ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

លេវីវិន័យ 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖​
2«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា ទាំងនេះគឺជាសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន​ក្នុងចំណោមសត្វដែលរស់នៅលើផែនដី។
3អ្នករាល់គ្នាអាចបរិភោគសត្វទាំងឡាយណា ដែលមានក្រចកជើងឆែក និងទំពារអៀង។
4អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែល គ្រាន់តែមានក្រចកជើងឆែក តែមិនទំពារអៀង ដូចជា សត្វអូដ្ឋ ព្រោះវាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។ ដូច្នេះ សត្វអូដ្ឋជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។
5ទន្សាយថ្ម ក៏ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែវាមិនមានក្រចកជើងឆែកនោះទេ។
6ទន្សាយព្រៃ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នាដែរ ដ្បិត វាទំពារអៀង តែមិនមានក្រចកជើងឆែកនោះទេ។
7ជ្រូកមានក្រចកជើងឆែក តែវាមិនទំពារអៀងទេ ដូច្នេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ ​
8អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ។ ពួកវាគឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
9សត្វដែលរស់នៅក្នុងទឹកដែលអ្នករាល់គ្នាអាចបរិភោគបានគឺត្រូវជាសត្វដែលមានព្រុយ និងមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ក្នុងទន្លេក្តី។
10ប៉ុន្តែ សត្វទាំងឡាយណាដែលមិនមានព្រុយ មិនមានស្រការ ទោះបីជាសត្វដែលរស់នៅក្នុងសមុទ្រក្តី ឬក្នុងទន្លេក្តី ទោះបីជាពពួកសត្វល្អិតដែលរស់នៅរវើកក្នុងទឹក ឬសត្វទៀតដែលរស់ក្នុងសមុទ្រក្តី សត្វក្នុងទន្លេក្តី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។
11អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងអស់នោះ មិនត្រូវបរិភោគសាច់របស់វាទេ​ ហើយសូម្បីតែខ្មោចសត្វទាំងនោះក៏មិនត្រូវប៉ះដែរ។
12អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណា ដែលរស់នៅក្នុងទឹក ដែលគ្មានព្រុយ គ្មានស្រការ។
13ក្នុងចំណោមសត្វស្លាបដែលអ្នកត្រូវចាត់ទុកជាសត្វដែលគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចជា ឥន្ទ្រី ត្មាត
14ខ្លែង សត្វស្ទាំងគ្រប់ប្រភេទ
15សត្វក្អែកគ្រប់ប្រភេទ
16មៀម​ ទីទុយ រំពេរសមុទ្រ ស្ទាំងគ្រប់ប្រភេទ។
17អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វ មៀម ទីទុយ ក្អែកទឹក
18គូក ទុង​ ស្មោញ
19កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។
20អ្នករាល់គ្នាត្រូវស្អប់ខ្ពើម គ្រប់ប្រភេទសត្វល្អិតដែលមានស្លាប ហើយដើរដោយជើងបួន។
21ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វដែលមានស្លាប ហើយអាចលោតលើដីបាន។
22អ្នករាល់គ្នាក៏អាចបរិភោគពពួក កណ្តូប​ ចង្រិត និងកណ្តូបគ្រប់ប្រភេទ។​
23​​​ប៉ុន្តែ សត្វល្អិតដែលមានស្លាប និងមានជើងនោះ អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វគួរស្អប់ខ្ពើម។
24ប្រសិនបើ អ្នកប៉ះពាល់ខ្មោចសត្វទាំងនោះ អ្នកនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
25អ្នកយកខ្មោចសត្វទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន​ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ពេលល្ងាច។
26គ្រប់ប្រភេទសត្វដែលមានក្រចកជើងឆែក ដែលមិនបែងចែកជាក់លាក់ ឬមិនទំពារអៀង គឺជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។ អ្នកណាដែលប៉ះសត្វទាំងនោះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធ។
27សត្វចតុបាតទាំងអស់ដែលដើរលើបាតជើង ជាសត្វមិនបរិសុទ្ធសម្រាប់អ្នក។ នរណាដែលប៉ះខ្មោចសត្វទាំងនោះ នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។
28អ្នកយកខ្មោចសត្វនោះ ត្រូវបោកសម្អាតសម្លៀកបំពាក់របស់គេ ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ ត្រូវចាត់ទុកសត្វទាំងនេះ ជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។
29គ្រប់ប្រភេទសត្វដែលលូន វារ លើដីដូចជា​ សត្វស្ការ កណ្តុរប្រេង សត្វល្មូនគ្រប់ប្រភេទ
30តុកកែ ជីងចក់ ថ្លែន ជាស បង្គួយ ជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
31ប្រភេទសត្វលូន វារទាំងនេះជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។​ អ្នកណាដែលប៉ះខ្មោចសត្វទាំងនេះនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
32ប្រសិនបើ ពួកវាងាប់ហើយធ្លាក់ទៅក្នុងអ្វីមួយ ដូចជាសម្ភារៈធ្វើពីឈើ សម្លៀកបំពាក់ ស្បែក សម្លៀកបំពាក់ធ្វើពីបាវ របស់នោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច ត្រូវយករបស់នោះដាក់ក្នុងទឹក ក្រោយមកនឹងប្រើបានវិញ។ បន្ទាប់មករបស់នោះនឹងបានបរិសុទ្ធ។
33ប្រសិនបើ ធ្លាក់ទៅក្នុងក្អមធ្វើពីដី អ្វីៗដែលនៅក្នុងនោះទៅជាមិនបរិសុទ្ធ អ្នកត្រូវបំបែកក្អមនោះចោល។
34ប្រសិនបើ គេចាក់ទឹកពីក្អមដែលមិនបរិសុទ្ធនោះទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏មិនបរិសុទ្ធដែរ។
35ប្រសិនបើ ខ្មោចសត្វធ្លាក់ទៅលើរបស់អ្វីមួយ របស់នោះនឹងទៅជាមិនបរិសុទ្ធ ទោះបីជាឡ ឬចង្រ្កានក្តី អ្នករាល់គ្នាត្រូវកំទេចវាចោល ព្រោះវាជារបស់មិនបរិសុទ្ធ និងមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នា។
36ប្រសិនបើ ខ្មោចសត្វធ្លាក់ចូលក្នុងប្រភពទឹក ឬអណ្តូងទឹក នោះទឹកនៅតែបរិសុទ្ធ​។ ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញ នឹងទៅជាមិនបរិសុទ្ធ។
37ប្រសិនបើ ខ្មោចសត្វធ្លាក់លើគ្រាប់ពូជសម្រាប់ដាំដុះ​ គ្រាប់ពូជនោះនៅតែបរិសុទ្ធ។
38ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ពូជដែលត្រាំទឹករួចហើយនោះ គ្រាប់ពូជនោះនឹងទៅជាមិនបរិសុទ្ធសម្រាប់អ្នក។
39ប្រសិនបើ សត្វដែលអ្នកអាចបរិភោគបានងាប់ អ្នកដែលប៉ះវានឹងទៅជាមិនបរិសុទ្ធរហូតដល់ពេលល្ងាច។
40អ្នកដែលបរិភោគសត្វដែលស្លាប់នោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ ឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន និងស្ថិតក្នុងភាពមិនបរិសុុទ្ធរហូតដល់ពេលល្ងាច។
41មិនត្រូវបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។
42អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូន ឬសត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វដែលមានជើងបួន ឬមានជើងច្រើនក្តី ព្រោះជាសត្វគួរស្អប់ខ្ពើមសម្រាប់អ្នករាល់គ្នា។
43អ្នករាល់គ្នាមិនត្រូវបណ្តោយឲ្យខ្លួនរបស់អ្នករាល់គ្នាទៅជាមិនបរិសុទ្ធ ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យអ្នករាល់ទៅជាមិនបរិសុទ្ធ។
44យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ត្រូវរក្សាខ្លួនរបស់អ្នកអោយវិសុទ្ធ ព្រោះយើងជាព្រះដ៏វិសុទ្ធ។ មិនត្រូវធ្វើឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មង ដោយសារសត្វ ដែលលូនវារលើដីឡើយ។
45យើងគឺព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា។ ចូរញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតយើងវិសុទ្ធ។
46នេះគឺជាក្រឹត្យវិន័យស្តីពីសត្វជើងបួន សត្វស្លាប និងសត្វដែលរស់រវើករវាន់ក្នុងទឹក និងសត្វដែលលូនវារនៅលើដី
47ក្រឹត្យវិន័យទាំងនេះនាំឲ្យអ្នកអាចបែងចែករវាងសត្វដែលមិនបរិសុទ្ធ និងសត្វដែលបរិសុទ្ធ រវាងសត្វដែលអាចបរិភោគបាន និងមិនអាចបរិភោគបាន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។