1នៅថ្ងៃនោះ គេអានគម្ពីរលោកម៉ូសេឲ្យប្រជាជនស្ដាប់។ ហើយគេប្រទះឃើញសេចក្ដីដែលចែងទុកមកថា ពួកជនជាតិអាំម៉ូន និងពួកជនជាតិម៉ូអាប់ មិនត្រូវចូលទៅក្នុងក្រុមជំនុំនៃព្រះឡើយ។
2ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអុីស្រាអែលទេ ប៉ុន្តែពួកគេបានជួលលោកបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ។ ប៉ុន្តែ ព្រះអម្ចាស់នៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
3កាលប្រជាជនបានឮក្រឹត្យវិន័យនេះភ្លាម គេក៏ញែកជនជាតិអុីស្រាអែល ចេញពីពួកជនជាតិដទៃ។
4មុនហេតុការណ៍នេះ សង្ឃអេលីយ៉ាស៊ីប ត្រូវបានតែងតាំងឲ្យមើលខុសត្រូវលើបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ហើយលោកគឺជាសាច់ញាតិនឹងលោកថូប៊ីយា។
5លោកអេលីយ៉ាសុីបបានរៀបចំបន្ទប់មួយធំសម្រាប់លោកថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកអ្នកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកបូជាចារ្យ។
6ប៉ុន្តែការនេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ។ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតដើម្បីចាកចេញពីស្តេច។
7ហើយវិលមកក្រុងយេរូសាឡិមវិញ។ ហើយពេលនោះ ខ្ញុំឃើញអំពើអាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត ដោយរៀបចំបន្ទប់មួយសម្រាប់លោកថូប៊ីយ៉ា នៅក្នុងទីលានព្រះដំណាក់របស់ព្រះជាម្ចាស់។
8ខ្ញុំបានខឹងខ្លាំងណាស់ ហើយខ្ញុំក៏យកប្រដាប់ប្រដានៅក្នុងផ្ទះទាំងប៉ុន្មាន ដែលជារបស់លោកថូប៊ីយ៉ា បោះចេញទៅខាងក្រៅបន្ទប់។
9បន្ទាប់មក ខ្ញុំបង្គាប់ឲ្យគេសម្អាតបន្ទប់ រួចខ្ញុំយកគ្រឿងប្រដាប់នៃព្រះដំណាក់របស់ព្រះ ព្រមទាំងតង្វាយម្សៅ និងកំញាន ទៅដាក់នៅទីនោះជំនួសវិញ។
10ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកអ្នកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។
11ដូច្នេះ ខ្ញុំបានបន្ទោសពួកមេគ្រប់គ្រងថា៖ «ហេតុអ្វីបានជាព្រះដំណាក់របស់ព្រះជាម្ចាស់្រូវបានបោះបង់ចោលដូច្នេះ?» ខ្ញុំក៏ប្រមូលពួកលេវី ហើយដាក់ពួកគេឲ្យបំពេញតួនាទីរបស់ខ្លួនវិញ។
12ពេលនោះ ពួកយូដាទាំងអស់ ក៏យកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកដាក់ក្នុងឃ្លាំងវិញ។
13ខ្ញុំបានតែងតាំងលោកបូជាចារ្យសេលេមា លោកសាដុក និងពេដាយ៉ា ជាពួកលេវីឲ្យមើលការខុសត្រូវលើឃ្លាំងទាំងនោះ។ ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់។ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។
14ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំអំពីដំណើរនេះផង ហើយសូមកុំបំភ្លេចការល្អដែលទូលបង្គំបានធ្វើ សម្រាប់ព្រះដំណាក់របស់ព្រះអង្គនៃទូលបង្គំ និងសម្រាប់កិច្ចការរបស់ព្រះអង្គឡើយ។
15នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមកផ្ទុកលើសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងរបស់ឯទៀតៗដែលធ្ងន់ ដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទនោះ។ ខ្ញុំបានធ្វើប្រឆាំងទាស់ដល់ពួកគេ នៅថ្ងៃដែលគេលក់ស្បៀងអាហារនោះ។
16ក៏មានមនុស្សពីទីក្រុងទីរ៉ុស ដែលរស់នៅក្នុងទីក្រុងយេរូសាឡិមដែលគេតែងយកត្រី និងទំនិញគ្រប់មុខមកលក់ក្នុងថ្ងៃសប្ប័ទឲ្យពួកកូនចៅយូដានៅក្រុងយេរូសាឡិម។
17ដូច្នេះ ខ្ញុំបន្ទោសពួកអភិជននៃជនជាតិយូដាថា៖ «ម្តេចបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ដោយមើលងាយថ្ងៃសប្ប័ទដូច្នេះ?
18តើបុព្វបុរសរបស់អ្នករាល់គ្នា មិនបានប្រព្រឹត្តបែបនេះទេឬ? ហើយព្រះជាម្ចាស់នៃយើងមិនបាននាំអស់ទាំងសេចក្ដីអាក្រក់នេះមកលើយើង និងមកលើទីក្រុងនេះទេឬ? ឥឡូវនេះ អ្នករាល់គ្នាមើលងាយថ្ងៃសប្ប័ទ ហើយនាំឲ្យមានសេចក្ដីក្រោធធ្លាក់មកលើពួកអ៊ីស្រាអែលថែមទៀតផង»។
19កាលចាប់ផ្ដើមងងឹតនៅទ្វារក្រុងយេរូសាឡិម នៅល្ងាចថ្ងៃសប្ប័ទ ខ្ញុំបង្គាប់ឲ្យគេបិទទ្វារ ហើយហាមមិនឲ្យគេបើក រហូតដល់ផុតថ្ងៃសប្ប័ទ។ ខ្ញុំដាក់អ្នកបម្រើរបស់ខ្ញុំខ្លះនៅតាមទ្វារក្រុង ដើម្បីកុំឲ្យអ្នកណាយកបន្ទុកអ្វីចូលមកនៅថ្ងៃសប្ប័ទឡើយ។
20ដូច្នេះ ពួកឈ្មួញ និងពួកអ្នកលក់ដូរទំនិញគ្រប់ប្រភេទ ក៏ដេកនៅខាងក្រៅក្រុងយេរូសាឡិមមួយយប់ ឬពីរយប់ដែរ។
21ប៉ុន្ដែ ខ្ញុំបានព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកនៅក្រៅកំផែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នានៅតែធ្វើដូច្នេះទៀត ខ្ញុំនឹងចាប់អ្នករាល់គ្នាមិនខាន» ចាប់តាំងពីពេលនោះមកពួកគេក៏លែងមកនៅថ្ងៃសប្ប័ទទៀត។
22បន្ទាប់មក ខ្ញុំបង្គាប់ពួកលេវី ឲ្យពួកគេធ្វើពិធីសម្អាតខ្លួនជាបរិសុទ្ធ ហើយឲ្យគេមកចាំយាមនៅតាមទ្វារក្រុង ដើម្បីញែកថ្ងៃសប្ប័ទជាបរិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំក្នុងការនេះផង ហើយសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហឫទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គចំពោះទូលបង្គំ។
23នៅគ្រានោះ ខ្ញុំក៏ឃើញពួកយូដាខ្លះ ដែលបានរៀបការជាមួយស្ដ្រីជនជាតិអាសដូឌ អាំម៉ូន និងជនជាតិម៉ូអាប់។
24ហើយកូនរបស់ពួកគេពាក់កណ្ដាលនិយាយភាសាអាសដូឌ។ គ្មាននរណាម្នាក់ចេះនិយាយភាសាយូដាទេ គឺពួកគេនិយាយតាមតែភាសារបស់ជនជាតិដទៃទេ។
25ខ្ញុំបានស្ដីបន្ទោសពួកគេ ហើយខ្ញុំដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ដោយនិយាយថា៖ «ពួកអ្នកមិនគួរលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
26តើព្រះបាទសាឡូម៉ូន ជាស្តេចនៃអុីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីជនជាតិដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះជាម្ចាស់របស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើជនជាតិអុីស្រាអែលទាំងមូល។ ប៉ុន្តែ ស្ត្រីជនជាតិដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
27ដូច្នេះ តើត្រូវឲ្យយើងស្តាប់តាមអ្នករាល់គ្នា ហើយប្រព្រឹត្តអំពើអាក្រក់យ៉ាងធ្ងន់ ហើយប្រព្រឹត្តរំលងនឹងព្រះជាម្ចាស់នៃយើង ដោយរៀបការនឹងស្ដ្រីជនជាតិដទៃដូច្នេះឬ?»
28លោកយ៉ូយ៉ាដា ជាកូនរបស់លោកអេលីយ៉ាស៊ីប ជាសម្ដេចបូជាចារ្យ មានកូនប្រុសម្នាក់ដែលត្រូវជាកូនប្រសាររបស់លោកសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម។ ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
29ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីពួកគេ ព្រោះគេបានបង្អាប់ការងារជាបូជាចារ្យ និងសេចក្ដីសញ្ញារបស់ពួកបូជាចារ្យ និងពួកលេវី។
30ដូច្នេះហើយ ខ្ញុំបានញែកសម្អាតពួកគេពីគ្រប់ទាំងជនជាតិដទៃ ហើយក៏ចាត់ចែងការងារដែលពួកបូជាចារ្យ និងពួកលេវីត្រូវបំពេញឡើងវិញ តាមកិច្ចការរបស់គេរៀងខ្លួន។
31ហើយខ្ញុំបានរៀបចំឲ្យមានតង្វាយអុស តាមពេលកំណត់ និងសម្រាប់ផលដំបូងដែរ។ ព្រះជាម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំ សម្រាប់សេចក្ដីល្អផង។