1កាលស្តេចហេសេគាបានឮពីដំណឹងនេះ ទ្រង់ក៏ហែកព្រះភូសាចោល ហើយក៏ស្លៀកបាវ រួចយាងទៅដំណាក់របស់ព្រះអម្ចាស់។
2ព្រអង្គបានបញ្ជូនអេលាគីម ដែលជាអ្នកមើលការខុសត្រូវនៅក្នុងរាជវាំង ហើយសេបណាជាស្មៀនហ្លួង ហើយបូជាចារ្យចាស់ៗ ទាំងអស់គ្នានាំគ្នាស្លៀកបាវ ទៅជួបព្យាការី អេសាយកូនរបស់អម៉ូស។
3គេនិយាយទៅកាន់គាត់ថា «ព្រះបាទហេសេគាមានរាជឱង្ការថា «ថ្ងៃនេះជាថ្ងៃអាសន្ន ហើយអាម៉ាស់ ដូចទារកដែលហៀបនឹងសម្រាលតែម្តាយគ្មានកម្លាំងនឹងប្រឹងឲ្យកើតមក។
4ប្រហែលព្រះអម្ចាស់ជាព្រះអ្នករាល់គ្នាបានឮពីពាក្យដែលមេទ័ពដែលស្តេចស្រុកអាស្ស៊ីរីជាម្ចាស់គាត់បានបញ្ជូនមក បានប្រមាថព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ហើយស្តីបន្ទោសដល់ព្រះអម្ចាស់ជាព្រះរបស់រាល់គ្នាបានឮ។ ឥឡូវសូមអធិស្ឋានអង្វរសូមឲ្យព្រះអង្គបានប្រណីអត់ទោសដល់ប្រជាជនដែលនៅសល់ទីនេះ»។
5ដូច្នេះអ្នកបម្រើរបស់ស្តេចហេសេគាក៏មកជួបអេសាយ
6ហើយអេសាយក៏ពោលទៅគេថា «សូមទូលទៅព្រះករុណាលោកថា» ព្រះអម្ចាស់បានមានបន្ទូលថា «កុំភ័យចំពោះដំណឹងដែលអ្នកឮឡើយ និងពាក្យប្រមាថរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ។
7មើលយើងនឹងធ្វើឲ្យស្តេចនេះទទួលដំណឹងមួយ ហើយវិលត្រឡប់ទៅស្រុកគេវិញ។ យើងនឹងធ្វើឲ្យគេបានធ្វើគុតដោយដាវនៅក្នុងស្រុករបស់វាវិញ»។
8បន្ទាប់មកមេទ័ពក៏ត្រឡប់ទៅគាល់ស្តេចស្រុកអាស្ស៊ីរី ខណៈដែលស្តេចកំពុងតែលើកទ័ពច្បាំងនឹងក្រុងលីបណា ដោយលោកបានដឹងថាស្តេចបានលើកទ័ពចេញពីក្រុងឡាគីស។
9រួចមកស្តេចស្រុកអាស្ស៊ីរីបានឮថាព្រះចៅទារហាកាជាស្តេចអេត្យូពីកំពុងតែលើកទ័ពមកធ្វើសឹកជាមួយនឹងទ័ពអាស្ស៊ីរី។ ដូច្នេះស្តេចស្រុកអាស្ស៊ីរីក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគាម្តងទៀត។
10ដោយផ្តាំទៅព្រះបាទហេសេគា ជាស្តេចស្រុកយូដាថា «កុំឲ្យព្រះរបស់ព្រះករុណាដែលព្រះករុណាទុកចិត្ត បោកព្រះករុណាថា «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ»។
11មើល អ្នកបានឮមកហើយនូវអ្វីដែលស្តេចស្រុកអាស្ស៊ីរីបំផ្លាញស្រុកនានាទាំងប៉ុន្មាន។ ដូច្នេះតើព្រះនឹងជួយរំដោះអ្នករាល់់គ្នាឬ?
12តើព្រះនៃសាសន៍ទាំងប៉ុន្មានបានជួយគេទេ សាសន៍ដែលបុព្វបុរសយើងបានបំផ្លាញដូចជា ក្រុងកេសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ?
13តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា?»
14ព្រះបាទហេសេគាក៏ទទួលសំបុត្រនោះពីអ្នកនាំសារហើយក៏អាន។ ហើយទ្រង់ក៏យាងទៅព្រះដំណាក់នៃព្រះអម្ចាស់ ហើយលាសំបុត្រនោះនៅចំពោះព្រះអង្គ។
15ព្រះបាទហេសេគាបានអធិស្ឋានទៅព្រះអម្ចាស់ថា
16«ឱព្រះអម្ចាស់ព្រះនៃពិភពទាំងមូល ជាព្រះនៃអុីស្រាអែលអើយ ដែលគង់លើចេរូប៊ីន គឺព្រះអង្គតែមួយដែលជាព្រះនៃអ្វីទាំងអស់នៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
17ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ សូមទ្រង់បើកព្រះនេត្រទត សូមព្រះអម្ចាស់សណ្តាប់ពាក្យរបស់ស្តេច សានហេរីប ដែលបានបញ្ជូនគេឲ្យប្រជែងនឹងព្រះដ៏មានព្រះជន្មរស់។
18ពិតប្រាកដណាស់ ព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីបានបំផ្លាញប្រជាជននិងស្រុកគេអស់ហើយ។
19គេបានបោះព្រះទាំងនោះទៅក្នុងភ្លើង ត្បិតព្រះទាំងនោះមិនមែនជាព្រះទេ ជាស្នាដៃដែលមនុស្សធ្វើពីឈើ ហើយនិងថ្ម។ ហេតុនោះហើយបានជាគេបំផ្លាញព្រះនោះ។
20ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះយើងខ្ញុំ សូមជួយសង្គ្រោះយើង ពីកណ្តាប់ដៃគេផង នោះស្តេចនៅផែនដី នេះនឹងដឹងថាមានតែព្រះអម្ចាស់តែមួយគត់»។
21ក្រោយមក អេសាយជាកូនអ័ម៉ូសចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលមានបន្ទូលថា៖ ដោយព្រោះអ្នកបានអធិស្ឋាន ដល់យើងពីក្តីបារម្ភចំពោះ សានហេរីបជាស្តេចស្រុកអាស្ស៊ីរី
22នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូលពីដំណើរស្តេចនោះ «នាងក្រមុំក្រុងស៊ីយ៉ូនស្តីបន្តោស ហើយសើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក កូនស្រីក្រុងយេរូសាឡិមគ្រវីក្បាលដាក់អ្នក។
23តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា? តើបានទាស់ប្រឆាំងនឹងអ្នកណា ដែលអ្នកបានដំឡើងសម្លេង ហើយបើកភ្នែកងើបឡើងខ្ពស់យ៉ាងដូច្នេះ? គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល។
24អ្នកបានប្រជែង នឹងព្រះអម្ចាស់ដោយអ្នកបម្រើរបស់អ្នកដោយពោលថា ដោយរទេះច្បាំងរបស់យើង យើងបានឡើងទៅដល់កំពូលភ្នំទាំងនោះ ហើយទៅដល់ព្រៃល្បាណូនយ៉ាងជ្រៅ យើងនឹងកាប់ដើមតាត្រៅ និងដើមកកោះដែលខ្ពស់នៅទីនោះ ហើយនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ ទៅដល់ចម្ការដែលពេញទៅដោយព្រៃដុះ។
25យើងបានជីងអណ្តូង ហើយផឹកទឹកពីវា យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង។
26តើអ្នកមិនបានឮទេឬអីថា យើងបានគ្រោងទុក ហើយគិតជាស្រេច ហើយធ្វើកិច្ចការនេះតាំងពីយូរមកម្លេះ? ហើយចាត់ចែងការនេះតាំងពីបុរាណមក។ ឥឡូវនេះយើងបានសម្រេចហើយ។ គឺបានឲ្យអ្នកមកបំផ្លាញទីក្រុងដែលមានកំពែងនេះឲ្យរលំខ្ទេចខ្ទី។
27ហើយពួកអ្នកក្រុងនោះគេល្វើយអស់កម្លាំង ស្រយុតចិត្តហើយខ្មាស់។ គេបានដូចជាស្មៅដែលដុះនៅតាមទីវាល និងពន្លកស្មៅខៀវខ្ចី ដូចជាស្មៅដែលដុះនៅលើដំបូលឬនៅតាមវាល ដែលនៅចំពោះមុខខ្យល់បក ពីទិសខាងកើត។
28ប៉ុន្តែយើងវិញ អ្នកបានធ្វើអ្វីយើងដឹងពេលអ្នកអង្គុយ ហើយអ្នកទៅណាមកណា អ្នកច្រឡោតទាស់នឹងយើងក៏យើងដឹងដែរ។
29ដោយព្រោះអ្នកខឹងទាស់នឹងយើង យើងបានឮរាល់ទាំងពាក្យកំហឹងទាំងនោះ យើងនឹងយកកន្លុះដាក់ច្រមុះអ្នក ហើយពាក់បង្ហៀរនៅមាត់អ្នក ហើយដឹកអ្នកទៅស្រុកអ្នកវិញតាមផ្លូវដែលអ្នកមក»។
30នេះនឹងជាទីសម្គាល់សម្រាប់អ្នក នៅឆ្នាំនេះអ្នកនឹងបរិភោគដំណាំដែលដុះនៅក្នុងព្រៃ ហើយឆ្នាំទីពីរអ្នកនឹងបរិភោគអ្វីដែលដុះនៅទីនោះដែរ។ តែនៅឆ្នាំទីបី អ្នកនឹងសាបព្រួស រួចច្រូតកាត់ ហើយដាំទំពាំងបាយជូរ ហើយបរិភោគផលពីវាផង។
31អស់អ្នកស្រុកយូដាដែលនៅមានជីវិត សេសសល់នោះប្រៀបដូចជាដើមឈើចាក់ឬសហើយបង្កើតផលផ្លែជាច្រើន។
32ត្បិតនឹងមានសំណល់ពីក្រុងយេរូសាឡិមនឹងចេញទៅ ហើយអ្នកដែលរួចជីវិតតពីក្រុងស៊ីយ៉ូននឹងមកដែរ ដោយសារព្រះហឬទ័យស្រឡាញ់»។
33ដូច្នេះព្រះអម្ចាស់មានបន្ទូលអំពីស្តេចអាស្ស៊ីរី ដូច្នេះថា «គេនឹងមិនចូលក្រុងនេះទៀតទេ គេនឹងមិនបាញ់ព្រួញនៅទីនេះទៀតទេ គេនឹងមិនប្រើខែល ឬ លើកដីដើម្បីវាយក្រុងនេះទៀតទេ។
34ស្តេចនោះនឹងត្រឡប់ទៅវិញតាមផ្លូវដែលគេមក ហើយនឹងមិនចូលក្រុងនេះទៀតឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។
35ត្បិតយើងនឹងការពារ ហើយរំដោះទីក្រុងនេះ សំរាប់ប្រយោជន៍ ដល់ដាវីឌជាអ្នកបម្រើយើងឲ្យបានប្រយោជន៍ផង»។
36រួចមកទេវតារបស់ព្រះអម្ចាស់វាយច្បាំងទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើើយសម្លាប់ទាហានអស់ 185,000នាក់។ កាលគេក្រោកឡើងពីព្រលឹមក៏ឃើញសុទ្ធតែសាកសពនៅពាសពេញគ្រប់ទីកន្លែង។
37ហេតុនោះព្រះបាទសានហេរីជាស្តេចស្រុកអាស្ស៊ីរី ក៏ដកថយទ័ពទៅគង់នៅក្រុងនីនីវេវិញ។
38ក្រោយមក ស្តេចកំពុងថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងព្រះវិហារនោះ បុត្រាទ្រង់ពីរអង្គគឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរបាននាំគ្នាធ្វើគុតទ្រង់ដោយដាវ។ ហើយពួកគេក៏នាំគ្នារត់ភៀសខ្លួនទៅស្រុកអារ៉ារ៉ាត។ រួចបុត្រាមួយទៀតគឺអេសារហាដោនក៏ឡើងគ្រងរាជ្យជំនួស។