ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 40

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ទៀត​ថា៖
2«តើអ្នក​ដែលមានប្រាជ្ញា នឹងពូកែទាស់ទែង អាចកែតម្រូវ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបានទេ? អ្នក​ដែលទាស់នឹងព្រះជាម្ចាស់ សូមឲ្យគាត់ឆ្លើយចុះ»។
3លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖
4«មើល៍! ទូលបង្គំ​ជា​មនុស្ស​ទន់‌ទាប​ណាស់ តើ​ឲ្យ​ទូលបង្គំ​ឆ្លើយ​ទៅ​ព្រះអង្គ​វិញ ដូច​ម្ដេច​បាន?
5ទូលបង្គំ​នឹង​យក​ដៃ​ខ្ទប់​មាត់។ ទូលបង្គំ​បាន​និយាយ​ម្ដង​រួច​មក​ហើយ ទូលបង្គំ​មិន​និយាយ​ទៀត​ទេ ហើយ​ទូលបង្គំ​ក៏​បាន​និយាយ​ជា​លើក​ទី​ពីរ​ដែរ ទូលបង្គំ​នឹងគ្មាន​អ្វី​និយាយទៀតទេ»។
6ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូប​ពី ក្នុង​ខ្យល់​ព្យុះ​ថា៖
7«ចូរ​រៀបចំ​ខ្លួន​ឲ្យ​បាន​ដូច​មនុស្ស​អង់‌អាច យើង​នឹង​សួរ​អ្នកហើយ​អ្នក​ត្រូវ​តែ​ឆ្លើយទៅនឹងសំនួរ​យើង​ដែរ។
8តើ​អ្នក​ពិត​ជា​បាននិយាយថា យើង​មិន​យុត្តិធម៌មែនទេ? តើ​អ្នក​ចង់​ថ្កោល​ទោស​យើង ដើម្បី​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​សុចរិត​ឬ?
9តើ​ដៃរបស់អ្នកមានចេស្តាដូច​ព្រះ‌ជាម្ចាស់ទេ? តើអ្នកមាន​សំឡេង​ដូច​ផ្គរ‌លាន់ដូច​​ព្រះអង្គ​ទេ?
10​អ្នក​មាន​ភាព​ថ្កុំ‌ថ្កើង និង​ភាព​ឧត្តុង្គ‌ឧត្ដម ហើយ​ពោរ‌ពេញ​ទៅ​ពន្លឺ​រស្មី​ដ៏​រុង​រឿងដ៏អស្ចារ្យ។
11ចូរ​ក្រឡេក​មើល​មនុស្ស​មាន​អំនួត ហើយ​ជះ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​អ្នក​លើ​ពួក​គេនឹងបង្ក្រាបគេចុះ។
12ចូរ​ក្រឡេក​មើល​មនុស្ស​ដែលមាន​អំនួត ហើយបំបាក់​ពួក​គេដែរ ចូរ​ជាន់​ឈ្លី​មនុស្ស​អាក្រក់​នៅ​នឹង​កន្លែងគេ​ទៅ។
13ចូរ​យក​ពួក​គេ​ទៅ​កប់​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​គ្នា ចូរ​ឃុំ​ពួក​គេ​ទុក​ក្នុង​រណ្ដៅ​ងងឹត។
14ពេល​នោះ យើង​នឹងទទួលស្គាល់ថាអ្នកពិតជាខ្លាំងមែន ដោយដៃស្តាំរបស់អ្នកនោះនឹងអាចសង្គ្រោះខ្លួនបានហើយ។
15ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូចសត្វ​គោ។
16មើល៍! កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ អំណាច​ដ៏​ខ្លាំង​ក្លា​របស់វាស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​។
17កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វាឡើងដូចពួរ​ពាក់‌ព័ន្ធ​គ្នា។
18ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។
19វា​ជា​ស្នា​ព្រះ‌ហស្ថដ៏​វិសេស​របស់​ព្រះ‌ជាម្ចាស់។
20មាន​តែ​ព្រះជាម្ចាស់​ដែល​បង្កើត​វា ដែល​អាច​បង្ក្រាប​វា​បាន។ ដ្បិត វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។
21វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង ក្នុង​ត្រពាំង។
22ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំ‌វិញ​វា។
23ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។
24តើមាននរណា​អាច​ចាប់​វា​បានដោយប្រើសន្ទូចទេ ឬទម្លុះ​ច្រមុះ របស់​វា​តាមរយៈអន្ទាកបានទេ?
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។