ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិនបើ អ្នកណាម្នាក់ថ្វាយតង្វាយ ជាយញ្ញបូជាមេត្រីភាព ជាសត្វដែលចេញពីហ្វូង ទោះបីគោនោះ ឈ្មោលក្តី ញីក្តី គេត្រូវតែថ្វាយសត្វដែលល្អឥតខ្ចោះនៅចំពោះព្រះអម្ចាស់។
2អ្នកថ្វាយត្រូវដាក់ដៃនៅលើក្បាលសត្វដែលជាដង្វាយ ហើយត្រូវចាក់កសម្លាប់វានៅច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យ ដែលជាកូនរបស់លោកអើរ៉ុនប្រោះឈាមគោនោះ លើជ្រុងទាំងបួនរបស់អាសនៈ។
3យញ្ញបូជាមេត្រីភាពមួយចំណែក នឹងថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់​ គឺខ្លាញ់ដែលរុំឬ ខ្លាញ់ដែលជាប់នឹងពោះវៀន។
4ហើយក្រលៀនទាំងពីរនិងខ្លាញ់ដែលជាប់នឹងវារហូតដល់ចង្កេះ ព្រមទាំងអ្វីៗទាំងអស់ដែលជាប់នឹងថ្លើម គេផ្តាច់ចេញពីក្រលៀនទាំងអស់។
5កូនៗរបស់លោកអើរ៉ុន ដុតរបស់ទាំងនោះនៅលើអាសនៈជាមួយនឹងតង្វាយដុតទាំងមូល នៅលើអុសដែលបង្គរនៅលើភ្លើងនោះ។ នេះគឺជាយញ្ញបូជា ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ។
6ប្រសិនបើ យញ្ញបូជាមេត្រីភាព ដែលយកមកថ្វាយព្រះអម្ចាស់នោះជាចៀម ទោះបីជាឈ្មោលក្តី ញីក្តី ត្រូវតែជាសត្វដែលល្អឥតខ្ចោះ។
7ប្រសិនបើ ថ្វាយកូនចៀម ជាតង្វាយ នោះត្រូវថ្វាយនៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់។
8គេត្រូវដាក់ដៃលើក្បាលសត្វជាតង្វាយរបស់គាត់ ហើយសម្លាប់វានៅខាងមុខព្រះពន្លាជួបព្រះអម្ចាស់។ កូនៗរបស់លោកអើរ៉ុន នឹងប្រោះឈាមនៃតង្វាយនោះលើជ្រុងទាំងបួនអាសនៈ។
9យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតថ្វាយព្រះអម្ចាស់។ គឺខ្លាញ់ ខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នង ហើយខ្លាញ់ដែលជាប់នឹងពោះវៀន រួមទាំងខ្លាញ់ដែលនៅលើពោះវៀន
10ក្រលៀនទាំងពីររួមទាំងខ្លាញ់ដែលជាប់ជាមួយ រហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
11បូជាចារ្យនឹងដុតអ្វីៗទាំងអស់នេះនៅលើអាសនៈ ជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។
12ប្រសិនបើ គេយកពពែមកថ្វាយ គេត្រូវថ្វាយនៅចំពោះព្រះអម្ចាស់។
13គេត្រូវដាក់ដៃលើក្បាលពពែនោះហើយសម្លាប់វានៅខាងមុខព្រះពន្លាជួបព្រះជាម្ចាស់។ បន្ទាប់មក ពួកកូនរបស់លោកអើរុ៉ននឹងប្រោះឈាមនៃតង្វាយនោះលើជ្រុងទាំងបួនរបស់អាសនៈ។
14តង្វាយមួយចំណែកត្រូវថ្វាយជាតង្វាយដុតថ្វាយព្រះអម្ចាស់។ គឺខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់ដែលនៅលើពោះវៀន។
15ក្រលៀនទាំងពីរហើយខ្លាញ់ដែលជាប់នឹងក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗដែលជាប់នឹងថ្លើម គេត្រូវកាត់ផ្តាច់ចេញជាមួយក្រលៀន។
16បូជាចារ្យនឹងដុតអ្វីៗទាំងអស់នៅលើអាសនៈជាអាហារដុតថ្វាយព្រះអម្ចាស់ ជាក្លិនឈ្ងុយដល់ទ្រង់។ ខ្លាញ់ទាំងអស់ជាចំណែករបស់ព្រះអម្ចាស់។
17នេះជាច្បាប់សម្រាប់អ្នករាល់គ្នា ដែលត្រូវអនុវត្តតាមគ្រប់ជំនាន់រហូតតទៅ នៅគ្រប់កន្លែងដែលអ្នករាល់គ្នារស់នៅ គឺអ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមរបស់សត្វនោះទេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។