ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ហេតុដូចនេះ យើងត្រូវយកចិត្តទុកដាក់ ចំពោះកិច្ចការដែលយើងបានឮ ដើម្បីកុំឲ្យយើងត្រូវរសាត់បាត់ឆ្ងាយ។
2ដ្បិតបើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង តាមរយៈពួកទេវតា មានប្រសិទ្ធភាព ធ្វើឲ្យមនុស្សប្រព្រឹត្តល្មើស និងមិនស្តាប់បង្គាប់គ្រប់គ្នា ទទួលទោសយ៉ាងនេះទៅហើយ
3ចុះតើធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្រ្គោះដូច្នេះ? គឺការសង្រ្គោះដែលព្រះអម្ចាស់បានប្រកាស និងបញ្ជាក់ប្រាប់យើង ដែលបានឮរួចមកហើយ។
4ជាមួយគ្នានេះដែរ ព្រះជាម្ចាស់បានផ្តល់សក្ខីភាព តាមរយៈទីសម្គាល់ ឫទ្ធិ​បាដិហារិយ៍ និងការអស្ចារ្យទាំងឡាយ ព្រមទាំងបានចែកអំណោយទានរបស់ព្រះវិញ្ញាណ ស្របតាមព្រះហប្ញទ័យព្រះអង្គ។
5ដ្បិត ពុំមែនជាពួកទេវតារបស់ព្រះជាម្ចាស់ទេ ដែលព្រះអង្គប្រគល់ឲ្យគ្រប់គ្រងពិភពលោក ដូចយើងធ្លាប់និយាយនោះទេ។
6ផ្ទុយទៅវិញ មានមនុស្សបានផ្តល់សក្ខីភាពនៅកន្លែងមួយថា៖ «តើបុត្រមនុស្សជាអ្វីបានជាព្រះជាម្ចាស់នឹកនាដល់គេមេ្ល៉ះ? ឬក៏បុត្រមនុស្សដែលបងប្អូនគ្នាយកចិត្តទុកដាក់?»
7ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យមានឋានៈតូចជាងពួកទេវតាតែបនិ្តចប៉ុណ្ណោះ តែបងប្អូនរាល់គ្នាទទួលបានមកុដ ប្រកបដោយសរីរុងរឿង និងកិត្តិយស។
8ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមបាទជើងពួកគេ។ ដ្បិតព្រះជាម្ចាស់បានបង្រ្កាបអ្វីៗទាំងអស់ឲ្យចុះចូលនឹងព្រះអង្គ គឺគ្មានអ្វីមួយនៅសេសសល់ ពុំចុះចូលនឹងព្រះអង្គឡើយ។ ប៉ុន្តែ ឥឡូវនេះយើងឃើញថា អ្វីទាំងអស់ពុំទាន់ចុះចូលនឹងព្រះអង្គនៅឡើយទេ។
9ប៉ុន្តែ យើងឃើញថា ម្នាក់ដែលតូចជាងពួកទេវតា តែមួយរយៈខ្លីប៉ុណ្ណោះ គឺព្រះយេស៊ូដែលបានរងទុក្ខលំបាក និងសោយទិវង្គត ហើយព្រះអង្គទទួលបានមកុដប្រកបដោយសិរីរុងរឿង និងកិត្តិយស។ ឥឡូវនេះ ដោយសារព្រះគុណ ព្រះអង្គបានភ្លក្សសេចក្តីស្លាប់ម្តង សម្រាប់មនុស្សគ្រប់គ្នា។
10ដ្បិត ពិតជាសក្តិសមណាស់ចំពោះព្រះជាម្ចាស់ ព្រោះអ្វីៗទាំងអស់កើតឡើងដើម្បីថ្វាយព្រះអង្គ តាមរយៈព្រះអង្គ និងនាំកូនៗជាច្រើន ឲ្យទទួលបានសិរីរុងរឿង។ ស័ក្តិសមណាស់ចំពោះព្រះអង្គ ធ្វើជាអ្នកដឹកនាំការសង្រ្គោះពេញលក្ខណៈ តាមរយៈការរងទុក្ខលំបាក។
11ទាំងព្រះយេស៊ូដែលប្រោសមនុស្សឲ្យបានវិសុទ្ធ និងអ្នកដែលព្រះយេស៊ូប្រោសឲ្យបានវិសុទ្ធ ចេញមកពីប្រភពតែមួយ។ ដូច្នេះ ព្រះអង្គមិនខ្មាសនឹងហៅពួកគេថា បងប្អូនឡើយ។
12ព្រះអង្គមានព្រះបន្ទូលថា៖ «ទួលបង្គំនឹងប្រកាសពីព្រះនាមព្រះអង្គប្រាប់បងប្អូនទួលបង្គំ ហើយយើងនឹងច្រៀងអំពីព្រះអង្គ នៅក្នុងអង្គប្រជុំ»។
13ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងទុកចិត្តព្រះអង្គ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ ទូលបង្គំនៅទីនេះ រួមជាមួយកូនចៅ ដែលព្រះជាម្ចាស់ប្រទានមកទូលបង្គំ»។
14ដោយសារ កូនចៅរបស់ព្រះជាម្ចាស់ជាប់សាច់ឈាមជាមួយគ្នា ព្រះយេស៊ូក៏ចែករំលែកអ្វីៗព្រះអង្គមាន ជាមួយពួកគេដែរ ដូច្នេះ ព្រះយេស៊ូសុគតដើម្បីបំផ្លាញមារកំណាច ដែលមានអំណាចលើសេចក្តីស្លាប់។
15ព្រះអង្គធ្វើដូច្នេះ ដើម្បីរំដោះពួកអ្នកខ្លាចសេចក្តីស្លាប់ ដែលកំពុងតែរស់នៅជាទាសករមួយជីវិត ឲ្យមានសេរីភាពឡើងវិញ។
16ពិតប្រាកដណាស់ ព្រះយេស៊ូពុំបានជួយពួកទេវតាទេ ផ្ទុយទៅវិញព្រះអង្គបានទៅជួយពូជរបស់លោកអប្រាហាំ។
17ដូច្នេះ ព្រះអង្គត្រូវតែដូចបងប្អូនព្រះអង្គគ្រប់យ៉ាង ដើម្បីធ្វើជាមហាបូជាចារ្យពេញដោយចិត្តមេត្តា និងស្មោះត្រង់ក្នុងការបំពេញកិច្ចការថ្វាយព្រះជាម្ចាស់ និងនាំការអត់ទោសបាបដល់មនុស្សទាំងអស់។
18ព្រះយេស៊ូអាចជួយអ្នកដែលត្រូវល្បួងបាន ព្រោះព្រះអង្គផ្ទាល់ក៏រងទុក្ខលំបាក និងរងការល្បួងដូចគ្នាដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។