1ឥឡូវនេះ បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សាយលឿន ហើយបានប្រកបដោយសិរីល្អនៅក្នុងចំណោមអ្នករាល់គ្នាដែរ។
2សូមអធិស្ឋាន ឲ្យយើងបានរួចផុតពីមនុស្សទុច្ចរិត និងអាក្រក់ ព្រោះមិនមែនមនុស្សគ្រប់គ្នាមានជំនឿនោះទេ។
3ប៉ុន្តែ ព្រះអម្ចាស់ស្មោះត្រង់ ដែលបានសាង ហើយការពារអ្នករាល់គ្នាពីមនុស្សអាក្រក់។
4យើងមានទំនុកចិត្តជាមួយបងប្អូននៅក្នុងព្រះអម្ចាស់ ថាបងប្អូននឹងធ្វើ ហើយបន្តក្នុងការធ្វើការនោះ ដូចដែលយើងបានបង្គាប់ដល់បងប្អូន។
5សូមព្រះអម្ចាស់ដឹកនាំចិត្តរបស់អ្នករាល់គ្នា ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងឲ្យអត់ធ្មត់នៅក្នុងព្រះគ្រិស្ត។
6ឥឡូវនេះ បងប្អូនអើយ យើងបង្គាប់ដល់អ្នករាល់គ្នា នៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងថា ចូរចៀសចេញពីបងប្អូនណាដែលរស់នៅគ្មានសណ្តាប់ធ្នាប់ ហើយមិនរស់តាមរបៀបដែលអ្នកបានទទួលពីយើង។
7ដ្បិត អ្នករាល់គ្នាដឹងហើយថាអ្វីដែលត្រឹមត្រូវសម្រាប់អ្នករាល់គ្នាយកតម្រាបតាមយើង។ យើងមិនបានរស់នៅក្នុងចំណោមអ្នករាល់គ្នាដូចអស់អ្នកដែលគ្មានរបៀបវិន័យនោះទេ។
8យើងមិនបានទទួលអាហាររបស់នរណាម្នាក់ ដោយមិនបានបង់លុយនោះទេ។ ផ្ទុយទៅវិញ យើងបានខំប្រឹងធ្វើការយ៉ាងនឿយហត់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងបានក្លាយជាបន្ទុកដល់នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។
9យើងធ្វើបែបនេះ មិនមែនដោយសារយើងគ្មានសិទ្ធិអំណាចនោះទេ ផ្ទុយទៅវិញ យើងធ្វើបែបនេះ ដើម្បីធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចយកតម្រាបតាមយើងវិញ។
10នៅពេលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់ដល់អ្នករាល់គ្នាថា «ប្រសិនបើ នរណាម្នាក់មិនចង់ធ្វើការ អ្នកនោះមិនគួរឲ្យហូបទេ»។
11ដ្បិត យើងឮថា មានអ្នកខ្លះរស់នៅដោយខ្ជិលច្រអូសនៅក្នុងចំណោមអ្នករាល់គ្នា។ ពួកគេមិនបានធ្វើការ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេចូលចិត្តច្រៀតជ្រែកកិច្ចការរបស់អ្នកដទៃ។
12ដូច្នេះ យើងបង្គាប់ ហើយដាស់តឿនបងប្អូននៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តថា ចូរឲ្យពួកគេធ្វើការដោយឥតរអ៊ូរទាំឡើយ ហើយហូបអាហាររបស់ពួកគេផ្ទាល់។
13ប៉ុន្តែ ឯអ្នករាល់គ្នាវិញ បងប្អូនអើយ មិនត្រូវបាក់ទឹកចិត្តក្នុងការធ្វើអ្វីដែលត្រឹមត្រូវឡើយ។
14ប្រសិនបើ នរណាម្នាក់មិនស្តាប់បង្គាប់តាមពាក្យរបស់យើង ដែលនៅក្នុងសំបុត្រនេះទេ ចូរសម្គាល់អ្នកនោះ ហើយកុំទាក់ទងជាមួយគាត់ឡើយ ធ្វើដូច្នេះ គាត់អាចនឹងអាម៉ាស់។
15សូមកុំរាប់គាត់ថាជាសត្រូវឡើយ ប៉ុន្តែ ដាស់តឿនគាត់ដូចជាបងប្អូនវិញ។
16សូមព្រះអម្ចាស់នៃេចក្តីសុខសាន្ត ប្រទានសេចក្តីសុខសាន្តដល់អ្នករាល់គ្នាគ្រប់ពេលវេលាក្នុងគ្រប់ការទាំងអស់។ សូមព្រះអម្ចាស់គង់នៅជាមួយអ្នកទាំងអស់គ្នា។
17នេះគឺជាពាក្យជម្រាបសួររបស់ខ្ញុំ ប៉ូល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ ជាសញ្ញានៅក្នុងសំបុត្រទាំងអស់។ នេះគឺជារបៀបដែលខ្ញុំសរសេរ។
18សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើងបាននៅជាមួយអ្នកទាំងអស់គ្នា។