1ចូរនឹកចាំពីព្រះអាទិកររបស់អ្នក នៅពេលដែលអ្នកនៅជាយុវវ័យនៅឡើយ មុនពេលដែលថ្ងៃនៃលំបាកមកដល់ ហើយមុនពេលច្រើនឆ្នាំកន្លងផុតទៅ ពេលដែលអ្នកនិយាយថា «ខ្ញុំលែងមានភាពរីករាយក្នុងឆ្នាំទាំងនេះទៀតហើយ»។
2ត្រូវធ្វើការនេះមុនពេលពន្លឺនៃព្រះអាទិត្យ ទាំងព្រះច័ន្ទ និងផ្កាយទៅជាងងឹត ហើយពពកខ្មៅនឹងត្រលប់មកវិញបន្ទាប់ពីភ្លៀងរួច។
3ជាពេលដែលឆ្មាំយាមរាជវាំងនឹងញ័ររន្ធត់ និងមនុស្សខ្លាំងពូកែក្រាបចុះ ចំណែកស្រ្តីដែលកិនម្សៅនឹងឈប់កិន ដោយសារមានគ្នាពីបីនាក់ ហើយអស់អ្នកណាដែលមើលមកតាមបង្អួចត្រូវងងឹតទៅ។
4ជាពេលដែលទ្វាទាំងឡាយនៅតាមផ្លូវនឹងត្រូវបិទ និងជាពេលដែលលែងឮសំឡេងសូរត្បាល់កិន ហើយនៅពេលដែលមនុស្សភ្ញាក់ផ្អើលដោយឮសត្វចាបយំ ព្រមទាំងសំឡេងកូនស្រីដែលច្រៀងបាត់ទៅ។
5ជាពេលដែលមនុស្សនឹងប្រែជាខ្លាចទីខ្ពស់ និងប្រែជាខ្លាចគ្រោះថ្នាក់ពេលធ្វើដំណើរតាមផ្លូវ ហើយនៅពេលដែលដើមចំបក់ចេញផ្កា ហើយនៅពេលដែលកណ្ដូបអូសខ្លួនឯងតាមផ្លូវ និងនៅពេលដែលបំណងប្រាថ្នាពីកំណើតត្រូវបរាជ័យ។ មនុស្សលោកឈានទៅរកផ្ទះដែលអស់កល្បជានិច្ចរបស់ពួកគេ និងពួកអ្នកកាន់ទុក្ខដើរទៅតាមផ្លូវ។
6ចូរនឹកចាំពីព្រះអាទិកររបស់អ្នក មុនពេលដែលខ្សែប្រាក់ដាច់ ឬចានមាសបែក ឬក្អមបែកនៅប្រភពទឹក ឬរហាត់ទឹកនៅអណ្ដូងខូចបាត់ទៅ និងមុនពេលធូលីត្រលប់ទៅជាដីវិញ
7ហើយប្រលឹងវិញ្ញាណត្រលប់ទៅកាន់ព្រះជាម្ចាស់ជាព្រះដែលបានប្រទានមកវិញ។
8«ឥតបានការសោះ» គ្រូនិយាយថា «អ្វីៗទាំងអស់សុទ្ធតែឥតបានការសោះ»។
9គ្រូជាអ្នកប្រាជ្ញ ហើយលោកបានបង្រៀនមនុស្សឲ្យចេះដឹង។ លោកបានរៀន ហើយសញ្ជឹងគិត និងរៀបចំជាសុភាសិតជាច្រើន។
10គ្រូព្យាយាមស្វែងរកពាក្យល្អត្រឹមត្រូវ នៃសេចក្ដីពិតដែលបានចែងទុកមកសរសេរ។
11ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាគ្រឿងលើកទឹកចិត្ត។ ពាក្យសម្ដីរបស់អ្នកមានប្រាជ្ញាប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់ ជាពាក្យដែលបង្រៀនដោយអ្នកគង្វាលតែមួយគត់។
12កូនអើយ ត្រូវដឹងពីអ្វីៗបន្ថែមទៀត ដ្បិតការបង្កើតសៀវភៅជាច្រើន គឺគ្មានទីបញ្ចប់ទេ ហើយការរៀនសូត្រច្រើនក៏នាំមកនូវភាពធុញថប់ដល់រាងកាយដែរ។
13ចុងបញ្ចប់នៃអ្វីៗបញ្ហា គឺក្រោយពីបញ្ហាបានឮ នោះគឺថាអ្នកត្រូវតែគោរពកោតខ្លាចដល់ព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ ដ្បិតនេះគឺជាកាតព្វកិច្ចទាំងមូលរបស់មនុស្សជាតិ។
14ព្រះជាម្ចាស់នឹងប្រទានគ្រប់កិច្ចការទាំងអស់ទៅកាន់ការជំនុំជំរះ ទោះបីជាអំពេើដែលគេលាក់កំបាំង មិនថាជាការល្អ ឬការអាក្រក់។