ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

បរិទេវ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​គ្រប​បាំង​ជនជាតិនៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់។ ព្រះ​អង្គ​ធ្វើឲ្យភាពថ្កុំថ្កើង​របស់​អុីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ។ ព្រះ‌អង្គ​មិន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ខ្ញាល់​នោះ​ទេ។
2ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែលទ្រង់មាន​កំហឹង ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។
3នៅ​ពេល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ព្រះ‌អង្គ​បាន​កាត់​ស្នែង​របស់​អុីស្រា‌អែល ក៏​ដក​ព្រះ‌ហស្ត​ស្តាំ​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​ទឹកដី​យ៉ាកុប ដូច​ជា​ភ្លើងឆាប​ឆេះ​គ្រប់​ទិស​ទី។
4ដូច​ជា​ខ្មាំង​សត្រូវយឹត​ធ្នូ​ចំពោះយើង ​ដូច​ជា​អ្នក​ត​តាំង។ ក៏​បាន​ប្រហារ​ជីវិត​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​ជនជាតិ​ស៊ីយ៉ូន ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ចេញដូច​ជា​ភ្លើង។
5ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អុីស្រា‌អែល​បាត់​ទៅ ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ​ក្នុងប្រជាជាតិ​យូដា​ជា​ច្រើន​ឡើង។
6ព្រះ‌អង្គ​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ ចេញ​ដោយ​កម្លាំង ទុក​ដូច​ជា​ខ្ទមសួន‌ច្បារ ក៏​បាន​បំផ្លាញ​កន្លែង​ប្រជុំ​របស់​ព្រះ‌អង្គ​ចោល ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​ក្រុង​ស៊ីយ៉ូន​ភ្លេច​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ ហើយ​ក្នុងសេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នោះបាន​ស្អប់​ខ្ពើម​ដល់​ស្តេច និង​សង្ឃ​ផង។
7ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោលហើយ ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មានទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ដូច​នៅ​ថ្ងៃ​បុណ្យ​ធំមួយ។
8ព្រះ‌អម្ចាស់​បាន​សម្រេច​នឹង​បំផ្លាញ​កំផែងក្រុង នៃ​ប្រជាជាតិស៊ីយ៉ូន ។​ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ព្រះ‌អង្គ​បាន​បណ្ដាល​ឲ្យ​ទាំង​របង​ និង​កំពែង​បានសោកសង្រេង និង​រោយ‌រៀវ​ជា‌មួយ​គ្នា ទាំងបោះចេញទៅ
9ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​ជនជាតិ​ដ៏ទៃទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ព្យាការី​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។
10ពួក​ចាស់ទុំរបស់​ប្រជាជនក្រុងស៊ីយ៉ូន​អង្គុយ​ផ្ទាល់ដី ទាំងស្ងៀមស្ងាត់។​ ពួកគេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀកបាវកាន់ទុក្ខ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។
11ទឹកភ្នែក​របស់​ខ្ញុំ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ហើយ​ត្រូវស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​កូន​តូច​នឹង​កូន​ស្រី​នៃ​ជនជាតិខ្ញុំ ហើយ​ដោយ​ព្រោះ កូន​តូច​នឹង​កូន​ដែល​នៅ​បៅដោះវា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង។
12ពួកគេសួរ​ដល់​ម្តាយ​ថា«តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា?» វាក៏​​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូងម្តាយ។
13តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយអ្វី ប្រជាជន​នៃ​ក្រុង​យេរូ‌សាឡិម​? តើ​ឲ្យខ្ញុំ​ធៀប​អ្នក​ដូច​ជា​អ្វី ដើម្បី​នឹង​កម្សាន្ត​ចិត្ត​អ្នកបាន ប្រជាជននៃ​ក្រុងស៊ីយ៉ូន​? ដ្បិត​ការ​អន្ត‌រាយ​​ធំ​ដូច​ជា​សមុទ្រ​ ហើយតើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន?
14ពួក​ព្យាការី​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​ឡើយ ពួកគេ​នៅ​តែជា​ឈ្លើយ​ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។
15អស់​អ្នក​ណា​ដែល​ដើរ​ហួសផ្លូវទៅ គេ​ទះ​ដៃ​ឡក​ឡឺយឲ្យ​អ្នកវិញ គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​ប្រជាជនក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​«ជា​ទីស្អាត​ល្អ​បំផុត» ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​មូល​នោះ?»
16ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ បានហា​មាត់​ធំ​ដាក់​អ្នក គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញដោយ​ពាក្យ​ថា«យើងបាន​លេប​វា​បាត់​ហើយ! ទាំងនេះជាអ្វីដែលយើងកំពុងរង់ចាំ! យើងនិងរស់នៅដើម្បីមើលវា!»។
17ព្រះ‌អម្ចាស់​បាន​សំរេចកិច្ច​ការ​ដែល​ព្រះ‌អង្គ​គ្រងនិងធ្វើ ព្រះ‌អង្គបាន​សម្រេច​តាម​ព្រះ‌បន្ទូលរបស់ទ្រង់។ គឺ​ព្រះ‌អង្គ​បាន​រំលំ ឥត​ត្រាប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ​ពី​ដំណើរ​របស់អ្នក ព្រះ‌អង្គ​បាន​លើក​តម្កើង​ស្នែង​របស់​ខ្មាំងសត្រូវអ្នកវិញ។
18ចិត្ត​របស់​គេ​បាន​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ កំផែង​នៃក្រុង​ស៊ីយ៉ូន​! ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ដូច​ជា​ទន្លេ​ទាំង​ថ្ងៃ​ទាំង​យប់​ចុះ កុំ​ឲ្យ​ឈប់​សម្រាក​ឡើយ កុំ​ឲ្យ​​ភ្នែក​អ្នកឈប់​ផ្អាក​ឲ្យ​សោះ។
19ចូរ​ក្រោក​ឡើង ចូរ​បន្លឺ​ សំឡេង​ទាំងយប់ មុនពេលដែលមេឃ​ភ្លឺឡើង! ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ។ ចូរ​លើក​ដៃឡើង​អង្វរ​ព្រះអង្គ សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ ដែល​ដេក​ដួល​ព្រោះអត់​ឃ្លាន នៅ​គ្រប់ទាំងផ្លូវ»។
20សូម​ទតមើល​ព្រះ‌អម្ចាស់ ​ទាំងពិចា‌រណា​មើល​ការ​ទាំងនេះ​ តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ ​ស៊ី​កូន​ខ្លួន ​ដែលនៅក្នុងផ្ទៃម្តាយ គឺជាកូនដែលពួកគេបានថែរក្សារឺ? តើ​ពួកបូជាចារ្យ និង​ពួកព្យាការី​នឹង​ត្រូវ​គេ​សម្លាប់នៅ​ក្នុង​ទី​បរិសុទ្ធ​ នៃ​ព្រះ‌អម្ចាស់​ឬ?
21ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ និង​ពួក​កំលោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​គេ ទាំង​កាប់​សម្លាប់​ឥតត្រា​ប្រណី​ដល់ពួកគេឡើយ។
22ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ អំពើភេរវកម្មមាននៅជុំវិញខ្ញុំ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់របស់​ទ្រង់​ គ្មាន​អ្នក​ណា​រត់​រួច ឬ​គេចផុតឡើយ ពួក​កូន​ដែល​ខ្ញុំ​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មកនោះ​ខ្មាំង​សត្រូវ​វាបាន​បំផ្លាញ​អស់​ហើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។