ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 33

Read Scripture freely. Divine Threads study for this chapter is coming later.

1កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ពេលទ្រង់មានព្រះជន្មដប់ពីរព្រះវស្សា។ ស្តេចសោយរាជ្យបានហាសិបប្រាំព្រះវស្សា នៅក្រុងយេរូសាឡិម។
2ស្តេចប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល។
3ស្តេចបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទហេសេគា ជាបិតាបានរំលំចោល​ ស្តេចបានសង់អាសនៈទាំងនោះសម្រាប់ព្រះបាលឡើងវិញ ស្តេចបានសង់បង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំផ្កាយទាំងអស់នៅលើមេឃក៏ក្រាបថ្វាយបង្គំរូបទាំងនោះផង។
4ព្រះបាទម៉ាណាសេបានសង់អាសនៈសក្ការៈនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងយកក្រុងយេរូសាឡិម ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ»។
5ស្តេចបានសង់អាសនៈសម្រាប់ផ្កាយទាំងអស់នៅលើមេឃក្នុងទីធ្លាពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។
6ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។
7ស្តេចបានយករូបចម្លាក់របស់ព្រះអាសេរ៉ា ដែលស្តេចបានធ្វើទៅដាក់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលមកព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រអំពីព្រះដំណាក់នេះ ដោយមានព្រះបន្ទូលថា៖ «យើងគង់នៅក្នុងដំណាក់នេះ និងនៅក្រុងយេរូសាឡិម ជាកន្លែងដែលយើងបានជ្រើសរើសពីកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ សម្រាប់នាមយើងជារៀងរហូត។
8យើងនឹងមិនដកពួកគេចេញពីទឹកដីដែលយើងបានឲ្យដល់បុព្វបុរសរបស់គេឡើយ ប្រសិនបើ ពួកគេយកចិត្តទុកដាក់តែនឹងកាន់តាមអ្វីៗដែលយើងបានបង្គាប់ឲ្យពួកគេធ្វើ ហើយកាន់តាមច្បាប់ក្រឹត្យវិន័យដែលយើងបានប្រគល់ឲ្យលោកម៉ូសេ»។
9ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡិមឲ្យធ្វើបាបលើសជាងប្រជាជាតិនានាដែលព្រះអម្ចាស់បានបំផ្លាញនៅចំពោះមុខជនជាតិអ៊ីស្រាអែល។
10ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជនរបស់ព្រះអង្គតែពួកគេមិនយកចិត្តទុកដាក់ស្តាប់ទេ។
11ព្រះអម្ចាស់បាននាំមេបញ្ជាការកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរីដែលបានចាប់យកព្រះបាទម៉ាណាសេដាក់ច្រវាក់ចងដៃស្តេចហើយនាំគាត់ទៅស្រុកបាប៊ីឡូន។
12ពេលព្រះបាទម៉ាណាសេរងទុក្ខវេទនា ស្តេចអង្វរព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ហើយបន្ទាបខ្លួនយ៉ាងខ្លាំងនៅចំពោះមុខព្រះនៃបុព្វបុរសរបស់ទ្រង់។
13ស្តេចបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលអង្វរព្រះជាម្ចាស់នោះព្រះជាម្ចាស់សណ្ដាប់ពាក្យអង្វររបស់ស្តេចហើយនាំស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញឲ្យឡើងគ្រងរាជ្យ។ ពេលនោះ ព្រះបាទម៉ាណាសេដឹងថា ព្រះអម្ចាស់ជាព្រះជាម្ចាស់។
14បន្ទាប់មក ព្រះបាទម៉ាណាសេបានសង់កំពែងខាងក្រៅឆ្ពោះទៅក្រុងដាវីឌ នៅខាងលិចគីហូននៅជ្រលងភ្នំរហូតដល់ច្រកចូលទ្វារត្រី។ ស្តេចបានសង់ព័ទ្ធជុំវិញភ្នំអូភែល ហើយលើកកំពែងឡើងដល់កម្ពស់មួយយ៉ាងខ្ពស់។ ស្តេចបានតែងតាំងមេបញ្ជាការដ៏ក្លាហាននៅក្នុងក្រុងដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
15ស្តេចបានយករូបព្រះដទៃចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ និងអាសនៈទាំងអស់ដែលស្តេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្រុងយេរូសាឡិមយកទៅបោះចោលនៅខាងក្រៅទីក្រុង។
16ស្តេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ ហើយបានថ្វាយយញ្ញ ‌ បូជាមេត្រីភាព និងតង្វាយអរព្រះគុណនៅលើអាសនៈនោះ។ ស្តេចបានមានរាជបញ្ជាឲ្យប្រជាជនយូដាគោរពបម្រើព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។
17ទោះជាយ៉ាងណា ប្រជាជននៅតែបន្តធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែលតែថ្វាយព្រះអម្ចាស់ជាព្រះរបស់គេប៉ុណ្ណោះ។
18រាជកិច្ច និងបញ្ហាផ្សេងទៀតទាក់ទងនឹងព្រះបាទម៉ាណាសេ ការអធិស្ឋានទូលអង្វរដល់ព្រះរបស់ស្តេច និងសំដីរបស់ពួកគ្រូទាយដែលបាននិយាយជាមួយស្តេចក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិស្តេចស្រុកអ៊ីស្រាអែល។
19នៅក្នុងកំណត់ត្រានោះមាន​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទីសក្ការៈ​តាម​ទួល​ខ្ពស់ៗហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​ពួកព្យាការី។
20ព្រះបាទម៉ាណាសេសោយបានចូលទិវង្គតជាមួយបុព្វបុរស គេយកសពទៅបញ្ចុះនៅឯដំណាក់ស្តេចផ្តាល់។ ព្រះបាទអាំម៉ូនជាបុត្រាបានឡើងសោយរាជ្យជំនួស។
21ព្រះបាទអាំម៉ូនមានជន្មាយុម្ភៃពីរព្រះវស្សា ពេលចាប់ផ្ដើមសោយរាជ្យ។ ស្តេចសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡិម។
22ស្តេចបានប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។ ព្រះបាទអាំម៉ូនបានថ្វាយយញ្ញបូជាដល់រូបចម្លាក់ទាំងអស់ដែលព្រះបាទម៉ាណាសេ ជាបិតាបានធ្វើ។
23ស្តេចពុំបានបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតាបានធ្វើនោះទេ។ ផ្ទុយទៅវិញ ព្រះបាទអាំម៉ូនបានប្រព្រឹត្តកាន់តែអាក្រក់ឡើងៗ ។
24ពួករាជបម្រើរបស់ស្តេចបានឃុប​ឃិត​គ្នាប្រឆាំងនឹងស្តេច ហើយធ្វើគុតស្តេចនៅក្នុងព្រះរាជដំណាក់។
25ប៉ុន្តែ ប្រជាជននៅស្រុកនោះបានសម្លាប់អស់អ្នកដែលបានឃុបឃិតគ្នាប្រឆាំងនឹងស្តេចអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀសជាបុត្រឲ្យឡើងស្នងរាជ្យជំនួសវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។