1លោកកូរេជាកូនប្រុសរបស់លោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវី ជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនប្រុសរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនប្រុសរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។
2ពួកគេបាននាំគ្នាងើបបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានមនុស្សផ្សេងទៀតពីប្រជាជនអ៊ីស្រាអែលដែលសុទ្ធតែជាមេដឹកនាំរបស់សហគមន៍ និងមនុស្សគ្រប់គ្នាស្គាល់ច្បាស់ ចំនួនពីររយហាសិបនាក់បានចូលរួមដែរ។
3ពួកគេបានប្រមូលផ្ដុំគ្នាតតាំងជាមួយលោកម៉ូសេ និងលោកអ៊ើរ៉ុន។ ពួកនោះបាននិយាយទៅលោកទាំងពីរថា៖ «ពួកលោកធ្វើជ្រុលពេកហើយ! សហគន៍ទាំងមូលសុទ្ធតែបានញែកដាច់ដោយឡែក ហើយព្រះអម្ចាស់គង់ក្នុងចំណោមពួកគេដែរ។ ហេតុអ្វីបានជាពួកលោក លើកខ្លួនឯងខ្ពស់ជាងមនុស្សផ្សេងទៀតក្នុងសហគមន៍របស់ព្រះអម្ចាស់ដូច្នេះ?»
4នៅពេលដែលលោកម៉ូសេបានឮដូច្នេះ លោកបានឱនមុខចុះ។
5លោកបាននិយាយទៅលោកកូរេថា និងអស់អ្នកដែលនៅជាមួយលោកកូរេថា៖ «នៅព្រឹកនេះ ព្រះអម្ចាស់នឹងធ្វើឲ្យគ្រប់គ្នាដឹងថា តើអ្នកណាជារបស់ព្រះអង្គ ហើយអ្នកណាដែលត្រូវបានញែកដាច់ដោយឡែកសម្រាប់ព្រះអង្គ ព្រះអង្គនឹងនាំមនុស្សទាំងនោះចូលទៅជិតព្រះអង្គ គឺអ្នកណាដែលព្រះអង្គជ្រើសរើស ព្រះអង្គនឹងនាំចូលជិតព្រះអង្គ។
6សូមធ្វើបែបនេះ លោកកូរេ និងបក្សពួករបស់អ្នក
7គឺស្អែកនេះ ត្រូវយកពានមករៀងៗខ្លួនមក ហើយដាក់ភ្លើង និងគ្រឿងក្រអូបក្នុងនោះនៅចំពោះព្រះអម្ចាស់។ អ្នកណាដែលព្រះអម្ចាស់ជ្រើសរើស អ្នកនោះនឹងត្រូវបានញែកដាច់ដោយឡែកសម្រាប់ព្រះអម្ចាស់។ ពូជពង្សដ៏អាក្រក់អើយ! អ្នករាល់គ្នាធ្វើជ្រុលពេកហើយ»។
8លោកម៉ូសេបានមានប្រសាសន៍ទៅលោកកូរេទៀតថា៖ «ឥឡូវនេះ កូនចៅលេវីអើយ! សូមស្ដាប់ខ្ញុំ
9តើការដែលព្រះជាម្ចាស់បានញែកអ្នកដាច់ដោយឡែកពីសហគមន៍អ៊ីស្រាអែល នាំអ្នកចូលជិតព្រះអង្គ បម្រើកិច្ចការរបស់ព្រះអង្គនៅក្នុងរោងឧបោសថ ហើយឲ្យឈរនៅមុខសហគមន៍ដើម្បីបម្រើពួកគេ ជាការតូចតាចឬ?
10ព្រះអង្គបាននាំអ្នក និងពូជពង្សរបស់លេវីជាបងប្អូនរបស់អ្នកចូលជិតព្រះអង្គ ប៉ុន្តែ អ្នកនៅតែចង់បានតំណែងជាបូជាចារ្យថែមទៀត។
11ហេតុនេះហើយបានជា អ្នក និងបក្សពួករបស់អ្នកបានប្រមូូលផ្ដុំគ្នាប្រឆាំងនឹងព្រះអម្ចាស់។ ហេតុអ្វីបានជាអ្នករអ៊ូរទាំប្រឆាំងនឹងលោកអ៊ើរ៉ុន ដែលជាអ្នកស្ដាប់បង្គាប់ព្រះអម្ចាស់ដូច្នេះ?»។
12បន្ទាប់មក លោកម៉ូសេបានឲ្យគេទៅហៅលោកដាថាន និងលោកអប៊ីរ៉ាម ជាកូនរបស់លោកអេលាប ប៉ុន្តែ លោកទាំងពីរនិយាយថា៖ «ពួកយើងមិនឡើងទៅទេ។
13តើការដែលអ្នកបាននាំពួកយើងចេញមកពីស្រុកដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្ញុំ ដើម្បីសម្លាប់ពួកយើងនៅក្នុងទីរហោស្ថាននេះ តើជារឿងតូចតាចឬ? ឥឡូវនេះ អ្នកចង់តាំងខ្លួនអ្នកធ្វើជាអ្នកដឹកនាំយើងទៀត។
14លើសពីនេះទៀត អ្នកមិនបាននាំពួកយើងចូលទៅក្នុងស្រុកដែលសម្បូរទៅដោយទឹកដោះ និងទឹកឃ្មុំទេ ហើយក៏មិនបានឲ្យស្រែ និងចម្ការទំពាំងបាយជូរមកពួកយើងទុកជាមរតកដែរ»។
15លោកម៉ូសេខឹងយ៉ាងខ្លាំង ហើយបានទូលដល់ព្រះអម្ចាស់ថា៖ សូមព្រះអង្គកុំទទួលតង្វាយរបស់ពួកគេអី។ ទូលបង្គំមិនបានយកសត្វលាមួយក្បាលពីពួកគេឡើយ ហើយទួលបង្គំក៏មិនបានធ្វើឲ្យពួកគេណាម្នាក់ឈឺចាប់ដែរ»។
16បន្ទាប់មក លោកម៉ូសេបានមានប្រសាសន៍ទៅលោកកូរេថា៖ «ស្អែកនេះ អ្នក និងបក្សពួករបស់អ្នកទាំងអស់គ្នត្រូវចូលទៅចំពោះព្រះអម្ចាស់ គឺទាំងអ្នក ទាំងពួកគេ ព្រមទាំងលោកអ៊ើរ៉ុនផងដែរ។
17ម្នាក់ៗត្រូវយកពានរបស់ខ្លួនមក ហើយដាក់ភ្លើងនៅក្នុងនោះផង។ មនុស្សម្នាក់ៗត្រូវយកពានរបស់ខ្លនចូលទៅចំពោះព្រះអម្ចាស់ គឺពីររយហាសិបពាន។ អ្នក និងលោកអ៊ើរ៉ុនក៏ត្រូវយកពានរបស់ខ្លួនទៅដែរ។
18ដូច្នេះ មនុស្សគ្រប់គ្នាបានយកពានរបស់ខ្លួនទាំងដាក់ភ្លើង ទាំងដាក់គ្រឿងក្រអូបនៅក្នុងនោះមក ហើយបានឈរនៅច្រកទ្វារចូលត្រសាលប្រជុំជាមួយលោកម៉ូសេ និងលោកអើរ៉ុន។
19លោកកូរេបានប្រមូលសហគមន៍ទាំងមូលប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុននៅច្រកទ្វារចូលត្រសាលជួបជុំ ពេលនោះសិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមកឲ្យសហគមន៍ទាំងមូលបានឃើញ។
20បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ និងលោកអ៊ើរ៉ុនថា៖
21«ចូរញែកខ្លួនដោយឡែកចេញពីចំណោមសហគមន៍នេះ ដែលយើងនឹងបំផ្លាញពួកគេឲ្យវិនាសឥឡូវនេះ»។
22លោកម៉ូសេ និងលោកអ៊ើរ៉ូនឱនមុខចុះ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ព្រះអង្គជាព្រះនៃវិញ្ញណរបស់មនុស្សទាំងអស់ បើមនុស្សតែម្នាក់ប្រព្រឹត្តអំពើបាប តើព្រះអង្គត្រូវខឹងនឹងសហគមន៍ទាំងមូលឬ?»
23ព្រះអម្ចាស់ឆ្លើយមកលោកម៉ូសេវិញ។ ព្រះអង្គមានបន្ទូលថា៖
24«ចូរប្រាប់ទៅសហគមន៍នេះថា ចូរនាំគ្នាចេញឲ្យឆ្ងាយពីត្រសាលរបស់លោកកូរេ ត្រសាលរបស់លោកដាថាន និងត្រសាលរបស់លោកអប៊ីរ៉ាមទៅ»។
25នោះលោកម៉ូសេបានក្រោកឡើង ហើយដើរទៅរកលោកដាថាន និងលោកអប៊ីរ៉ាម ទាំងមានមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយគាត់ដែរ។
26គាត់បានមានប្រសាសន៍ទៅសហគមន៍ទាំងមូលថា៖ «ឥឡូវនេះ ចូរនាំគ្នាចាកចេញពីត្រសាលរបស់ពួកមនុស្សអាក្រក់នេះ ហើយកុំប៉ះពាល់អ្វីរបស់ពួកគេឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាក៏នឹងត្រូវបំផ្លាញដោយព្រោះអំពើបាបរបស់ពួកគេដែរ។
27ដូច្នេះ សហគមន៍ដែលនៅជិតនឹងត្រសាលរបស់លោកកូរេ លោកដាថាន និងលោកអប៊ីរ៉ាមបានចាកចេញឆ្ងាយពីពួកគេ។ លោកដាថាន និងលោកអប៊ីរ៉ាមបានចេញមកឈរនៅច្រកទ្វារត្រសាលរបស់ខ្លូន ជាមួយនឹងប្រពន្ធ និងកូនៗរបស់ពួកគេ។
28នោះ លោកម៉ូសេបានមានប្រសាសន៍ថា៖ «តាមរយៈការនេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកធ្វើការទាំងអស់នេះមែន ដ្បិត ខ្ញុំមិនបានធ្វើការទាំងនោះដោយចិត្តខ្លួនឯងឡើយ។
29ប្រសិនបើ បុរសទាំងនេះស្លាប់តាមបែបធម្មជាតិ ដូចជាការស្លាប់ផ្សេងៗដែលធ្លាប់កើតឡើង នោះបានន័យថា ព្រះអម្ចាស់មិនបានចាត់ខ្ញុំឲ្យមកទេ។
30ប៉ុន្តែប្រសិនបើ ព្រះអម្ចាស់ធ្វើឲ្យដីបើកឡើងហើយលេបពួកគេចូលដូចជាចូលក្នុងមាត់មួយយ៉ាងធំ ជាមួយនឹងក្រុមគ្រួសារទាំងអស់របស់ពួកគេ ហើយបើពួកគេធ្លាក់ចូូលទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នាត្រូវយល់ថា បុរសទាំងនេះបានមើលងាយព្រះអម្ចាស់»
31ពេលលោកម៉ូសេមានប្រសាសន៍ចប់ភ្លាម ដីនៅពីក្រោមមនុស្សទាំងនេះក៏បើកឡើង។
32ផែនដីបានបើកមាត់របស់វា ហើយលេបពួកគេ ក្រុមគ្រួសាររបស់គេ និងមនុស្សរបស់លោកកូេរ ព្រមទាំងអ្វីទាំងអស់ដែលជាកម្មសិទ្ធិរបស់ពួកគេចូលអស់ទៅ។
33ពួកគេ និងមនុស្សទាំងអស់នៅក្នុងគ្រួសាររបស់ពួកគេបានធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់។ ផែនដីបានបិទគ្របពីលើពួកគេ គឺពួកគេបានស្លាប់បែបនេះពីចំកណ្ដាលណោមសហគមន៍។
34កូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជុំវិញពួកគេ បានរត់គេចចេញពីសម្រែករបស់ពួកគេ ដោយពោលថា៖ «ដីនឹងលេបពួកយើងចូលដែរ!»។
35ពេលនោះ អណ្ដាតភ្លើងបានចេញមកពីព្រះអម្ចាស់មកបញ្ឆេះមនុស្សពីររយហាសិបនាក់ដែលកពុងតែថ្វាយគ្រឿងក្រអូប។
36ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេម្តងទៀត ដោយបន្ទូលថា៖
37«ចូរប្រាប់ លោកអេឡាសារ កូនប្រុសរបស់បូជាចារ្យអ៊ើរ៉ុន ឲ្យគេយកពានចេញពីអណ្ដាតភ្លើង ដ្បិត ពាននេះត្រូវញែកដាច់ដោយឡែកសម្រាប់យើង។ ហើយឲ្យគេយកកម្ទេចធ្យូងចោលឲ្យឆ្ងាយ
38រួចត្រូវយកពានរបស់អ្នកដែលស្លាប់ដោយព្រោះតែអំពើរបាបរបស់ខ្លួន ទៅដំជាបន្ទះសម្រាប់ស្រោបកន្លែងថ្វាយតង្វាយ។ ដ្បិត ពួកគេបានថ្វាយរបស់ទាំងនោះនៅចំពោះយើងហើយ ដូច្នេះ របស់ទាំងនេះត្រូវបានញែកដោយឡែកសម្រាប់យើង។ វានឹងបានជាទីសម្គាល់នៃវត្តមានរបស់យើងចំពោះប្រជាជនអ៊ីស្រាអែល»។
39លោកបូជាចារ្យអេឡាសារបានយកពានលង្ហិន ជារបស់ដែលមនុស្សបានឆេះភ្លើងស្លាប់នេះធ្លាប់ប្រើ ទៅដំជាបន្ទះសម្រាប់គ្រប់ស្រោបអាសនា។
40ដើម្បីទុកជាការរំឭកដល់ប្រជាជនអ៊ីស្រាអែលថា ក្រៅពីកូនចៅរបស់លោកអ៊ើរ៉ុន គ្មានអ្នកអាចចូលទៅដុតគ្រឿងក្រអូបនៅចំពោះព្រះអម្ចាស់បានឡើយ ដើម្បីកុំឲ្យពួកគេបានដូចជាលោកកូរេ និងបក្សពួករបស់គាត់ ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។
41ប៉ុន្តែ នៅព្រឹកស្អែកឡើងសហគមន៍កូនចៅអ៊ីស្រាអែលទាំងមូលបានរអ៊ូរទាំទាស់នឹងលោកម៉ូសេ និងលោកអ៊ឺរ៉ុនទៀត។ ពួកគេបានពោលថា៖ «លោកបានសម្លាប់ប្រជារាស្ត្ររបស់ព្រះអម្ចាស់»។
42នៅពេលដែលហសគមន៍ប្រមូលគ្នាប្រឆាំងនឹងលោកម៉ូសេ និងលោកអើរ៉ុន ខណៈពេលដែលពួកគេបែរមុខមើលទៅត្រសាលប្រជុំ ហើយមើល៍! មានពពកគ្របពីលើត្រសាលជិត។ សិរីរុងរឿងរបស់ព្រះអម្ចាស់បានលេចមក
43ហើយលោកម៉ូសេ និងលោកអើរ៉ុនបានមកឈរពីមុខត្រសាលប្រជុំនោះ។
44បន្ទាប់មក ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖
45«ចូរចេញឲ្យឆ្ងាយពីមុខសហគមន៍នេះ ដ្បិត យើងនឹងកម្ទេចពួកគេឲ្យវិនាសភ្លាមនេះ»។ ពេលនោះ លោកម៉ូសេ និងលោកអើរ៉ុនបានឱនមុខក្រាបចុះដល់ដី។
46លោកម៉ូសេបានប្រាប់ទៅលោកអើរ៉ុនថា៖ «ចូរយកពាន ហើយដាក់ភ្លើងលើវា ដែលយកចេញពីកន្លែងថ្វាយតង្វាយ ហើយដាក់គ្រឿងក្រអូបក្នុងនោះ យកទៅសហគមន៍ជាប្រញាប់ រួចធ្វើពិធីដោះបាបឲ្យពួកគេទៅ ពីព្រោះ សេចក្តីក្រោធកំពុងមកពីព្រះអម្ចាស់។ គ្រោះកាចក៏បានចាប់ផ្ដើមហើយដែរ»។
47ដូច្នេះ លោកអើរ៉ុនក៏បានធ្វើតាមការណែនាំរបស់លោកម៉ូសេ។ គាត់បានរត់ចូលទៅកណ្ដាលសហគមន៍។ គ្រោះកាចក៏បានចាប់ផ្ដើមកើតឡើងភ្លាមមួយរំពេច រាលដាលពេញក្នុងចំណោមបណ្ដាជន។ ដូច្នេះ គាត់បានដាក់គ្រឿងក្រអូបចូលក្នុងពាន ហើយក៏ធ្វើពិធីដោះបាបឲ្យប្រជាជន។
48លោកអើរ៉ុនឈរនៅចន្លោះរវាងមនុស្សស្លាប់ និងមនុស្សរស់ ដោយធ្វើបែបនេះ គ្រោះកាចក៏បាត់ភ្លាម។
49អ្នកដែលស្លាប់ដោយសារគ្រោះកាចមានចំនួនមួយម៉ឺនបួនពាន់ប្រាំពីររយនាក់ ដោយមិនគិតអ្នកស្លាប់ក្នុងពេលលោកកូរេបះបោះទេ។
50លោកអើរ៉ុនបានត្រឡប់ទៅលោកម៉ូសេនៅច្រកទ្វារចូលត្រសាលប្រជុំវិញ ហើយគ្រោះកាចក៏បាត់ដែរ។