ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពង្សាវតាក្សត្រ 19

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលដែលព្រះបាទហេសេគាបានឮការរាយការណ៍របស់ពួកគេហើយ ស្តេចបានហែកសំលៀកបំពាក់ ស្លៀកបាវ ហើយបានចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់។
2ស្តេចចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ​វាំង និង​លោក​សិប‌ណា ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជា‌ចារ្យ​ចាស់ៗ ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អេម៉ូស។
3ពួកគេបាននិយាយទៅគាត់ថា៖​ «ព្រះបាទហេសេគាទូលថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​ទុក្ខ ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​គ្មានព្រះគុណ ព្រោះ​ទារក​ត្រូវ​កើត តែ​​គ្មាន​កម្លាំង​បង្កើត​ទេ។
4ព្រះអម្ចាស់ជាព្រះរបស់លោកប្រហែលជាបានឮគ្រប់ពាក្យដែលមេទ័ពនោះបាននិយាយមិនខាន គឺអ្នកដែលស្តេចស្រុកអាសសេុីរបានបញ្ជូនមកប្រឆាំងនឹងព្រះដ៏មានព្រះជន្មរស់ និងធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់លោកដាក់ទោសពួកគេដោយសារពាក្យដែលព្រះអម្ចាស់បានឮ។ ឥឡូវនេះ សូមលោកអធិស្ឋានសម្រាប់អ្នកដែលនៅសេសសល់នៅទីនេះផង»។
5ដូច្នេះ អ្នកបម្រើរបស់ព្រះបាទអេសេគាបានមកជួបលោកអេសាយ
6ហើយលោកបាននិយាយទៅពួកគេថា៖ «ចូរប្រាប់ចៅហ្វាយរបស់អ្នកថា៖ «ព្រះអម្ចាស់មានបន្ទូលថា៖ «កុំឲ្យភ័យខ្លាចពាក្យដែលអ្នកបានឮឡើយ គឺពាក្យដែលអ្នកបម្រើរបស់ស្តេចស្រុកអាសសេុីរបានមើលងាយយើងនោះឡើយ។
7មើល យើងនឹងដាក់វិញ្ញាណក្នុងអ្នកនោះ ហើយអ្នកនោះនឹងឮការរាយការណ៍មួយ ហើយនឹងត្រឡប់ទៅទឹកដីរបស់គេវិញ។ យើងនឹងធ្វើឲ្យស្តេចនោះស្លាប់ដោយមុខដាវនៅក្នុងទឹកដីរបស់គេតែម្តង»។
8បន្ទាប់មក លោកមេទ័ពត្រឡប់ទៅវិញ ហើយឃើញថាស្តេចស្រុកអាសសេុីរវាយក្រុងលីបណា ព្រោះលោកបានឮថាស្តេចបានចេញពីក្រុង​ឡាគីសទៅ។
9បន្ទាប់មក ព្រះចៅសានហេរីបបានឮថា​ព្រះ‌ចៅ​ទីរ៉ា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី និងអេស៊ីប​បានប្រមូលគ្នាប្រឆាំងនឹងទ្រង់ ដូច្នេះស្តេចក៏បានផ្ញើសារម្តងទៀតទៅព្រះបាទហេសេគា៖
10និយាយទៅកាន់ព្រះបាទហេសេគាជាស្តេចស្រុកយូដាថា៖ «កុំឲ្យព្រះរបស់ព្រះកុរណាជាព្រះដែលព្រះករុណាទុកចិត្តបញ្ឆោតព្រះករុណាឡើយដោយថា៖ «ក្រុងយេរូសាឡឹមនឹងមិនត្រូវធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាសសេុីរទេ»។
11ឃើញទេ អ្នកបានឮពីអ្វីដែលស្តេចស្រុកអាសសេុីរបានធ្វើចំពោះទឹកដីទាំងអស់ដោយបំផ្លាញពួកគេទាំងស្រុង។ ដូច្នេះ តើព្រះករុណាអាចរួចខ្លួនឬ?
12តើព្រះរបស់ជាតិសាសន៍នីមួួយៗអាចសង្រ្គោះពួកគេបាន គឺជាតិសាសន៍ដែលបិតាយើងបំផ្លាញមាន៖ នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ?
13តើស្តេចរបស់​ក្រុង​ហា‌ម៉ាត់ ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ានៅឯណា?
14ព្រះបាទហេសេគាបានទទួលសំបុត្រនេះពីអ្នកនាំសារហើយទ្រង់បានអាន។ បន្ទាប់មក ព្រះអង្គឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយបានលើករឿងនេះទូលទៅព្រះអង្គ។
15បន្ទាប់់មក ព្រះបាទហេសេគាបានអធិស្ឋានចំពោះព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់នៃជាព្រះនៃជាតិសាសន៍ ជាព្រះរបស់អ៊ីស្រាអែល គឺទ្រង់គង់នៅលើចេរូប៊ីម ព្រះអង្គជាព្រះតែមួយលើអាណាចក្រទាំងអស់នៅលើផែនដី។ ព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី។​
16សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ព្រះអម្ចាស់អើយ។ សូមបើកព្រះនេត្ររបស់ព្រះអង្គមើលព្រះអម្ចាស់អើយ ហើយស្តាប់នូវពាក្យរបស់សេនហារីប ដែលបានផ្ញើពាក្យមកប្រមាថព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
17ពិតមែនហើយ ព្រះអម្ចាស់អើយ ស្តេចអាសសេុីរបានបានបំផ្លាញជាតិសាសន៍នានា និងទឹកដីរបស់ពួកគេ។
18ពួកគេបានដុតព្រះរបស់អ្នកទាំងនោះ ដោយសារព្រះទាំងនោះមិនមែនជាព្រះទេ ប៉ុន្តែ គ្រាន់តែជាស្នារដៃរបស់មនុស្សប៉ុណ្ណោះ គឺគ្រាន់តែជាឈើ និងថ្ម។ ដូច្នេះ ពួកអាសសេុីរបានបំផ្លាញ។
19ឥឡូវ ព្រះអម្ចាស់ជាព្រះរបស់យើង សូមជួយយើងខ្ញុំដោយចេស្តាររបស់ព្រះអង្គផង ទូលបង្គំសូមអង្វរ ដូច្នេះអាណាចក្រទាំងអស់នៅលើផែនដីនឹងដឹងថាព្រះអម្ចាស់ជាព្រះតែមួយគត់»។
20បន្ទាប់មក លោកអេសាយជាកូនរបស់លោកអេម៉ូសផ្ញើសារទៅព្រះបាទហេសាគាថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ដោយសារតែអ្នកអធិស្ឋានទៅយើងទាក់ទងនឹងសានហេរីបជាស្តេចអាសសេុីរ យើងបានឮហើយ។
21នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែល​មានបន្ទូលអំពីស្តេចនោះ៖ «ស្រីព្រហ្មចារីយ៍ក្រុងស៊ីយ៉ូននឹងមើលងាយអ្នក ហើយសើចចំអកដាក់អ្នក។ កូនស្រីក្រុងយេរូសាឡឹមនឹងគ្រវីក្បាលដាក់អ្នក។
22តើអ្នកមើលងាយ និងប្រមាថអ្នកណា?​ តើអ្នកស្រែកប្រឆាំងនឹងអ្នកណា ហើយអ្នកបានលើកភ្នែកអ្នកឡើងដោយអំនួត? គឺប្រឆាំងនឹងព្រះដ៏វិសុទ្ធរបស់អ៊ីស្រាអែល!
23តាមរយៈអ្នកនាំពាក្យរបស់អ្នក អ្នកបានមើលងាយព្រះជាម្ចាស់ ហើយបាននិយាយថា៖ «ជាមួយនឹងរទេះចម្បាំងដ៏ច្រើនរបស់យើង យើងនឹងឡើងទៅលើភ្នំយ៉ាងខ្ពស់ យើងនឹងចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់។ យើងនឹងកាប់​ដើម​តាត្រៅ និងជ្រើសរើសដើមកកោះនៅទីនោះ។ យើងនឹងចូលទៅទីជ្រៅបំផុត គឺព្រៃដែលមានផលច្រើនបំផុត។
24យើងបានជីកអណ្តូង ហើយបានផឹកទឹករបស់សាសន៍ដ៏ទៃ។ យើងបានធ្វើឲ្យទន្លេនៅស្រុកអេស៊ីបរីងនៅក្រោមបាតជើងរបស់យើង»។
25តើអ្នកមិនបានឮពីរបៀបដែលយើងកំណត់របស់ទាំងនេះតាំងពីយូយាណាស់មកហើយ នឹងបានធ្វើឲ្យវាសម្រេចតាំងពីបុរាណកាលមកទេឬ? ឥឡូវនេះយើងបានធ្វើឲ្យវាមានរូបរាងឡើង។ អ្នកមានវត្តមាននៅទីនេះដើម្បីកំទេចក្រុងទាំងឡាយឲ្យទៅជាគំនរឥដ្ឋ។
26អ្នកស្រុករបស់ពួកគេខ្សោយកំលាំង​ ភ័យខ្លាច ហើយអាម៉ាសមុខ។ ពួកគេបានដាំស្មៅនៅក្នុងវាលស្រែរបស់គេ គឺស្មៅនៅលើដំបូលផ្ទះ គឺងាប់មុនពេលដែលវាលូតលាស់ឡើង។
27ប៉ុន្តែ យើងដឹងថាអ្នកកំពុងអង្គុយចុះ អ្នកចេញក្រៅ អ្នកមក ហើយអ្នកកំពុងតែ​ច្រឡោត​ខឹងនឹងយើង។
28ដោយសារតែអ្នក​ច្រឡោត​ខឹងនឹងយើង ហើយដោយសារតែពាក្យ​សំដីព្រហើនៗ​បានមកដល់ត្រចៀករបស់យើង យើងនឹងដាក់ក្រឡុសនៅច្រមុះរបស់អ្នក នឹងយក​បង្ហៀរ​មក​ដាក់​មាត់​អ្នក ហើងនឹងឲ្យអ្នកទៅតាមផ្លូវដែលអ្នកមកនោះវិញ»។
29នេះជាសញ្ញាសម្រាប់អ្នក៖ នៅឆ្នាំនេះអ្នកនឹងបរិភោគអ្វីៗដែលដុះដោយឯងៗ ហើយនៅឆ្នាំទីពីរអ្នកនឹងបរិភោគផលដែលកើតពីនោះទៀត។ ប៉ុន្តែនៅឆ្នាំទីបីអ្នកត្រូវតែដាំដុះ និងច្រូតកាត់ ដាំដើមទំពាំងបាយជូ​​រ និងបរិភោគផលរបស់វា។
30អ្នកដែលនៅក្នុងស្រុកយូដាដែលនៅសេសសល់ និងចាក់ឫសម្តងទៀត ហើយនឹងបង្កើតផល។ ព្រោះពីយេរូសាឡឹមនឹងមានអ្នកដែលនៅសេសសល់ចេញមក
31ចេញពីភ្នំស៊ីយ៉ូនអ្នកដែលនៅរស់នឹងចេញមក។ អំណាចព្រះចេស្តារបស់ព្រះអម្ចាស់នៃពួកពលបរិវានឹងធ្វើការនេះ។
32ដូច្នេះ ព្រះអម្ចាស់បានមានបន្ទូលបែបនេះអំពីស្តេចអាសសេុីរថា៖ «ស្តេចនោះនឹងមិនមកក្នុងក្រុងនេះទៀតឡើយ ហើយគេក៏មិនបាញ់ព្រួញនៅទីនេះដែរ។ ហើយគេក៏មិនប្រើខែល ឬក៏ជីកស្នាមភ្លោះប្រឆាំងនឹងក្រុងនេះដែរ។
33ការដែលស្តេចនោះនឹងមក នឹងដូចជាការដែលគេចេញទៅដែរ ស្តេចនោះនឹងមិនចូលក្នុងក្រុងឡើយ នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់»។
34ព្រោះយើងនឹងការពារក្រុងនេះ ហើយសង្រ្គោះក្រុងនេះ ដោយយល់ដល់ព្រះនាមយើង និងយល់ដល់ព្រះបាទដាវីឌជាអ្នកបម្រើរបស់យើង។
35នៅយប់នោះ ទេវាតារបស់ព្រះអម្ចាស់បានចេញទៅវាយប្រហារជំរំរបស់ពួកអាសសេុីរ បានសម្លាប់ទាហាន ១៨៥, ០០០នាក់។ នៅពេលដែលគេក្រោកនៅពេលព្រឹក នោះមានសាកសពនៅគ្រប់ទីកន្លែង។
36ដូច្នេះ ព្រះបាទសេនហារីបជាស្តេចអាសសេុីរបានចាកចេញពីអ៊ីស្រាអែល ហើយបានត្រឡប់ទៅផ្ទះវិញ ហើយបានស្នាក់នៅក្រុងនីនីវេ។
37ក្រោយមកទៀតនៅពេលដែលស្តេចកំពុងថ្វាយ‌បង្គំ​ព្រះ​នីស‌រ៉ុកជាព្រះរបស់ទ្រង់ អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរបានសម្លាប់ទ្រង់ដោយដាវ។ បន្ទាប់មក ពួកគេបានរត់ទៅទឹកដីអារ៉ា‌រ៉ាត។ បន្ទាប់មក ព្រះបាទអេសារ-‌ហាដោនជាបុត្ររបស់ទ្រង់ ឡើង​ស្នង​រាជ្យបន្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។