ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសាយ 26

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅថ្ងៃនោះ ច្រៀងនេះនឹងត្រូវច្រៀងនៅក្នុងស្រុកយូដាថា «យើងមានទីក្រុងមួយដ៏រឹងមាំ ព្រះជាម្ចាស់បានប្រទានសេចក្តីសង្គ្រោះទុកជាកំពែងការពារពួកយើង។
2សូមបើកទ្វារហើយឲ្យពួកអ្នកសុចរិត​ ដែលរក្សាភាពស្មោះត្រង់បានចូលមក។
3អស់អ្នកដែលមានគំនិតជាប់ជាមួយព្រះអង្គ អ្នកនោះនឹងមានសេចក្តីសុខសាន្ត ព្រះអង្គនឹងការពារគេ ដោយព្រោះគេបានទុកចិត្តព្រះអង្គ។
4ចូរទុកចិត្តដល់ព្រះអម្ចាស់ចុះ ត្បិតព្រះអម្ចាស់ជាថ្មដាដែលនៅអស់កល្បជានិច្ច។
5ព្រះអង្គបានបន្ទាបអស់អ្នកដែលមានចិត្តអំនួតចុះ ហើយទីក្រុងដ៏ខ្ពស់ព្រះអង្គបានរំលំដល់ដីអស់ ហើយក៏បន្ទាបដល់ដីដែរ។
6ជើងរបស់មនុស្សទ័លក្រនឹងដើរជាន់ ហើយនឹងជំហានរបស់មនុស្សខ្សត់ទុរគតដែរ។
7សេចក្តីទៀងត្រង់ជាផ្លូវរបស់មនុស្សសុចរិត ហើយព្រះអង្គពិនិត្យមើលអស់ទាំងផ្លូវរបស់មនុស្សសុចរិត។
8ឱព្រះអម្ចាស់អើយ យើងបានរង់ចាំព្រះអង្គនៅក្នុងសេចក្តីយុត្តិធម៌របស់ព្រះអង្គ ព្រះអម្ចាស់អើយ យើងរង់ចាំព្រះអង្គ ហើយព្រះនាមព្រះអង្គជាក្តីប្រាថ្នារបស់យើង។
9ទូលបង្គំបានរង់ចាំព្រះអង្គនៅពេលយប់ ពិតណាស់ ដួងចិត្តទូលបង្គំក៏ស្វែងរកព្រះអង្គ។ ត្បិតសេចក្តីសុចរិតរបស់ព្រះអង្គបានមកដល់ផែនដី នោះមនុស្សនៅផែនដីនឹងរៀនពីសេចក្តីសុចរិត។
10បើព្រះអង្គលើកលែងទោសដល់មនុស្សអាក្រក់ នោះគេនឹងមិនរៀនពីសេចក្តីសុចរិតឡើយ។ នោះគេនឹងប្រព្រឹត្តអំពើអាក្រក់នៅក្នុងស្រុកសុចរិត ហើយមិនយល់ពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ។
11ឱព្រះអម្ចាស់អើយ ព្រះហស្ថព្រះអង្គបានលើកឡើង តែគេមិនបានចាប់អារម្មណ៍ទេ។ តែពួកគេនឹងឃើញសេចក្តីឧស្សាហ៍របស់ព្រះអង្គចំពោះមនុស្ស នោះគេនឹងមានភាពអាម៉ាស់ ដោយព្រោះភ្លើងនឹងបញ្ឆេះពួកខ្មាំងសត្រូវរបស់ទ្រង់។
12ព្រះអម្ចាស់អើយ ព្រះអង្គនឹងប្រទានឱ្យយើងមានសេចក្តីសុខសាន្ត ត្បិតព្រះអង្គបានជួយយើងសម្រេចកិច្ចការនានារបស់យើង។
13ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ធ្លាប់មានម្ចាស់ជាច្រើនត្រួតត្រាលើយើង តែយើងលើកតម្កើងតែព្រះនាមទ្រង់មួយអង្គគត់។
14អស់អ្នកដែលបានស្លាប់ហើយ​មិនរស់វិញទេ ពួកគេរលាយអស់ហើយ មិនត្រឡប់មកវិញទេ។ ត្បិតព្រះអង្គបានកាត់ទោសគេ ហើយបំផ្លាញគេហើយ នឹងមិនមានអ្នកណានឹកចាំពីគេឡើយ។
15ព្រះអង្គបានចម្រើនជនជាតិនេះជាច្រើនឡើង ឱព្រះអម្ចាស់អើយ ទ្រង់បានចម្រើនសាសន៍នេះឡើង គេលើកតម្កើងទ្រង់ឡើង ព្រះអង្គបានពង្រីកព្រំប្រទល់ទឹកដី។
16ឱព្រះអម្ចាស់អើយ នៅគ្រាមានទុក្ខ គេបានសម្លឹងមើលទៅចំពោះព្រះអង្គ ពួកគេបានអធិស្ឋានស្រែករកព្រះអង្គ នៅគ្រាព្រះអង្គវាយផ្ចាលគេ។
17ស្ត្រីមានផ្ទៃពោះបម្រុងនឹងសម្រាលកូន នាងនឹងពេញដោយសម្រែកនៃការឈឺចាប់ នោះយើងខ្ញុំក៏ស្រែកនៅចំពោះព្រះអម្ចាស់។
18យើងបានមានគត៌ ហើយយើងក៏បាននៅក្នុងការឈឺចាប់ តែយើងសម្រាលចេញមកបានតែខ្យល់។ យើងមិនបានបង្កើតជាការសង្គ្រោះដល់ផែនដីឡើយ ហើយក៏មិនបានបង្កើតមនុស្សថ្មីនៅផែនដីដែរ។
19សេចក្តីស្លាប់របស់អ្នកនឹងរស់ឡើងវិញ សាកសពគេនឹងក្រោកឡើង ពួកអ្នកដែលដេកលើធូលីដីនឹងច្រៀងដោយអំណរ ត្បិតទឹកសន្សើមរបស់ព្រះអង្គនឹងស្រោចស្រពផែនដី ហើយប្រោសឱ្យអស់ទាំងអស់អ្នកដែលស្លាប់ទៅឱ្យមានជីវិតឡើងវិញ។
20ចូរទៅ ឱប្រជាជនខ្ញុំអើយ សូមចូលមកក្នុងបន្ទប់ខ្លួន ហើយបិទទ្វារឲ្យជិត ត្រូវលាក់ខ្លួនបន្តិចសិនរហូតដល់កំហឹងបានកន្លងផុតទៅ។
21ត្បិតមើល ព្រះអម្ចាស់នឹងយាងចេញពីដំណាក់ព្រះអង្គ ដើម្បីដាក់ទោសមនុស្សនៅលើផែនដីដែលបានប្រព្រឹត្តអំពើបាប នៅពេលនោះអំពើអាក្រក់ដែលមនុស្សប្រព្រឹត្តនឹងលាក់លែងជិតហើយ ផែនដីនឹងបង្ហាញ ឈាមមនុស្សដែលត្រូវគេសម្លាប់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។