ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 24

Read Scripture freely. Divine Threads study for this chapter is coming later.

1តើហេតុអ្វីបានជាពេលវេលា ដើម្បីជំនុំជម្រះមនុស្សអាក្រក់មិនបានរៀបចំទុកពីព្រះពេញដោយព្រះចេស្តារ្យ? តើហេតុអ្វីបានជាអ្នកដែរស្មោះត្រង់ចំពោះព្រះជាម្ចាស់ បានឃើញថ្ងៃជំនុំជម្រះមកដល់?
2មានពួកមនុស្សអាក្រក់ដែលបានដកបង្គោលព្រំដែន គឺមានពួកមនុស្សអាក្រក់ដែលបានលូចយកហ្វូងចៀម ហើយនាំយកទៅឃ្វាលនៅក្នុងវាលស្មៅរបស់ពួកគេវិញ។
3ពួកគេ​ពង្រត់​សត្វ​លា​របស់​ពួកកូន​កំព្រា គេ​ទទួល​បញ្ចាំ​យក​គោ​របស់​ស្ត្រី​មេម៉ាយ។
4ពួកគេ​បង្ខំ​មនុស្ស​កម្សត់​ឲ្យ​ចៀស​ចេញ​ពី​ផ្លូវរបស់គេ មនុស្ស​ក្រីក្រ​នៅ​ផែនដី ក៏​គេច​ពួន​ចេញពីពួកទាំងនោះ។
5មើល! អ្នកក្រីក្រទាំងនោះនាំគ្នាទៅធ្វើការ នៅទីវាលសត្វលា ក្នុងទី​រហោ‌ស្ថាន ហើយស្វែរកអាហារដោយចិត្តទុកដាក់ ប្រហែលជានឹងបាន​អាហារ​សម្រាប់​ខ្លួន និង​កូន​ចៅ​របស់​គេ។
6ពួកអ្នកក្របានចូលទៅច្រូតនៅ​ក្នុង​ស្រែ​របស់​អ្នក​ដទៃ នៅពេលយប់ ក៏​បេះ​សន្សំ​ផល​ទំពាំង‌បាយ​ជូរ របស់​មនុស្ស​អាក្រក់​។
7ពួកគេ ​ដេក​ខ្លួន​ទទេ​មួយ​យប់​ទាល់​ភ្លឺ ឥត​មានសម្លៀកបំពាក់ទេ ហើយពួកគេក៏គ្មានភួយនៅ​ពេល​រងាដែរ។
8ពួកគេ​ត្រូវទទឹក​ភ្លៀង​ដែល​មក​ពី​ភ្នំ ហើយដេកនៅ​ក្បែនឹង​ថ្មដា ដោយសាពួកគេគ្មានទី​ជ្រក​ឡើយ។
9មាន​មនុស្ស​អាក្រក់ដែរបានឆក់​យក​កូន​កំព្រាចេញ​ពីដោះ​ម្តាយទៅ អ្វីដែលពួកមនុស្សអាក្រក់បានធ្វើ គឺយកកូនអ្នកក្រទៅបញ្ចាំផងដែរ។
10ប៉ុន្តែ ពួកអ្នកក្រ​នឹង​ត្រូវ​ដើរដោយស្ទើតែ​នៅ​ខ្លួន​ទទេ ឥត​មាន​សម្លៀកបំពាក់​សោះ ហើយ​ដោយ​ព្រោះ​ឃ្លាន បាន​ជា​ត្រូវ​រែក​ជញ្ជូន​កណ្ដាប់​ស្រូវឲ្យអ្នកដទៃវិញ។
11ពួកអ្នកក្រត្រូវ​ចម្រាញ់​ធ្វើ​ប្រេង​នៅ​ខាង​ក្នុង​របង របស់​មនុស្ស​អាក្រក់ទាំង​នោះ គេបម្រើស្រាទំពាំង‌បាយ‌ជូរដល់មនុស្សអាក្រក់ ប៉ុន្តែ ពួកគេកំពុង​តែ​ស្រែក​​ទឹកខ្លាំង។
12នៅក្នុងទីក្រុងមានមនុស្សថ្ងូរ អ្នកដែល​ត្រូវ​របួស​ក៏​ស្រែក​ឡើង ប៉ុន្តែ ព្រះ​ជាម្ចាស់មិន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់ នឹង​ពាក្យអង្វររបស់គេឡើយ។
13ពួក​មនុស្សអាក្រក់​ជា​​អ្នក​ដែលទាស់ប្រឆាំនឹង​ពន្លឺ គេ​មិន​ស្គាល់​​ផ្លូវ​នោះទេ ហើយ​កាន់​ខ្ជាប់​តាម​ផ្លូវ​ច្រកទាំងនោះ​ដែរ។
14មុនពេល​​ព្រលឹម​ស្រាង ឃាតកក៏​សម្លាប់អ្នក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​នៅ​ពេល​យប់​គេ​ធ្វើ​ដូចជា​ចោរ។
15រួចហើយ ភ្នែក​របស់​មនុស្ស​កំផិត​ក៏​រង់‌ចាំ​ពេល​ព្រលប់ គេនិយាយ​ថា "គ្មាន​អ្នក​ណា​ឃើញ​ខ្ញុំ​ទេ"។ គេ​ក៏បិទ​មុខចេញ​ទៅ។
16នៅ​ពេល​ងងឹត​មនុស្សអាក្រក់​ទម្លុះចូល​ផ្ទះ​ តែ​នៅ​ពេល​ថ្ងៃ គេ​លាក់​ខ្លួន គេ​មិន​ឲ្យឃើញពន្លឺ​ឡើយ ដោយពួកគេ​មិនខ្វាលពីពន្លឺឡើយ។
17ដ្បិតពួកគេគិតថា ពេលភាពទទឹតគឺដូចពេលព្រឹក ហើយពួកគឺជាមិត្តសំឡាញ់ជាមួយនិងសេចក្តីវិនាស ក្នុងជំរៅនៃភាពងងឹត។
18គេ​អណ្តែត​លើ​ទឹក​ទៅ​បាត់​យ៉ាង​ឆាប់ ​ចំណែក​របស់​គេ​នៅ​ផែនដី មាន​តែ​បណ្ដាសា​ទេ គេ​មិន​ដែល​បែរ​ទៅ ចូល​តាម​ផ្លូវ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឡើយ។
19បែប​ដូច​ជា​ទឹក​ពី​ហិមៈ​រីង​ហួត​ទៅ ដោយ​រាំង‌ស្ងួត និង​ក្តៅ​យ៉ាង​ណា នោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ លេបត្របាក​មនុស្ស​មាន​បាប​ដែរ។
20ផ្ទៃ​ម្តាយ​នឹង​ភ្លេច​អ្នក​នោះ​ទៅ ហើយ​ដង្កូវ​នឹង​ចោះ​គេ​យ៉ាង​ឆ្ងាញ់ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​គេទៀត​ទេ យ៉ាង​នោះ​អំពើ​ទុច្ចរិត​នឹង​ត្រូវ​កាច់​ផ្តាច់ ដូច​ជា​ដើម​ឈើ។
21មនុស្សអាក្រក់ បានធ្វើបាបស្ត្រី​អារ​ដែល​មិន​បង្កើត​កូន ហើយគេក៏ធ្វើអំពើមិនល្អដល់​ស្ត្រី​មេម៉ាយ​ផងដែរ។
22​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ពួក​អ្នកធំទាំង​នោះ​មាន​អាយុ​វែង ដោយ‌សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំណែក​ពួក​អ្នក​ដែល​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​នេះគេ​បាន​ឡើង​ជា​ធំ។
23ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​សុខហើយ​គេ​ពឹង​ពាក់​លើ​សេចក្ដី​នោះ តែព្រះ‌នេត្រ​របស់​ព្រះ‌អង្គទត​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ។
24ពួកមនុស្សទាំងនោះត្រូវបាន​លើកតម្កើងឡើង​ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវដែរ។
25ប្រសិនបើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក តើអ្នកណាធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន?»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។