ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 32

Read Scripture freely. Divine Threads study for this chapter is coming later.

1មើល មានស្តេចមួយអង្គនឹងឡើងសោយរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងដឹកនាំដោយយុត្តិធម៌។
2ម្នាក់ៗនឹងបានដូចជាជម្រកដែលការពារពីខ្យល់ព្យុះបក់បោក​ ហើយក៏ដូចជាទឹកដែលហូរទៅលើដីប្រេះក្រហែង ដូចជាស្រមោលផ្ទាំងថ្មដែលជាម្លប់ទៅលើដីហួតហែង។
3រួចហើយ ភ្នែកអស់អ្នកដែលមើលនឹងលែងស្រវាំងទៀតហើយ ហើយត្រចៀករបស់អ្នកនោះនឹងលែងថ្លង់ទៀតហើយ។
4មនុស្សរហ័សរហួននឹងចាប់ផ្តើមយល់ ហើយអស់អ្នកដែលនិយាយត្រដិតនឹងបែរជានិយាយច្បាស់ៗ។
5ហើយមនុស្សល្ងីល្ងឺមិនត្រូវហៅថាថ្លៃថ្នូរទៀតទេ ហើយមនុស្សបោកប្រាស់មិនគួហៅថាមានគុណធម៌ដែរ។
6ត្បិតមនុស្សល្ងីល្ងឺនិយាយតែសេចក្តីលីលា ហើយចិត្តរបស់គេគិតប្រព្រឹត្តតែអំពើអាក្រក់ ហើយគេពោលពាក្យប្រមាថទាស់នឹងព្រះអម្ចាស់។ ពួកគេធ្វើអ្នកអត់ឃ្លានគ្មានអ្វីទាំងអស់ ហើយដកទឹកចេញពីអ្នកស្រេកផង។
7វីធីរបស់មនុស្សបោកប្រាស់ដើម្បីធ្វើការអាក្រក់។ គេឲ្យយោបល់ពីការអាក្រក់ ដើម្បីធ្វើបាបមនុស្សស្លូតត្រង់ដោយពាក្យកុហក ទោះបីមនុស្សទ័លក្រនោះនិយាយសេចក្តីត្រឹមត្រូវក៏ដោយ។
8តែមនុស្សថ្លៃថ្នូរគេគិតធ្វើកិច្ចការដែលមានកិត្តិយសវិញ ហើយដោយព្រោះតែសេចក្តីថ្លៃថ្នូរនិងទង្វើរបស់គេ នោះគេនឹងគង់វង្សជានិច្ច។
9ចូរក្រោកឡើង ពួកស្រីៗដែលស្រណុកសុខស្រួលអើយ ហើយប្រុងស្តាប់ពាក្យយើងចុះ ចូរផ្ទៀងស្តាប់យើង។
10ត្បិតរយៈពេលជាងកន្លៈឆ្នាំទៀតទំនុកចិត្តអ្នកនឹងភ័យញាប់ញ័រ ពួកស្រីៗត្រូវប្រយ័ត្នត្បិតដើមទំពាំងបាយជូរនឹងមិនបង្កើតផលផ្លែឡើយ ហើយរដូវប្រមូលផលក៏នឹងមិនមកដល់ដែរ។
11ការញាប់ញ័រ ពួកស្រីៗដែលគ្មានកង្វល់អើយ អ្នកនឹងត្រូវភ័យរន្ធត់ ឱអ្នកដែលមានទំនុកចិត្តអើយ ចូរដោះសម្លៀកបំពាក់ចេញ ហើយស្លៀកសំពត់ធ្មៃវិញ។
12អ្នកនឹងទ្រហោយំស្រណោះស្រែចម្ការ និង ស្រណោះចម្ការទំពាំងបាយជូរផង។
13ដីនៅស្រុករបស់ប្រជាជនយើងនឹងដុះសុទ្ធតែគុម្ភបន្លា និង អញ្ចាញសូម្បីតែនៅក្នុងផ្ទះទាំងនៅក្នុងក្រុងដែលធ្លាប់តែអរសប្បាយ។
14ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង កំពែងខ្ពស់ៗ និងប៉មក្លាយជារូង ហើយជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ។
15ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នាពីស្ថានដ៏ខ្ពស់ ហើយវាលរហោស្ថាននឹងក្លាយជាចម្ការបង្កើតផលផ្លែជាច្រើន ហើយចម្ការនោះនឹងក្លាយជាព្រៃ។
16រួចហើយអ្នករស់នៅតាមវាលរហោស្ថាននឹងរស់នៅដោយយុត្តិធម៌ ហើយអ្នករស់នៅតាមចម្ការនឹងរស់នៅដោយសុចរិតផងដែរ។
17សេចក្តីសុចរិតនឹងធ្វើឲ្យមានក្តីសុខសាន្ត ហើយផងពីក្តីសុចរិត និងការស្ងាត់ស្ងៀមគឺជាទំនុកចិត្តជាអង្វែងតទៅ។
18ប្រជាជនរបស់យើងនឹងរស់នៅដោយសុខសាន្ត ក្នុងផ្ទះដែលមានសុវត្ថិភាព ហើយជាកន្លែងស្ងាត់សម្រាកផងដែរ។
19ប៉ុន្តែប្រសិនបើព្រៃប្រឹក្សានឹងព្រិលត្រូវបានបំផ្លាញ ហើយទីក្រុងក៏ត្រូវបានរលំហិនហោចនោះ
20អ្នករាល់គ្នាដែលសាបព្រួសនៅតាមមាត់ទឹក នោះមានពរហើយ អ្នកអាចលែងគោ នឹងលាទៅក្រៅឲ្យដើរស៊ីតាមចិត្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។