ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 52

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌បាទ​សេដេ‌គា​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ ​នៅ​ក្រុងយេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា ហាមូ‌ថាល់ ជា​កូន​របស់​លោក​យេរេមា ដែល​ជា​អ្នក​ទឹកដី​លីប‌ណា។
2ព្រះ‌បាទ​សេដេ‌គា ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ទាស់​នឹង​​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ដែរ។
3ព្រះ‌អម្ចាស់ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ទឹកដី​យូដា ការនេះធ្វើគេធ្លាក់ចេញពីចំពោះព្រះអង្គ។ នៅ​គ្រា​នោះព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ទឹកដីបាប៊ី‌ឡូន។
4ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន បានលើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេបានបោះជំរំ​ទ័ព ទល់មុខទីក្រុង ហើយនិង​សាងសង់​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹមផងដែរ។
5ដូច្នេះ ពួក​គេបានឡោមព័ទ្ធ​ក្រុង​នេះ រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ​ នៃ​រជ្ជកាល​ព្រះ‌បាទ សេដេ‌គា។
6នៅក្នុង​ថ្ងៃ​ទី​ប្រាំ​បួន ​នៃ​ខែ​ទី​បួន នៅក្នុងឆ្នាំនោះ ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជននៅ​ក្នុង​ទឹកដីទាំងមូល ​លែង​មាន​អាហារ​បរិភោគ​ទៀត​ហើយ។
7ក្រោយមក ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា ហើយនៅជុំវិញទីក្រុងនោះដែរ។
8ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​ ក៏នាំ​គ្នា​ដេញ​តាម​ព្រះ‌បាទ​សេដេ‌គា​ទាន់ នៅ​វាល​ទំនាបនៃទន្លេយូរដាន​ជិត​ក្រុង​យេរីខូ។ ពេល​នោះពួកកងទ័ព​ទាំង​មូល​របស់​ស្ដេច​ក៏រត់​បែក‌ខ្ញែក​ចេញពីស្តេចអស់ទៅ។
9ទាហាន​ខាល់ដេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ក្នុង​ទឹកដី​ហា‌ម៉ាត់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេដេ‌គា។
10ស្ដេច​ទឹកដី​បាប៊ី‌ឡូន​បញ្ជា​ឲ្យ​គេ​អារក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេដេ‌គា ស្ដេច​ទឹកដី​បាប៊ី‌ឡូន​ក៏​បាន​ឲ្យ​គេ​អារក​ពួក​មន្ត្រី​ទាំង​អស់​នៃ​ទឹកដី​យូដា នៅ​ក្រុង​រីបឡា​ដែរ។
11បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឲ្យ​គេ​ចាក់​ភ្នែក​ព្រះ‌បាទ​សេដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់។ ស្ដេច​ទឹកដីបាប៊ី‌ឡូន​នាំ​ព្រះ‌បាទ​សេដេ‌គា​ទៅ​ទឹកដី​បាប៊ី‌ឡូន ឃុំ​ទុក​រហូត​ដល់​ថ្ងៃ​សុគត។
12នៅពេលនោះ គឺក្នុង​ថ្ងៃ​ទី​ដប់​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ទឹកដី​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ដែលជាមេទ័ពធំ ​ដែលបាន​បម្រើ​ស្ដេច​ទឹកដី​បាប៊ី‌ឡូន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។
13លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ហើយព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស គឺដុតកន្លែដែលសំខាន់ៗរបស់​ពួក​អភិជនទាំងអស់នៅក្នុងទីក្រុង។
14ក៏ដូចជាកំពែងជុំវិញក្រុងយេរូ‌សាឡឹម ហើយពួកកង‌ទ័ពរបស់ក្រុងបាប៊ី‌ឡូនដែលមកជាមួយមេទ័ព ​លោកនេប៊ូ‌សារ៉ា‌ដាន បានផ្លាញអ្វីទាំងអស់។
15លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ កៀរ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ក្នុង​ទីក្រុង គឺ​ជន​ក្រីក្រ​មួយ​ចំនួន ទាហាន​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ទឹកដីបាប៊ី‌ឡូន ព្រម​ទាំង​ពួក​ជាង​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។
16ប៉ុន្តែ លោក​នេប៊ូ‌សារ៉ា‌ដាន មេទ័ពមេធំ បានទុក​ឲ្យ​ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ទឹកដីនោះ ដើម្បី​ដាំ​ទំពាំង‌បាយជូរ ជាអ្នកដែលធ្វើការអារនៅឯទីវាល។
17ដ្បិត សសរ​លង្ហិនដែលនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ សម្រាប់កំណល់​អាង​ធំ ហើយ​លង្ហិនសមុទ្រ ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ពួកជនជាតិខាត់ដេបានបំផ្លាញសសរទាំងនោះ ទៅជាចំណែលទូចៗ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។
18ពួក​គេ​យក​ឆ្នាំង វែក កាំបិត ភាជន៍ ពែង និង​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន ដែលពួកសង្ឃសម្រាប់​ទុកជារបស់ប្រើប្រាស់ក្នុង​ព្រះ‌វិហារ​ទៅដែរ។
19លោក​ដែលជាមេទ័ពធំ ​ក៏​បានយកផងដែរ ដូចជា​ចាន‌ក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើង​ចង្កៀង ពែង ចាន គោម និង​វត្ថុ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ពី​មាស​ពី​ប្រាក់ គ្មានសល់អ្វីឡើយ។
20រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​រូប​គោ​លង្ហិន​ទាំង​ដប់‌ពីរ​ជា​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នេះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។
21សសរ​ទី​មួយ​មាន​កម្ពស់​ដប់‌ប្រាំ‌បី​ហត្ថ ហើយ​រង្វង់​សសរ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។ សសរ​នោះ​ប្រហោង​ក្នុង និង​មាន​កម្រាស់​បួន​ហ៊ុន។
22នៅ​ពី​លើ​សសរ​មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កម្ពស់​ប្រាំ​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ​មាន​ទំហំ និង​មាន​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ។
23ដូច្នេះ មាន​ផ្លែ​ទទឹម​ទាំង​អស់​កៅ‌សិប​ប្រាំ​មួយ​នៅ​ជុំ‌វិញ ហើយ​ផ្លែ​ទទឹម​ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា‌អួន មាន​ចំនួន​ទាំង​អស់​មួយ​រយ។
24លោក​ដែលជាមេទ័ពធំ បានចាប់​ពួកអ្នកទោសដូចជាលោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​បូជា‌ចារ្យ ជាមួយលោក​សេផា‌នា ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​នាក់​ យក​ទៅ​ជា​មួយ។
25ចេញពីទីក្រុង លោក​ក៏​ចាប់អ្នកទោស ដែលជា មន្ត្រី​ម​មួយ​រូប​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​ នៅ​ក្នុង​វាំង​ដែលមានតួនាទីជាអ្នកផ្តល់យោបល់ គឺជាអ្នកនៅក្នុងទីក្រុងនៅឡើយ។ លោកចាប់អ្នកទោលផ្សេងទៀត គឺស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។
26លោក​នេប៊ូ‌សារ៉ា‌ដាន ដែលជាមេទ័ពធំ បាន​ចាប់​អ្នក​ទាំង​នោះ នាំ​ទៅ​ថ្វាយ​ស្ដេចទឹកដី​បាប៊ី‌ឡូន​នៅ​រីបឡា។
27ស្ដេច​ទឹកដី​បាប៊ី‌ឡូន​បានប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ទឹកដី​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។
28ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ ចំនួន​៣០២៣​នាក់។
29ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​នេះ​កៀរ​អ្នក​ក្រុង​យេរូ‌សាឡឹម​ យក​ទៅ​ជា​ឈ្លើយ​ចំនួន ៨៣២​នាក់។
30ក្នុង​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ​កៀរ​ជន‌ជាតិ​យូដា​យក​ទៅ​ជា​ឈ្លើយ​ចំនួន​៧៤៥​នាក់។ សរុប​ទាំង​អស់មាន​ចំនួន ៤៦០០​នាក់។
31ហេតុការទាំងនោះគឺបានកើតឡើង នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ទឹកដីយូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​ នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេចទឹកដីបាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល មេរ៉ូ‌ដាក ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។
32ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ ដោយ​ស្និទ្ធ‌ស្នាលព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយនៅ​ក្រុង​បាប៊ី‌ឡូន។
33ស្ដេច​អនុញ្ញាត​ឲ្យ ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ​លែង​ស្លៀក​សម្លៀក‌បំពាក់ជា​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ‌ស្ងោយ ​រួម​តុ​ជា​មួយជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អស់​ព្រះ‌ជន្ម។
34ស្ដេចទឹកដីបាប៊ី‌ឡូន ​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទីវង្គត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។