ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

កណ្ឌគម្ពីរកិច្ចការ 25

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារាឆ្ពោះ​ទៅ​ក្រុង​យេរូសាឡឹម។
2​នាយក​បូជាចារ្យ និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។ ពួក​គេ​បាន​ទទូច
3និង​សុំ​ឲ្យ​លោក​ភេស្ទុស ​មេត្តា​អនុគ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡឹម ព្រោះ​ពួក​គេ​បាន​ឃុបឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ចាំ​សម្លាប់​លោក​តាម​ផ្លូវ។
4ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំឃាំង​នៅ​ក្រុង​សេសារា​ឯណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញក្នុង​ពេល​បន្តិច​ទៀត​ដែរ។
5លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថាបុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។
6លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេបួន​ដប់​ថ្ងៃ​ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។
7ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡឹមបាន​នាំ​គ្នា​ចោមរោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្ដុតាង​អ្វី​​ទេ។
8លោក​ប៉ូល​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះវិហារ ឬ​ក៏​ខុស​នឹង​ព្រះចៅ​អធិរាជ​ឡើយ»។
9ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អ្នក ​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។
10លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះចៅ​អធិរាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯកឧត្ដម​ត្រូវ​កាត់​ក្ដី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯកឧត្ដម​ជ្រាប​ច្បាស់​ហើយ។
11ប្រសិន​បើ ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញរា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យគេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិរាជ​វិញ»។
12បន្ទាប់ពីលោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា លោកមាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិរាជ!»។
13ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេនីស យាង​មក​ដល់​ក្រុង​សេសារាដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។
14ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់នៅ​ក្នុង​ទី​ឃុំឃាំង។
15កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូសាឡឹម ពួក​នាយក​បូជាចារ្យ និង​ពួក​ព្រឹទ្ធាចារ្យនៃ​សាសន៍​យូដា​ បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។
16ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូមមិនមានទំនៀមទម្លាប់បបញ្ជូន​នរណា​ម្នាក់ ​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ជួប​ជា​មួយ​អ្នក​ដើម​ចោទ និងមិនមានឱកាស​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។
17ដូច្នេះ លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​មិនរង់ចាំអ្វីទេ ហើយបាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក។
18ពួក​ដើម​ចោទ​ក៏ឈរ​នៅ​ទី​កាត់​ក្ដី​ដែរ រួចចោទគាត់ តែ​ទូលបង្គំ​គិតថាគេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយឡើយ។​
19ពួកគេមាន​តែ​ជជែក​វែកញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូដែល​បាន​ស្លាប់ ដោយលោក​ប៉ូលអះអាង​ថាលោកយេស៊ូរស់ឡើងវិញហើយ។
20ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែកញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថាតើ គាត់ចង់​ទៅ​ក្រុង​យេរូសាឡឹមឲ្យ​គេ​កាត់​ក្ដី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ។
21តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះចៅអធិរាជ ដើម្បី​សុំ​ឲ្យព្រះអង្គ​កាត់​ក្ដី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះចៅ​អធិរាជ»។
22ព្រះបាទ​អគ្រីប៉ា មាន​រាជឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។
23លុះ​ស្អែក​ឡើង ព្រះបាទ​អគ្រីប៉ា និង​ម្ចាស់ក្សត្រីយ៍​បេរេនីស បាន​យាង​ចូល​ក្នុង​សាលសវនាការ​យ៉ាង​អធិកអធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះហែហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។
24លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះរាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះរាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូសាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។
25ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិរាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះអង្គ។
26តែខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅអធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ ​បាន​ជា​ខ្ញុំ​ឲ្យគេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ចៅអគ្រីប៉ាផ្ទាល់ ហេតុនេះខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយការណ៍​បាន។
27គ្មានមូលហេតុណាដែលខ្ញុំត្រូវបញ្ជូន ហើយមិនបានបញ្ជាក់អំពីពាក្យចោទទៅជាមួួយផងនោះដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។