ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កូឡូស 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ចៅហ្វាយគ្រប់គ្នាអើយ ចូរប្រព្រឹត្តជាមួយអ្នកបម្រើរបស់ខ្លួន ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌។ អ្នកដឹងហើយថា អ្នកក៏មានចៅហ្វាយមួយនៅស្ថានបរមសុខដែរ។
2ចូរបន្តព្យាយាមអធិស្ឋាន។ ចូរប្រុងស្មារតីនៅក្នុងការអធិស្ឋាន ដោយអរព្រះគុណ។
3សូមរួមគ្នាអធិស្ឋានសម្រាប់យើង ដើម្បីឲ្យព្រះអង្គបើកទ្វារសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសពីសេចក្ដីពិតដែលលាក់កំបាំងរបស់ព្រះគ្រិស្ត។ ហើយខ្ញុំបានជាប់ឃុំឃាំងដោយព្រោះការនេះ។
4សូមអធិស្ឋានឲ្យខ្ញុំយល់ច្បាស់ពីអ្វីដែលខ្ញុំត្រូវនិយាយ។
5ចូរដើរដោយប្រាជ្ញាជាមួយអ្នកដែលមិនទាន់ជឿ និងចេះរៀបចំពេលវេលាផង។
6សូមឲ្យសម្ដីរបស់បងប្អូនបានប្រកបដោយព្រះគុណជានិច្ច។ ឲ្យពួកគេទទួលបានពាក្យដែលមានខ្លឹមសារ ដើម្បីឲ្យបងប្អូនអាចដឹងពីរបៀបដែលបងប្អូនឆ្លើយតបទៅមនុស្សម្នាក់ៗ។
7រឿងអ្វីដែលទាក់ទងជាមួយខ្ញុំ លោកទីឃីកុសជម្រាបដល់បងប្អូនឲ្យបានដឹង។ លោកទីឃីកុសជាបងប្អូនជាទីស្រឡាញ់ ក៏ជាអ្នកបម្រើដ៏ស្មោះត្រង់ និងជាអ្នកបម្រើក្នុងព្រះអម្ចាស់។
8ខ្ញុំបានបញ្ជូនគាត់សម្រាប់ការនេះ ដើម្បីប្រាប់ពីដំណឹងរបស់យើង ហើយគាត់ក៏អាចលើកទឹកចិត្តដល់បងប្អូនដែរ។
9ខ្ញុំបានបញ្ជូនគាត់ទៅជាមួយលោកអូនេស៊ីម ជាបងប្អូនដែលស្មោះត្រង់ និងជាទីស្រឡាញ់ ហើយជាម្នាក់ក្នុងចំណោមបងប្អូន។ ពួកគេនឹងជម្រាបដល់បងប្អូនពីអ្វីដែលបានកើតឡើងនៅទីនេះ។
10លោកអើរីស្តាក ជាបងប្អូនដែលជាប់ឃុំឃាំងជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុស ដែលត្រូវជាសាច់ញាតិរបស់លោកបារណាបាសក៏សូមជម្រាបសួរដល់បងប្អូនដែរ (ប្រសិនបើ គាត់មកសុខទុក្ខបងប្អូន សូមទទួលគាត់ដូចអ្វីដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា)
11ហើយលោកយេស៊ូ ហៅលោកយូស្ទូសក៏បានជម្រាបសួរដល់បងប្អូនដែរ។ មានតែអ្នកកាត់ស្បែកអ្នកនេះឯង សម្រាប់ព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏ជាអ្នកដែលកម្សាន្តចិត្តខ្ញុំដែរ។
12លោកអេប៉ាប្រាសសូមជម្រាបសួរដល់បងប្អូន។ គាត់គឺជាម្នាក់ក្នុងចំណោមបងប្អូន ហើយក៏ជាអ្នកបម្រើរបស់ព្រះយេស៊ូដែរ។ គាត់តែងតែអធិស្ឋានសម្រាប់បងប្អូន ដើម្បីឲ្យបងប្អូនអាចឈេររឹងមាំ និងពេញលក្ខណៈនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។
13ខ្ញុំអាចធ្វើជាសាក្សីសម្រាប់គាត់បាន ថាគាត់ពិតជាប្រឹងប្រែងសម្រាប់បងប្អូន និងសម្រាប់អ្នកស្រុកឡៅឌីសេ ព្រមទាំងអ្នកស្រុកហេរ៉ាប៉ូល។
14លោកគ្រូពេទ្យលូកាជាទីស្រឡាញ់របស់យើង និងលោកដេម៉ាសសូមជម្រាបសួរដល់បងប្អូនដែរ។
15សូមជម្រាបសួរដល់បងប្អូនដែលរស់នៅស្រុកឡៅឌីសេ និងនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅក្នុងផ្ទះរបស់នាងដែរ។
16នៅពេលដែលបងប្អូនបានអានសំបុត្រនេះរួចហើយ សូមអានសំបុត្រនេះសម្រាប់ក្រុមជំនុំឡៅឌីសេ ហើយសូមអានសំបុត្រដែលមកពីស្រុកឡៅឌីសេផង។
17សូមជម្រាបលោកអើឃីព ត្រូវយកចិត្តទុកដាក់ចំពោះព័ន្ធកិច្ចដែលអ្នកទទួលបាននៅក្នុងព្រះអម្ចាស់ ដែលអ្នកគួរតែធ្វើការនេះ។
18ពាក្យជម្រាបសួរនេះ ខ្ញុំប៉ូល ជាអ្នកសរសេរដោយដៃខ្ញុំផ្ទាល់។ សូមចាំថាខ្ញុំនៅជាប់ឃុំឃាំង។ សូមឲ្យព្រះគុណរបស់ព្រះជាម្ចាស់នៅជាប់ជាមួយបងប្អូន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។