ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 26

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះចៅ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការពារ​ខ្លួន​នៅ​ពេល​នេះ​បាន»។ បន្ទាប់មក លោក​ប៉ូល​លើក​ដៃ​ឡើងមាន​ប្រសាសន៍​ថា៖
2«បពិត្រ​ព្រះរាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ​អាច​ឆ្លើយ​ការពារ​ខ្លួននៅ​ចំពោះ​ព្រះភក្ត្រ​ព្រះករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ
3ដ្បិត ​ព្រះករុណា​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀមទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែកញែក។ ហេតុ​នេះ សូម​ព្រះអង្គ​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ ដោយ​អនុគ្រោះ​ផង។
4ជន​ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ។
5ពួកគេ​ក៏​ដឹង​ថា​តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូសាឡឹម​របៀប​ណា​ដែរ។ គេ​បាន​ស្គាល់​ទូលបង្គំតាំង​ពី​យូរ​មក​ហើយ ពី​ដើមទូលបង្គំ​ជា​អ្នក​ខាង​គណៈផារីស៊ី ដែល​ជា​គណៈ​តឹងរ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង។
6ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរសរបស់​យើង។
7កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង ​នាំ​គ្នា​គោរព​បម្រើ​ព្រះជាម្ចាស់ទាំង​យប់ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះបន្ទូល​សន្យា​នេះនឹង​បាន​សម្រេច។ បពិត្រ​ព្រះរាជា ជន​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។
8ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យជឿ​ដូច្នេះ?
9ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម​ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់។
10​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអម្ចាស់​ជា​ច្រើន​នាក់ ​យក​ទៅ​ឃុំឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។
11ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំនានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យគេ​លះបង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀតបៀន​គេ​ក្នុង​ក្រុង​នានានៅ​បរទេស​ផង។
12ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស​ ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ។
13បពិត្រ​ព្រះរាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ​ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។
14ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា៖ «សូល!​ សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​​មិន​កើត​ទេ»។
15ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​វិញ​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន។
16ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស​រើស​អ្នក​ឲ្យបម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុការណ៍​ ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​ខាង​មុខ។
17ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រាអែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យទៅ​រក​សាសន៍​ទាំង​នោះ
18ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​សាតាំង បែរ​មក​រក​ព្រះជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មរតក​រួម​ជា​មួយ​អស់​អ្នក ​ដែល​ព្រះជាម្ចាស់​ប្រោស​ឲ្យបាន​វិសុទ្ធដោយ​មាន​ជំនឿ​លើ​ខ្ញុំ»។
19បពិត្រ​ព្រះរាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។
20ទូលបង្គំ​បាន​ប្រាប់​ប្រជាជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរូសាឡឹម ​នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។
21​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះវិហារ ព្រម​ទាំង​ប៉ុនប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។
22ប៉ុន្តែ ដោយ​ព្រះជាម្ចាស់​ជួយ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គនៅ​ចំពោះ​មុខ​អ្នក​តូច និង​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី និង​លោក​ម៉ូសេបាន​ថ្លែង​ទុក​អំពី​ហេតុការណ៍​ ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ
23ពោល​គឺ​ព្រះគ្រិស្ដបាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ទ្រង់​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​យូដា និង​សាសន៍​ដទៃ»។
24កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ! អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ»។
25លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯកឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។
26ព្រះរាជា​ក៏​ជ្រាប​អំពី​ហេតុការណ៍​ទាំង​នេះ រួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះអង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះរាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​ឡើយ។
27បពិត្រ​ព្រះរាជា តើ​ព្រះអង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ជឿ​មែន»។
28ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្តិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ដបរិស័ទ​ហើយ!»។
29លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្តិច​ទៀត ឬ​យូរ​ទៀត​ក្ដី ទូលបង្គំ​អង្វរ​ព្រះជាម្ចាស់ សូម​ទ្រង់​ប្រោសប្រណី មិន​ត្រឹម​តែ​ដល់​ព្រះរាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យព្រះរាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើកលែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ»។
30បន្ទាប់មកព្រះរាជា លោក​ទេសាភិបាល ព្រម​ទាំង​ម្ចាស់ក្សត្រីយ៍​បេរេនីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង
31ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។
32ព្រះបាទ​អគ្រីប៉ា​មាន​រាជឱង្ការ​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះចៅ​អធិរាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។