ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពេត្រុស 3

Read Scripture freely. Divine Threads study for this chapter is coming later.

1បងប្អូនជាទីស្រឡាញ់ នេះគឺជាសំបុត្រទីពីរហើយដែលខ្ញុំបានសរសេរផ្ញើមកកាន់អ្នក នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ គឺខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​បងប្អូន​ឲ្យ​ភ្ញាក់​ឡើង​។
2ដ្បើម្បីអ្នក​រាល់ងាកមករក ​​ព្រះបន្ទូល​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពីមុន​មក​ និង​ពី​បញ្ជា​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នក​រាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។​
3បងប្អូនត្រូវដឹងពីការនេះជាមុន នៅគ្រាចុងក្រោយពួកអ្នកមើលងាយគេនឹងមកដល់។ ពួកគេនឹងចំអកហើយនិងដើរតាមសេចក្តីប្រាថ្នារបស់ពួកគេ។
4ពួកគេនឹងនិយាយថា «តើការសន្យាដែលនឹងត្រឡប់មកវិញនោះនៅទីណា? ដ្បិតតាំង​ពី​ពួក​ដូនតាបាន​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក»។
5ពួកគេបានភ្លេចថា​ ​ផ្ទៃមេឃ​ ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​ និង​នៅ​ក្នុង​ទឹក​ តាំងតែ ពីយូរណាស់មកហើយដោយសារ ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់
6ហើយតាមរយៈការទាំងនេះ ពិភពលោកនេះត្រូវបានបំផ្លាញក្នុងពេលនោះ ដោយទឹក​ជន់លិច។
7ប៉ុន្តែ​ដោយសារ​ព្រះ​បន្ទូល​ដដែល​ ផ្ទៃមេឃ​ និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​បម្រុងទុក​សម្រាប់​ភ្លើង​ ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាចដល់​ព្រះជាម្ចាស់។​
8បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ព្យាយាមគេចវេសពីការនេះ​ឡើយ​ គឺថានៅចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​។
9ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ ដូច​ជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ តែព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នក​រាល់គ្នា​ ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែចិត្ដ​វិញ​។
10ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃនៃព្រះជាម្ចាស់នឹងមកដល់ដូចជាចោរលួច ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង។ ធាតុ​ទាំងអស់​នឹង​ឆេះ​ទៅ​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាស​បាត់អស់ដែរ។​
11គ្រប់យ៉ាងទាំងអស់នឹងត្រូវបំផ្លាញក្នុងរូបភាពបែបនេះ តើអ្នកគួរជាមនុស្សបែបណា? អ្នកត្រូវតែរស់ដោយភាពដ៏វិសុទ្ធនិងកោតខ្លាចព្រះជាម្ចាស់។
12បងប្អូនគួរ​ទន្ទឹង​រង់ចាំ​ ឲ្យ​ថ្ងៃ​របស់​ព្រះជា​ម្ចាស់​ឆាប់​មក​ដល់​។ នៅ​ថ្ងៃ​នោះ​ ផ្ទៃមេឃ​នឹង​ឆេះ​អស់​ ហើយ​ត្រូវ​បំផ្លាញ​ទៅ​ ហើយធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​ដោយកម្តៅដ៏ខ្លាំង។
13ប៉ុន្តែដោយការសន្យារបស់ព្រះអង្គ គឺពួកយើងរង់ចាំផ្ទៃមេឃហើយនិងផែនដីថ្មី ជាកន្លែងដែលពួកសុចរិតរស់នៅ។​
14ដូច្នោះ បងប្អូនជាទីស្រឡាញ់អើយ សូមរង់ចាំការទាំងនេះឲ្យកើតឡើងចុុះ ចូរ​ធ្វើឲ្យល្អបំផុត​នៅចំពោះព្រះអង្គ​ ឲ្យឃើញថា​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ និងសន្តិភាពផង។
15​ចូរ​គិតពីសេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ បាន​សរសេរ​មក​អ្នក​រាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​។
16​ក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​ ដែលបាន​និយាយ​ពីការទាំង​នេះ​ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ ដែល​ពួក​ល្ងង់ខ្លៅ​ និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំង​នោះ​ ដូច​គេ​បង្វែរ​បទគម្ពីរ​ផ្សេង​ទៀត​ដែរ​ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។​​
17ដូច្នេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ​ គឺ​អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជា​មុន​គេហើយ​ ចូរ​ប្រយ័ត្ន​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​សេចក្ដី​មិនត្រឹមត្រូវរបស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ ហើយ​បាត់​បង់​សេចក្ដី​ស្មោះត្រង់​របស់​ខ្លួន​អ្នក​ឡើយ​។
18ប៉ុន្តែ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។