ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 26

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក ​លោក​យ៉ូប​ក៏​ឆ្លើយ​ដោយនិយាយថា៖
2«តើអ្នកបានជួយដល់​មនុស្ស ដែល​គ្មាន​អំណាច! ម្យ៉ាងវិញទៀត តើអ្នកអាចជួយដល់ដៃដែល​គ្មាន​កម្លាំងបាន!
3គួរឲ្យទាំង​ទូន្មាន​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ដោយប្រើពាក្យនៃការចេះដឹងបាន!
4តើ​អ្នក​បាន​ពោល​ពាក្យ​ទាំង​នេះ​ដល់​អ្នក​ណា? តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បណ្ដាល​ឲ្យ​អ្នក​និយាយ?
5អស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ នាំ​គ្នា​ញ័រ​រន្ធត់​នៅ​ពី​ក្រោម​សមុទ្រ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រផង។
6ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះជាម្ចាស់ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។
7ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើងពី​លើ​ទី​អាកាស ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហដែលគ្មានអ្វីទាំងអស់។
8ព្រះ‌ជាម្ចាស់បាន​ទប់​ទឹកទុក​នៅ​ក្នុង​ពពកដ៏​ក្រាស់​របស់​ព្រះ‌អង្គ ទោះជាយ៉ាងណាក៏ដោយ​ពពក​មិន​ធ្លាយ​ចុះក្រោម​ទេ។
9ព្រះ‌ជាម្ចាស់បាន​បាំង​ខាង​មុខ​បល្ល័ង្ក​ដោយព្រះច័ន្ទ ហើយ​ត្រដាង​ពពក​របស់​ព្រះ‌អង្គ​ពី​លើផង។
10ព្រះ‌ជាម្ចាស់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក ក្នុងចន្លោះពន្លឺ ហើយ​នឹងភាព​ងងឹត​ផងដែរ។
11សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បញ្ជា។
12ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ និងតាមរយៈព្រះប្រាជ្ញាញាណ ព្រះជាម្ចាស់វាយបែកខ្ចាយ។
13ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ថ​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់។
14ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។