ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ាកុប 2

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូន​អើយ សូមកុំឲ្យ​ជំនឿ​លើ​ព្រះអម្ចាស់ព្រះ‌យេស៊ូ​គ្រិស្ដនៃយើង និងព្រះអម្ចាស់ប្រកបដោយសិរី‌រុងរឿង បែបលំអៀងទៅលើមនុស្សមួយចំនួននោះឡើយ។
2ឧបមា​ថា នរណាម្នាក់​ចូល​រួមប្រជុំ មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ស្អាត ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​មិនសមរម្យ។
3ប្រសិន​បើបងប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ស្អាតល្អ ទាំង​និយាយ​ថា៖ «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​នេះ» ប៉ុន្តែ និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា៖ «ចូលអ្នកឈរនៅទីនោះ» ឬ​ថា៖ «មក​អង្គុយ​នៅខាង​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើងវិញ​»
4តើ​ធ្វើបែបនេះបងប្អូនមិនមែន​លំអៀងទេឬអី? តើបងប្អូនមិនបាន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬអី?។
5សូម​ស្ដាប់! ​បងប្អូន​ជា​ទី​ស្រឡាញ់​អើយ តើព្រះ‌ជាម្ចាស់មិន​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ក្នុង​ជំនឿ ហើយឲ្យ​ទទួលមរតកនៃ​ព្រះ‌រាជ្យ ដែល​ព្រះអង្គ​បាន​សន្យា ​ដល់​អស់​អ្នក​ដែលស្រឡាញ់​ព្រះអង្គទេឬ?
6ប៉ុន្តែ បងប្អូន​បែរ​ជា​មិនឲ្យតម្លៃអ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បានសង្កត់‌សង្កិន​បងប្អូន? តើពួកគេមិនបាន​អូស​បងប្អូន​យកទៅ​ឲ្យ​តុលា​ការ​ទេ?
7តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​ព្រះ‌នាម​ដ៏​ប្រសើរ ដែលជា​របស់​បងប្អូន​ទេ​ឬ?។
8​ប្រសិនបើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ ​ព្រះគម្ពីរចែងថា៖ «អ្នកត្រូវស្រឡាញ់​អ្នកជិតខាង ​ឲ្យ​​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ទើបបានល្អ។
9ប៉ុន្តែ ប្រសិន​បើ​បងប្អូនឲ្យតម្លៃតែមនុស្សមួយចំនួន បងប្អូនបាន​ប្រព្រឹត្ត​​បាបហើយ​ ក្រឹត្យវិន័យរាប់ថាបងប្អូនជាអ្នកល្មើសច្បាប់។
10ដ្បិតនរណាដែលប្រព្រឹត្តតាមក្រឹត្យវិន័យទាំងអស់ ប៉ុន្តែ បើអ្នកនោះភ្លាំងភ្លាត់នៅក្នុងការតែមួយ នោះគាត់នឹងត្រឡប់ទៅេជាមានទោសក្នុងការប្រព្រឹត្តខុសក្រឹត្យវិន័យទាំងមូលដែរ។
11ដ្បិតមានសេចក្តីចែងមកថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ថា៖ ​«កុំ​សម្លាប់​មនុស្ស»។ ​បើ​សិនជា អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ ប៉ុន្តែបែរជាសម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។
12ដូច្នេះ ចូរ​​និយាយ និង​ប្រព្រឹត្ត​ដូចអ្នកទាំងនោះដែលនឹងទទួលការវិនិច្ឆ័យតាមន័យរបស់ក្រឹត្យវិន័យនៃសេរីភាព។
13ដ្បិតអ្នកកាត់ក្តីនឹងវិនិច្ឆ័យដោយពុំមានការយល់យោកចំពោះអ្នកធ្វើខុស ហើយគ្មានក្តីមេត្តាដល់អស់អ្នកដែលគ្មានមេត្តាឡើយ។ ដ្បិតសេចក្តីមេត្តាករុណានឹងយកជោគជ័យលើការវិនិច្ឆ័យ។
14​ប្រសិនបើ​មាននរណា​ម្នាក់​និយាយ​ថា​ ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ មិនបានធ្វើការ​ល្អ​ទេ នោះតើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នោះអាច​​សង្គ្រោះ​គាត់បាន​ឬ?
15ឧបមាថា បងប្អូនប្រុស​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​ល្អ និង​គ្មាន​ម្ហូប​អាហារ​ហូបពេញមួយ​ថ្ងៃ។
16ឧបមាថា មានម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយទៅកាន់ពួកគេថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្តចុះ ហើយភាពមានកក់​ក្ដៅ​ និងសូមឲ្យអ្នកបាន​ឆ្អែតចុះ»។ ប្រសិនបើជាអ្នកមិនបានឲ្យអ្វី ដែលជាតម្រូវការពួកគេទេ តើ​ពាក្យ​ទាំង​នោះមាន​ប្រយោជន៍​អ្វី?
17​បើ​គ្មាន​ការ​ប្រព្រឹត្ត​​ទេ ជំនឿ​នោះ​នឹងស្លាប់​។
18ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នក​មាន​ជំនឿ ឯ​ខ្ញុំវិញមានការ​ប្រព្រឹត្ត​វិញ»។ សូម​បង្ហាញ​ជំនឿ​គ្មានមាន​ការ​ប្រព្រឹត្តឲ្យខ្ញុំ​ឃើញផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយការ​ប្រព្រឹត្ត។
19អ្នកពិតជាបានជឿថា មានព្រះជាម្ចាស់តែមួយ គឺត្រឹមត្រូវហើយ។ ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយពួកវា​ភ័យ​ញាប់​ញ័ផងដែរ។
20តើបងប្អូនដឹងតែថា ​មនុស្ស​ឥត​ប្រាជ្ញា​ និងជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់?
21តើមិនមែនលោកអប្រាហាំជាឪពុករបស់យើង បានរាប់ជាសុចរិតដោយ‌ការប្រព្រឹត្ត កាល​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ថ្វាយជាយញ្ញបូជា​លើ​អាសនៈទេឬអី?
22ជំនឿ​របស់​លោក​បាន​រួម​ផ្សំនឹងការ​​ប្រព្រឹត្ត ហើយតាមរយៈការ​ប្រព្រឹត្តនោះ ធ្វើ​ឲ្យ​ជំនឿ​របស់លោកបាន​ពេញ​លក្ខណៈ។
23«លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​រាប់លោកជា​សុចរិត» ហើយលោក​ក៏​បានហៅ​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។
24បងប្អូន​ឃើញ​ទេ ព្រះ‌ជាម្ចាស់​រាប់​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​ប្រព្រឹត្តដែរ គឺ​មិន​មែនដោយ‌សារ តែ​ជំនឿ​មួយមុខនោះ​ទេ។
25ដូចគ្នានេះដែរ តើមិនមែននាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ទេឬអី ដែល​បាន​សុចរិត ដោយ‌សារ​ការប្រព្រឹត្ត​របស់នាង ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ ឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត?
26ដ្បិតបើរូបកាយដាច់ចេញពីវិញ្ញាណ ​រូប​កាយនោះនឹងស្លាប់​ ហើយជំនឿ​គ្មាន​ការ​ប្រព្រឹត្ត​ ក៏​ជា​ជំនឿ​ស្លាប់ដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។