ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖
2«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ ប្រសិនបើ ស្ត្រីម្នាក់មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់់ នោះនាងនឹងទៅជាមិនបរិសុទ្ធរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។
3នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែកឲ្យកូនប្រុសនោះ។​
4បន្ទាប់មក នាងត្រូវរង់ចាំសាមសិបថ្ងៃទៀត ដើម្បីធ្វើពីធីជម្រះកាយដោយសារការធ្លាក់ឈាម។ នាងមិនអាចប៉ះពាល់វត្ថុដែលបរិសុទ្ធបានទេ ហើយក៏មិនអាចចូលទៅក្នុងទីសក្ការៈបានដែរ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានវិសុទ្ធ។
5ប៉ុន្តែ ប្រសិនបើ នាងបង្កើតបានកូនស្រី នាងនឹងទៅជាមិនបរិសុទ្ធរយៈពេលពីរសប្តាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំរយៈពេលហុកសិបប្រាំមួយថ្ងៃទៀត​ ដើម្បីធ្វើពិធីជម្រះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសម្រាលកូន។
6នៅថ្ងៃបញ្ចប់នៃការធ្វើពិធីជម្រះកាយដោយសារការសម្រាលកូន ទោះកូនប្រុសក្តី ឬកូនស្រីក្តី នាងត្រូវយកចៀមអាយុមួយឆ្នាំមួយ សម្រាប់ជាតង្វាយដុតទាំងមូល និងព្រាបជំទើរ ឬលលក សម្រាប់យញ្ញបូជារំដោះបាប ទៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ ជូនបូជាចារ្យ។
7បន្ទាប់មក បូជាចារ្យយកថ្វាយចំពោះព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប នាងនឹងបានបរិសុទ្ធពីភាពសៅហ្មង ដោយសារការធ្លាក់ឈាមនោះ។ នេះជាក្រឹត្យវិន័យស្តីពីស្ត្រី ដែលបង្កើតកូន ទោះបីប្រុសក្តីឬ ស្រីក្តី។
8ប្រសិនបើ នាងមិនមានលទ្ធភាពថ្វាយចៀមទេនោះ នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ សម្រាប់តង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប លោកបូជាចារ្យ នឹងធ្វើពិធីជំរះកាយឲ្យនាងរួចហើយ នាងនឹងបានជាបរិសុទ្ធវិញ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។