ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 22

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​អេលី‌ផាស ជនជាតិ​ថេម៉ាន ឆ្លើយ​ឡើង​ថា៖
2«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះជាម្ចាស់? តើមនុស្ស​មាន​ប្រាជ្ញា មាន​ប្រយោជន៍អ្វីសម្រាប់ព្រះជាម្ចាស់?
3​បើអ្នកជាមនុស្សសុចរិត តើមានអ្វីដែលជាសំអាងដល់ព្រះជាម្ចាស់? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ?
4តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្ដី កោត​ខ្លាច​ដល់​ព្រះជាម្ចាស់ បាន​ជា​ព្រះ‌អង្គ​បន្ទោស​អ្នក ហើយ​យកអ្នកមកដាក់ទោសឬ?
5តើ​មិន​មែន​អំពើអាក្រក់អ្នកធំ​​ទេ​ឬ? ហើយ​អំពើ​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​ចប់ដែរឬ?
6ដ្បិត​អ្នក​មានតម្រូវការ និងចង់បានសំណង ពីការខ្ចីរបស់​បង‌ប្អូន​អ្នកដោយ​ឥត​ហេតុ ហើយ​បានជំរឹតទាំងដោះ​យក​ខោអាវ ពី​ពួកគេ​ផង។
7អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ
8ទោះបីអ្នកជាមនុស្ស​ខ្លាំង​ពូកែ​ បាន​ជា​ម្ចាស់​លើ​ផែនដី ហើយជាមនុស្ស​មាន​ស្មោះត្រង់ក្តី សូមរស់នៅជាមួយវាទៅ។
9អ្នក​បាន​បណ្តេញ​ស្ត្រី​មេម៉ាយ ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​អ្នក​បាន​បំបាក់​ដៃ​របស់​ក្មេង​កំព្រា។
10ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​មាន​សេចក្ដី​ស្ញែង​ខ្លាច​ភ្លាមៗ មក​បំភ័យ​អ្នក។
11មាន​សេចក្ដី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។
12តើ​ព្រះ‌អង្គ​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ? ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ!
13អ្នក​ពោល​ថា តើ​ព្រះជាម្ចាស់​ជ្រាប​អ្វី​ខ្លះ? តើ​ព្រះ‌អង្គ​អាច​ទត​ទម្លុះ​សេចក្ដី​ងងឹត មក​ជំនុំ‌ជម្រះ​បាន​ដែរ​ឬ?
14មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ព្រះ‌អង្គ​ជុំ‌វិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ។
15តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​
16ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ កន្លែង​ជ្រក​កោន​របស់​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ
17គេ​បាន​ទូល​ដល់​ព្រះ​ជាម្ចាស់ថា សូម​យាង​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា អាច​ធ្វើ​អ្វី​ដល់​យើង​បាន?
18ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់ នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។
19ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា។
20ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប​សូន្យ​ហើយ សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។
21ពេលនេះ ចូរ​ចុះ​សម្រុង​ជា‌មួយ​ព្រះជាម្ចាស់ ហើយ​មាន​សេចក្ដី​មេត្រី​នឹង​ព្រះ‌អង្គ​ចុះ យ៉ាង​នោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​អ្នក។
22ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្ដី​បង្រៀន ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ចុះ។
23បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​។
24ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ទឹកដីអូភារ​ទៅ​ក្នុង​ថ្ម នៅ​បាត​ជ្រោះ​ទឹក​ផង
25នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​នឹង​បាន​ជា​ទ្រព្យ​វិសេស និង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ។
26ដ្បិត​យ៉ាង​នោះ​ឯង​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ព្រះ‌អង្គ​ផង។
27លោក​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ទទួល យ៉ាង​នោះ​ឯង​នឹង​បាន​លា​បំណន់​របស់​អ្នក។
28កាល​ណាលោកសម្រេច​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សម្រេច​ដូច​បំណង និង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ។
29ព្រះ‌ជាម្ចាស់​ទម្លាក់​មនុស្ស​មាន​អំនួត តែ​ព្រះអង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប។
30សូម្បី​តែ​មនុស្ស​មាន​ទោស​ក៏​ព្រះអង្គ​សង្រ្គោះដែរ ដូច្នេះ ព្រះអង្គ​នឹងជួយ​លោក តាម​អំពើ​ដ៏​បរិសុទ្ធ​ដែល​លោក​ប្រព្រឹត្ត»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។