ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 33

Read Scripture freely. Divine Threads study for this chapter is coming later.

1វេទនាដល់អ្នក គឺបានបំផ្លាញដល់អ្នកដែលមិនទាន់បានបំផ្លាញ! វេទនាដល់អស់អ្នកដែលក្បត់ដល់អ្នកដែលមិនបានក្បត់អ្នកសោះ! កាលណាអ្នកលែងបំផ្លាញគេ នោះគេនឹងបំផ្លាញអ្នកវិញ។ កាលណាអ្នកលែងក្បត់គេ នោះគេនឹងក្បត់អ្នកវិញដែរ។
2ព្រះអម្ចាស់ ផ្តល់ព្រះគុណដល់យើង ហើយយើងក៏រង់ចាំទ្រង់ សូមព្រះអង្គ​ការពារយើងខ្ញុំក្នុងព្រះហស្ថព្រះជារៀងរាល់ព្រឹក ហើយជួយសង្គ្រោះយើងក្នុងពេលលំបាក។
3មានសម្លេងឮខ្លាំងដែលប្រជាជនបានរត់ខ្ចាត់ខ្ចាយ ពេលព្រះអង្គក្រោកឡើង ជាតិសាសន៍នានាបែកខ្ញែកអស់។
4ពេលនោះមនុស្សម្នាជាច្រើនមូលគ្នាដូចជាកណ្តូប ដូចកណ្តូបលោត ហើយមនុស្សលោត សង្គ្រុបលើវាដែរ។
5ព្រះអម្ចាស់ត្រូវបានតម្កើតឡើង។ ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់។ ព្រះអង្គនឹងបំពេញក្រុងស៊ីយ៉ូនដោយសេចក្តីយុត្តិធម៌ និង​សេចក្តីសុចរិត។
6ព្រះអង្គ​នឹងជាស្ថេរភាពនៅក្នុងពេលរបស់អ្នក ការសង្គ្រោះពេញបរិបូណ៌ ប្រាជ្ញា ចំណេះដឹង និងការគោរពកោតខ្លាចព្រះអម្ចាស់ជាទ្រព្យសម្បត្តិរបស់ពួកគេ។
7មើល ទាហានរបស់គេនឹងស្រែកយំតាមផ្លូវ អ្នកការទូតរបស់គេដែលស្វែងរកសន្តិភាពគេនឹងយំស្រែកខ្លោចផ្សារ។ ផ្លូវនានានឹងស្ងាត់ជ្រងំ
8នៅតាមផ្លូវគ្មានអ្នកធ្វើដំណើរឆ្លងកាត់។ សេចក្តីសញ្ញាត្រូវគេផ្តាច់ គេប្រមាថមើលងាយសាក្សីសេចក្តីសញ្ញា ហើយមិនគោរពនរណាទាំងអស់។
9មនុស្សនៅក្នុងស្រុកកំពុងតែយំកាន់ទុក្ខ ហើយល្វើយទៅ ព្រៃល្បាណូននឹងមានសេចក្តីអាម៉ាស់ ហើយរុះរោយ វាលសារ៉ូនបានដូចជាវាលស្ងួតហែង ឯភ្នំបាសាន និង ភ្នំកើមែលនឹងលែងមានស្លឹកឈើទៀត។
10«ឥឡូវនេះយើងនឹងក្រោកឡើង» ព្រះអម្ចាស់មានព្រះបន្ទូលថា «ឥឡូវនេះគេនឹងលើកតម្កើងយើង គេនឹងលើកយើងឡើង។
11អ្នករាល់គ្នានឹងមានគត៌ជាអង្កាម ហើយបង្កើតបានជាជញ្ជ្រាំងវិញ ដង្ហើមអ្នករាល់គ្នាបានដូចជាភ្លើងដែលនឹងដុតបំផ្លាញខ្លួនឯងវិញ។
12ហើយប្រជាជននឹងបានដូចជាការដុតក្នុងឡ ដូចជាគុម្ភបន្លារដែលគេកាប់យកទៅដុត។
13អស់អ្នកដែលនៅឆ្ងាយអើយ ចូរស្តាប់ពីកិច្ចការដែលយើងបានធ្វើ ហើយអស់អ្នកដែលនៅជិតអើយ ចូរទទួល ឫិទ្ធបារមីរបស់យើង»។
14ពួកអ្នកមានបាបនៅក្រុងស៊ីយ៉ូនគេភ័យខ្លាច ពួកត្មិលឥតសាសនាគេញាប់ញ័រទាំងពោលថា ក្នុងចំណោមយើងតើនរណាអាចទ្រាំទ្រនឹងភ្លើងដែលឆេះសណ្ធោសណ្ធៅអស់កល្បនេះបាន?
15អស់អ្នកដែលដើរដោយសុចរិត ហើយនិយាយដោយទៀងត្រង់ ជាអ្នកដែលមិនរកកម្រៃដោយហឹង្សា មិនទទួលការស៊ីសំណូកសូកប៉ាន់ ហើយជាអ្នកដែលបិទភ្នែកពីការបង្ហូរឈាម ហើយអស់អ្នកដែលធ្មេចភ្នែកចេញពីអំពើអាក្រក់
16អ្នកនោះនឹងបានរស់នៅទីខ្ពស់ ទីជ្រកកោនរបស់គេនឹងជាទីមាំមួន គេមានអាហារបរិភោគ នឹងទឹកផឹកគ្រប់គ្រាន់មិនខ្វះអ្វីសោះឡើយ។
17ភ្នែកអ្នកនឹងបានឃើញព្រះមហាក្សត្រដែលមានពេញដោយគ្រឿងលម្អរុងរឿង អ្នកនឹងមើលឃើញទឹកដីដ៏ល្វឹងល្វើយ។
18ចិត្តរបស់អ្នកនឹងនៅនឹកឃើញពីការដែលអ្នកភ័យរន្ធត់ដោយសួរថា តើអ្នកត្រួតត្រា អ្នកយកពន្ធ អ្នកត្រួតពិនិត្យតាមកំពែងទៅណាអស់ហើយ?
19អ្នកនឹងលែងបានឃើញមនុស្សដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកដែលស្តាប់មិនយល់ទៀតហើយ។
20ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែលតែងតែមានពិធីជប់លៀង អ្នកនឹងឃើញក្រុងយេរូសាឡិមដែលជាក្រុងស្ងប់ស្ងាត់ ជាត្រសាលដែលគ្មានអ្នករុះរើបំផ្លាញ ដែលមិនត្រូវគេដកចម្រឹងចេញ សូម្បីខ្សែរមួយក៏មិនដាច់ផង។
21ជាការពិត ព្រះអម្ចាស់ដែលពេញដោយឫិទ្ធចេស្តានឹងគង់នៅជាមួយយើង ជាកន្លែងដែលមានទន្លេ និងផ្លូវទឹកយ៉ាងធំ។ ឥតមានសំពៅចែវ ហើយកាប៉ាល់ណាបរឆ្លងកាត់ឡើយ។
22ត្បិតព្រះអម្ចាស់ជាចៅក្រមដល់យើង ព្រះអម្ចាស់ជាអ្នកប្រទានច្បាប់ដល់យើង ព្រះអម្ចាស់ជាមហាក្សត្រយើង ព្រះអង្គនឹងជួយសង្គ្រោះយើង។
23ខ្សែរចងក្តោងរបស់អ្នកធូររលុងហើយ មិនអាចទប់ក្តោងឱ្យជាប់បានទេ ពួកគេមិនអាចចងក្តោងបានទៀតទេ ពេលនោះគេនឹងយកបានជយភណ្ឌជាច្រើនចែកគ្នា សូម្បីតែមនុស្សខ្វិនក៏យកជយភណ្ឌនេះដែរ។
24គ្មានមនុស្សណានឹងនិយាយថា «ខ្ញុំឈឺ» ទៀតឡើយ មនុស្សទាំងនោះនឹងត្រូវអត់ទោសចំពោះអំពើបាបរបស់គេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។