេះសូមស្ដាប់ខ្ញុំ ពួកបះបោរអើយ! តើយើងត្រូវយកទឹកចេញពីថ្មីនេះសម្រាប់អ្នករាល់គ្នាឬ?»
11រួចលោកម៉ូសេបានលើកដំបងវាយថ្មនោះពីរដង នោះក៏មានទឹកជាច្រើនហូរចេញពីថ្មមក។ សហគមន៍បានផឹកទឹកនោះ ហើយហ្វូងសត្វរបស់ពួកគេក៏ផឹកដែរ។
12បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ «ពីព្រោះអ្នកមិនបានទុកចិត្តយើង និងមិនបានលើកយើងជាបរិសុុទ្ធនៅចំពោះភ្នែកកូនចៅអ៊ីស្រាអែល ពួកអ្នកនឹងមិនបាននាំក្រុមជំនុំនេះចូលទៅក្នុងទឹកដីដែលយើងបានប្រគល់ឲ្យអ្នកឡើយ។
13កន្លែងនេះត្រូវបានគេហៅថា ទឹកមេរីបា ដ្បិត កូនចៅអ៊ីស្រាអែលបានតវ៉ាជាមួយព្រះអម្ចាស់ ហើយព្រះអង្គបានសម្ដែងអង្គទ្រង់ជាបរិសុទ្ធនៅចំពោះពួកគេ។
14លោកម៉ូសេបានបញ្ជូនអ្នកនាំសារពីកាដែសឲ្យទៅជួបស្ដេចស្រុកអេដុម ហើយទូលស្ដេចថា៖ «កូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់ព្រះអង្គបាននិយាយបែបនេះថា
15ព្រះអង្គជ្រាបគ្រប់ទាំងការលំបាកបានកើតឡើងចំពោះពួកយើង ហើយព្រះអង្គក៏ដឹងដែរថា ដូនតារបស់យើងបានចុះទៅស្រុកអេស៊ីប និងបានរស់នៅទីនោះយ៉ាងយូរ។ នៅទីនោះជនជាតិអេស៊ីបបានប្រព្រឹត្តយ៉ាងសាហាវចំពោះពួកយើង និងដូនតារបស់យើង។
16នៅពេលដែលពួកយើងបានអំពាវនាវរកព្រះអម្ចាស់ ព្រះអង្គបានឮសម្លេងរបស់យើង ហើយព្រះអង្គបានចាត់ទេវតានាំពួកយើងចេញពីស្រុកអេស៊ីបមក។ មើល៍! ឥឡូវនេះ ពួកយើងនៅកាដែស ជាក្រុងនៅជាប់នឹងព្រំប្រទល់ស្រុករបស់ព្រះអង្គ។
17យើងខ្ញុំសូមព្រះអង្គអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនដើរឆ្លងកាត់ស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ។ ពួកយើងនឹងធ្វើដំណើរតាមផ្លូវធំរបស់ស្ដេច ហើយក៏នឹងមិនងាកទៅឆ្វេង ឬទៅស្ដាំឡើយ រហូតទាល់តែពួកយើងឆ្លងផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ»។
18ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបទៅគាត់ថា៖ «ពួកលោកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ បើអស់លោកនៅតែដើរឆ្លងកាត់ យើងនឹងមកវាយប្រហារអស់លោកដោយដាវជាមិនខាន»។
19នោះ កូនចៅអ៊ីស្រាអែលបានទូលស្ដេចទៀតថា៖ «ពួកយើងគ្រាន់តែដើរតាមផ្លូវធំទេ ប្រសិនបើ ពួកយើង ឬហ្វូងសត្វរបស់ពួកយើងផឹកទឹករបស់ព្រះអង្គ នោះពួកយើងនឹងចេញថ្លៃសង។ សូមគ្រាន់តែអនុញ្ញាតឲ្យពួកយើងដើរឆ្លងកាត់ដោយថ្មើរជើងតែប៉ុណ្ណោះ គឺពួកយើងមិនធ្វើអ្វីផ្សេងឡើយ»។
20ប៉ុន្ដែ ស្ដេចស្រុកអេដុមបានតបទៀតថា៖ «អស់លោកមិនអាចដើរឆ្លងកាត់ស្រុកនេះបានទេ»។ ដូច្នេះហើយ ស្ដេចស្រុកអេដុមបានលើកទ័ពជាច្រើន និងអាវុធគ្រប់ដៃចេញទៅទាស់នឹងជនជាតិអ៊ីស្រាអែល។
21ស្ដេចស្រុកអេដុមបានបដិសេធមិនឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ស្រុករបស់ខ្លួនទេ។ ហេតុនេះហើយបានជា ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេដុម។
22ដូច្នេះ ប្រជាជនបានធ្វើដំណើរចាកចាញពីកាដែស។ ប្រជាជនអ៊ីស្រាអែល គឺសហគមន៍ទាំងមូល បានទៅដល់ភ្នំហោរ។
23ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុននៅភ្នំហោរជាប់ព្រំប្រទល់ស្រុកអេដុមថា៖
24«លោកអើរ៉ុនត្រូវទៅជួបជុំនឹងដូនតារបស់គាត់ហើយ ដ្បិត គាត់មិនអាចចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលទេ។ នេះព្រោះតែអ្នកទាំងពីរបានបះបោរប្រឆាំងនឹងសំដីរបស់យើងនៅត្រង់ទឹកមេរីបា។
25ចូរនាំលោកអើរ៉ុន និងលោកអេលាសារ កូនប្រុសរបស់គាត់ហើយនាំពួកគេឡើងមកភ្នំហោរ។
26ចូរដោះសម្លៀកបំពាក់បូជាចារ្យពីខ្លួនលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់គាត់។ ដ្បិត លោកអើរ៉ុនត្រូវស្លាប់ទៅជួបជុំជាមួយបងប្អូនរបស់គាត់នៅទីនោះ»។
27លោកម៉ូសេបានធ្វើដូចដែលព្រះអម្ចាស់បង្គាប់គាត់។ ពួកគេបានឡើងទៅភ្នំហោរនៅចំពោះមុខសហគមន៍ទាំងមូល។
28លោកម៉ូសេបានដោះសម្លៀកបំពាក់បូជាចារ្យពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេលាសារកូនប្រុសរបស់លោកអើរ៉ុន។ លោកអើរ៉ុនបានស្លាប់នៅលើកំពូលភ្នំហោរនោះ។ បន្ទាប់មក លោកម៉ូសេ និងលោកអេលាសាបានចុះពីលើភ្នំមកវិញ។
29នៅពេលសហគមន៍ទាំងមូលបានឃើញថា លោកអើរ៉ុនស្លាប់ ប្រជាជនទាំងអស់បាននាំគ្នាយំកាន់ទុក្ខសម្រាប់គាត់រយៈពេលសាមសិបថ្ងៃ។